ទីបំផុតទៅជនសង្ស័យម្នាក់ដែលបន្លំធ្វើជាម្ចាស់ផ្ទះសំណាក់ ទៅគោះទ្វារបន្ទប់ភ្ញៀវសុំសោរថយន្ត ដោយប្រាប់ថាយកទៅរៀបចំចំណត រួចក៍បើកគេចខ្លួនបាត់ស្រមោលនោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ ។
យ៉ាងណា មកដល់ម៉ោង២និង៤០នាទីរសៀលថ្ងៃទី១៩ កញ្ញានេះ គេនៅមិនទាន់ដឹងថា ការចាប់ខ្លួននេះនៅទីកន្លែងណា និងពេលណានោះទេ ហើយជនសង្ស័យក៍មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយដែរ ។
គួរបញ្ជាក់ថា ហេតុការណ៍ជនសង្ស័យបន្លំខ្លួនធ្វើជាម្ចាស់ផ្ទះសំណាក់ ទៅគោះទ្វារបន្ទប់ភ្ញៀវដោយប្រាប់ថាយកទៅរៀបចំចំណតរថយន្តនេះ បានកើតឡើងចន្លោះម៉ោងប្រមាណ៩ដល់១១យប់ ថ្ងៃទី១៧ កញ្ញា ២០២០ នៅផ្ទះសំណាក់យីហោ«មហារុងរឿង» ស្ថិតក្នុងភូមិខ្លាគ្រហឹម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។
រថយន្តដែលបាត់ម៉ាក Rivo ឆ្នាំ២០២០ ពាក់ផ្លាកលេខ ភ្នំពេញ 2BK-4443 ជាកម្មសិទ្ឋិរបស់ម្ចាស់ឈ្មោះ រិន រ៉ាវី ភេទប្រុស អាយុ៣១ ឆ្នាំ រស់នៅភូមិសុភី ឃុំកំពង់ស្វាយ ស្រុកសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ជាភ្ញៀវស្នាក់នៅផ្ទះសំណាក់ខាងលើ ។
ក្រោយកើតហេតុ ជនរងគ្រោះ បានមកដាក់ពាក្យបណ្ដឹង នៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដើម្បីស្រាវជ្រាវរករថយន្តនិងចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់ ។ មិនដឹងថា មកទល់នឹងវេលាខាងលើនេះដែរ ជនសង្ស័យនឹងត្រូវចាត់ការបែបណានៅឡើយ ហើយរថយន្តក៍មិនទាន់ដឹងថាបានប្រគល់ឲ្យម្ចាស់វិញឬក៍យ៉ាងណាដែរ ៕ ប្រភពចុងក្រោយ គឺជនសង្ស័យត្រូវសមត្ថកិច្ចចាប់បាននៅកោះពេជ្រក្នុងរាជធានីភ្នំពេញ ។