បុរស អាយុ៧០ឆ្នាំ ជនជាតិហុងគ្រីម្នាក់ ត្រូវបានក្រសួងសុខាភិបាលប្រកាសថាសង្ស័យផ្ទុកមេរោគកូវីដ១៩ នឹងកំពុងរត់គេចខ្លួន ។
ក្រសួងសុខាភិបាលក៍បានអំពាវនាវដល់ពលរដ្ឋដែលឃើញបុរសខាងលើ សូមផ្តល់ព័ត៌មានមកកាន់សមត្ថកិច្ចជាបន្ទាន់ ដើម្បីទប់ស្កាត់ការរីករាលដាលក្នុងសហគមន៍ ។
យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ទៀតថា ជាជនជាតិហុងគ្រី ស្នាក់នៅភូមិគ្រួស ឃុំស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។ បុរសវ័យ៧០ឆ្នាំរូបនេះ ជាអ្នកធ្វើដំណើរពីប្រទេសបារាំង បន្តជើងហោះហើរតាមប្រទេសកូរ៉េខាងត្បូង បានមកដល់កម្ពុជានៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ហើយ លទ្ធផលតេស្តរបស់គាត់នៅពេលនោះ គឺអវិជ្ជមានវីរុសកូវីដ-១៩ ។
បន្ទាប់មកគាត់ត្រូវបានបន្តធ្វើចត្តាឡីស័កនៅ កន្លែងស្នាក់នៅរបស់តាមអាសយដ្ឋានខាងលើនេះ នៅខេត្តសៀមរាប រហូតដល់ថ្ងៃទី១៣នៃការធ្វើចត្តាឡីស័ក របស់គាត់ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ ការធ្វើតេស្តឡើងវិញក៏បានបង្ហាញលទ្ធផលសង្ស័យថា វិជ្ជមានវីរុសកូវីដ-១៩ ហើយវត្ថុសំណាករបស់គាត់ត្រូវបានបញ្ជូន (មកដល់នៅវេលាយប់ម៉ោងប្រហែលជា១១៖០០យប់ នៃថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០) ធ្វើការវិភាគបញ្ជាក់នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ ហើយការវិភាគរបស់វិទ្យាស្ថាននេះ នឹងធ្វើនៅវេលាព្រឹកនៃថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ រីឯលទ្ធផលរំពឹងថានឹងអាចទទួលបាននៅល្ងាចនៃថ្ងៃដដែល។
ទន្ទឹមនឹងពេលនៃការបញ្ជូនវត្ថុសំណាក និងរង់ចាំការវិភាគបញ្ជាក់លើភាពវិជ្ជមានវីរុសកូវីដ-១៩ ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ ស្រាប់តែក្រុមការងារនៃមន្ទីរសុខាភិបាលខេត្តសៀមរាប មិនអាចទាក់ទងជាមួយបុរសរូបនេះបានឡើយ ដោយបុរសខាងលើនេះ បានរត់គេចចេញពីកន្លែងស្នាក់នៅខាង លើរបស់គាត់បាត់តែម្ដង។ បច្ចុប្បន្នអាជ្ញាធរមានសមត្ថកិច្ចខេត្តសៀមរាប កំពុងព្យាយាមរុករកបុរសជនជាតិ ហុងគ្រីរូបនេះ តែមិនទាន់រកឃើញនៅឡើយទេ។
ប្រសិនបើនៅល្ងាចនៃថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះ លទ្ធផលវិភាគវត្ថុសំណាករបស់គាត់ ពិតជាឃើញ វិជ្ជមានវីរុសកូវីដ-១៩ មែននោះ ស្ថានភាពគេចវេសរបស់គាត់បែបនេះ (តាំងពីម៉ោងប្រហែលជា៩យប់នៃថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២០ រហូតមកទល់ពេលនេះ) នឹងអាចមានហានិភ័យឆ្លងដល់សហគមន៍ បើគាត់ធ្វើដំណើរច្រើន និងជួបមនុស្សច្រើន។ ក្រុមឆ្លើយតបបន្ទាន់ និងធ្វើការស្រាវជ្រាវភ្លាមៗ នៅពេលរកឃើញបុរសនេះ ៕