បន្ទាយមានជ័យ ៖ មនុស្ស១២នាក់រងរបួស(របួសធ្ងន់០៦នាក់ ស្រាល០៦នាក់) ត្រូវបានបញ្ជូនភ្លាមៗទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ និងម្នាក់ទៀតបានស្លាប់នៅនឹងកន្លែង ខណ:រថយន្តដឹកជ្រូក ខ្នាតយក្សមួយគ្រឿងជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ធ្លាក់ពីលើស្ពាន ។
ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងនៅវេលាម៉ោង៣និង៤០នាទីល្ងាច ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិ៥៨ ចំណុចស្ពានលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រ លេខ២៣-២៤ ក្នុងភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
យោងតាមសម្តីអ្នកឃើញហេតុការណ៍បាននិយាយថា នៅមុនកើតហេតុគេបានឃើញរថយន្តធុនយក្សមួយគ្រឿង បើកបរយ៉ាងលឿន ក្នុងទិសដៅពីលិចទៅកើត មកដល់ចំណុចកើតហេតុ រថយន្តបានរេទៅបុកនឹងជញ្ជាំងបង្កាន់ដៃស្ពាន រថយន្តបានបុកផ្ទុបខ្លាំងហើយធ្លាក់ពីលើស្ពានទៅខាងក្រោម បណ្តាលអោយអ្នកជិះលើរថយន្តផ្លោង ធ្លាក់រប៉ាត់រប៉ាយរងរបួសធ្ងន់ស្រាល និងខ្លះសង្កត់ជាប់ក្រោមកាប៊ីនរថយន្ត ។
លោក សេស វិបុល អធិការនគរបាលស្រុកអូរជ្រៅ បានអោយដឹងថា អ្នករងរបួសធ្ងន់-ស្រាល ក្នុងហេតុការណ៍នេះមានចំនួន១២នាក់ សមត្ថកិច្ចកំពុងដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យក្រុងប៉ោយប៉ែត ក្នុងនោះស្លាប់ម្នាក់សមត្ថកិច្ចកំពុងទាញចេញពីក្រោមក្បាលរថយន្ត ។
លោក សេស វិបុល បញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ ផ្តើមឡើងដោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ខ្លួនឯង ពាក់ស្លាកលេខ កំពង់ចាម. MA.8759 ជារថយន្តធន់ធ្ងន់ ដែលដឹកទ្រុងជ្រូកពេញ អ្នកស្លាប់ និងអ្នករងរបួសអាចជាកម្មករលើកជ្រូកដាក់រថយន្ត ៕