ដូចតាមការគ្រោងទុក នៅថ្ងៃសៅរ៍នេះក្រុមបាតុករថៃបានធ្វើការតវ៉ាទាមទារបណ្តេញលោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ឋ ចាន់អូចា ចេញពីតំណែង និង ធ្វើការកែទម្រង់រដ្ឋធម្មនុញ្ញស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ និងធ្វើកំណែទម្រង់ស្ថាប័នព្រះមហាក្សត្រផងដែរ ។
បើតាមប្រព័ន្ឋផ្សព្វផ្សាយបរទេស ក្រុមបាតុករបានប្រមូលផ្តុំគ្នាតាំងពីម៉ោងជាង៨ព្រឹកថ្ងៃទី១៩ កញ្ញា ២០២០នេះ ហើយពួកគេបាននាំគ្នាស្រែក និងខ្លះលើកបដាដែលមានខ្លឹមសារដេញលោកប្រាយុទ្ឋ និងទាមទារឲ្យមានការកែទម្រង់រដ្ឋធម្មនុញ្ញ ។
នៅម៉ោងប្រមាណ៣រសៀលថ្ងៃសៅរ៍ដដែលនេះ ទោះបីជាមានភ្លៀងធ្លាក់យ៉ាងណាក្តី ក្រុមបាតុករដែលអាជ្ញាធរថៃថាមានប្រមាណ២ម៉ឺននាក់ តែបាតុករថាខ្លួនអ្នកចូលរួមជាង១០ម៉ឺននាក់នោះ បាននាំគ្នាចេញដើរពីសកលវិទ្យាល័យថាម៉ាសាត ដើរសំដៅទៅទីលាន សាណាមលួង ដែលគឺជាទីលានវាលព្រះមេរុ នៅក្បែរព្រះបរមរាជវាំងថៃ និងតុលាការកំពូល។
សេចក្តីរាយការណ៍បានបន្តថា នៅម៉ោងប្រមាណ៥ល្ងាច គឺមានការប្រទាញប្រទង់គ្នា រវាងក្រុមបាតុករ និងប៉ូលិសប្រមាណ២ម៉ឺននាក់ ដោយទីបំផុត ក្រុមបាតុករ បានសម្រុកចូលទៅលើវាលស្មៅ នៃទីលានសាណាមលួង ដោយប៉ូលិសបានដកថយ តែបានដាក់រនាំងចំងាយ១៥០ម៉ែត្រ មិនឲ្យបាតុករចូលក្បែររបងព្រះបរមរាជវាំងទេ។ ក្រុមបាតុករ អាចប្រហែលជានៅក្នុងទីលាននេះ យូរម៉ោងក្នុងវេលាយប់ថ្ងៃសៅរ៍នេះ។
សូមបញ្ជាក់ដែរថា បាតុកម្មនៅថ្ងៃសៅរ៍នេះ គឺជាបាតុកម្មដ៍ធំមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០០៤ ហើយចាប់តាំងពីពួកគេដែលភាគច្រើនជានិស្សិតនិងយុវជនបានធ្វើការតវ៉ាទាមទារឲ្យលោកប្រាយុទ្ឋ ចេញពីអំណាច និង ធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញកាលពីខែ មិថុនា ២០២០មក មានមនុស្សជាង២០នាក់ហើយ ត្រូវបានកងកម្លាំងរដ្ឋាភិបាលចាប់ខ្លួន ។
ប្រភពបន្តថា នៅថ្ងៃអាទិត្យស្អែក ពួកគេក៍នឹងជួបជុំគ្នាតវ៉ាជាថ្មីទៀតនៅមុខវិមានរដ្ឋាភិបាល ស្របពេលដែលអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានចេញប្រកាសសារតូចមួយ ដោយបានលើកឡើងថា « យុវជនថៃធ្វើបាតុកម្មច្រើនសប្តាហ៍មកនេះ គឺដោយសារពួកគេ សម្លឹងឃើញអនាគត គ្មានពន្លឺ គ្មានសិទ្ធិសេរីភាព » ។
តើលោកប្រាយុទ្ឋ ចាន់អូចា អាចនឹងចុះចេញតាមការទាមទាររបស់ក្រុមបាតុករដែរឬទេ ចុះបើនាយករដ្ឋមន្រ្តីដែលចេញពីអំណាចយោធានេះមិនព្រមចេញ ក្រុមបាតុករនិងធ្វើអ្វីទៀត ហើយអ្វីនឹងអាចកើតឡើងអំពីអនាគតប្រទេសថៃ ៕