ជនសង្ស័យម្នាក់បានបន្លំធ្វើជាម្ចាស់ផ្ទះសំណាក់ ទៅគោះទ្វារបន្ទប់ភ្ញៀវសុំសោរថយន្ត ដោយប្រាប់ថាយកទៅរៀបចំចំណត រួចក៍បើកគេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលចន្លោះម៉ោងប្រមាណ៩ដល់១១យប់ ថ្ងៃទី១៧ កញ្ញា ២០២០ នៅផ្ទះសំណាក់យីហោ«មហារុងរឿង» ស្ថិតក្នុងភូមិខ្លាគ្រហឹម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។
រថយន្តដែលបាត់ម៉ាក Rivo ឆ្នាំ២០២០ ពាក់ផ្លាកលេខ ភ្នំពេញ 2BK-4443 ជាកម្មសិទ្ឋិរបស់ម្ចាស់ឈ្មោះ រិន រ៉ាវី ភេទប្រុស អាយុ៣១ ឆ្នាំ រស់នៅភូមិសុភី ឃុំកំពង់ស្វាយ ស្រុកសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ជាភ្ញៀវស្នាក់នៅផ្ទះសំណាក់ខាងលើ ។
ក្រោយកើតហេតុ ជនរងគ្រោះ បានមកដាក់ពាក្យបណ្ដឹង នៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដើម្បីស្រាវជ្រាវរករថយន្តនិងចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់ ៕