បាតុករថៃបន្តទាមទារបណ្តេញលោកប្រាយុទ្ឋនិងធ្វើកំណែទម្រង់រដ្ឋ

ដូច​តាម​ការ​គ្រោងទុក នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ ក្រុម​បាតុករ​ថៃ​ដែល​ភាគច្រើន​ជា​និស្សិត​និង​យុវជន​រាប់​ពាន់​នាក់ បាន​បន្ត​ប្រមូលផ្តុំ​គ្នា​តវ៉ា​ទាមទារ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុ​ទ្ឋ ចាន់​អូ​ចា ចុះ​ចេញពី​តំណែង និង ធ្វើ​វិសោធនកម្ម​ច្បាប់រដ្ឋធម្មនុញ្ញ និង​ស្ថាប័ន​ព្រះមហាក្សត្រ ។​

​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ ក្រុម​បាតុករ​បាន​ធ្វើការ​តវ៉ា​ដូច​គ្នា​នេះ​ដោយ​អង្គុយ​និង​ឈរ​ក្រោម​ដំណក់ទឹកភ្លៀង ដោយ​ខ្លះ​ស្រែក ខ្លះ​លើក​បដា និងខ្លះលើកម្រាមដៃ៣ឡើងលើដែល​មាន​អត្ថន័យ «​បណ្តេញ​លោក​ប្រា​យុ​ទ្ឋ ទាមទារ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​និង​កំណែទម្រង់​ស្ថាប័ន​ព្រះមហាក្សត្រ ក៍​ដូច​ជា​ធ្វើ​ឲ្យ​ប្រជាធិបតេយ្យ​មានជីវិត​រស់​ឡើង​វិញ​» ។​

​យ៉ាងណា​ក៍ដោយ ក្រុម​បាតុករ​បាន​ដកថយ​ក្រោយ​ពី​សហ​មេដឹកនាំ​បាតុកម្ម​នៃ​រណសិរ្ស ថា​ម៉ា​សាត​(Thammasat)​តំណាង​ដោយ នាង ប៉ានូ​សា​យ៉ា ស៊ី​ធិ​ជី​រ៉ាវ​ឌ្ឍ​នា​គុល Panusaya Sithijirawattanakul បាន​ជួប​ចរចា​ជាមួយ​ស្នងការ​ប៉ូលិស​ក្រុង​បាងកក​លោក​ឧត្តមសេនីយ៍ ប៉ា​កា​ពុង ពុង​ភី​ត្រា (Pakapong Pongpetra) នា​ព្រឹក​ថ្ងៃអាទិត្យ​នេះ ។​

​លោក​ឧបនាយករដ្ឋមន្ត្រី​ថៃ ប្រា​វី​ដ វង្ស​ស៊ូ​វុន (Prawit Wongsuwon) បាន​ថ្លែងអំណរគុណ​ដល់​ក្រុម​បាតុករ​ចំពោះ​ការ​តវ៉ា​ដោយ​សន្តិវិធី​គ្មាន​អំពើ​ហិង្សា​ចាប់តាំងពី​ថ្ងៃ​សៅរ៍​ម្សិលមិញ ។​

​យ៉ាងណា​ក៍ដោយ ក្រុម​និស្សិត​និង​យុវជន បាន​ប្រកាស​ថា​ខ្លួន​ទទួល​បាន​ជោគជ័យ​ក្រោយ​អាជ្ញាធរ​ថៃ​ទទួលយក​សំណើ​របស់​ពួក​គេ​ក្នុង​ការ​ទាមទារ​ជា​ថ្មី​ទៀត​នៅ​មុខ​រដ្ឋ​សភាជាតិ​ថៃ នា​ថ្ងៃ​ទី​០៤ តុលា ២០២០ ដែល​ជា​ខួប​នៃ​ការ​តវ៉ា​របស់​និស្សិត​កាលពី​ឆ្នាំ​១៩៧៣ និង បាន​កប់​ស្លាក​កាក់​ចំនួន១០ ដែល​មាន​ន័យ​ការ​ទាមទារ​សេរីភាព​ប្រជាធិបតេយ្យ​និង​ការ​កែទម្រង់​រដ្ឋ​របស់​ក្រុម​និស្សិត​និង​យុវជន​ថៃ ៕