នៅ៦សប្តាហ៍មុនការបោះឆ្នោតប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានបង្កើតភាពស្រពិចស្រពិលជុំវិញ ការផ្ទេរអំណាចនៅក្រោយការបោះឆ្នោត។ នៅក្នុងសន្និសីទកាសែត នៅសេតវិមាន កាលពីថ្ងៃពុធម្សិលមិញ លោកដូណាល់ ត្រាំ បានបដិសេធមិនសន្យាផ្ទេរអំណាចដោយសន្តិវិធី ក្នុងករណីលោកចាញ់ឆ្នោត នៅថ្ងៃទី៣វិច្ឆិកាខាងមុខ។
ឆ្លើយទៅនឹងសំណួររបស់អ្នកកាសែតម្នាក់ដែលសួរថា តើលោកហ៊ានសន្យាផ្ទេរអំណាច ដោយគ្មានអំពើហិង្សាដែរឬទេ នៅពេលលោកបរាជ័យ ចាញ់គូប្រជែងរបស់លោក គឺលោកចូ បៃដិន។ លោកដូណាល់ ត្រាំបានឆ្លើយវិញថា “គេត្រូវរង់ចាំមើលអ្វីដែលនឹងកើតឡើងសិន” ។
ដោយបដិសេធមិនសន្យាផ្ទេរអំណាចដោយសន្តិវិធី លោកដូណាល់ ត្រាំ ថ្លែងចង់ឲ្យតុលាការកំពូលអាមេរិកជាអ្នកអារកាត់ សេចក្តី នៅក្រោយថ្ងៃបោះឆ្នោត ប្រធានាធិបតី។ លោកដូណាល់ ត្រាំ សន្យាបង្ហាញ នៅថ្ងៃសៅរ៍ខាងមុខ ឈ្មោះបេក្ខជនសម្រាប់តំណែងចៅក្រមតុលាការកំពូល ដែលនៅទំនេរចោល នៅក្រោយមរណភាពរបស់លោកស្រីចៅក្រម ដែលមាននិន្នាការចំរើននិយម Ruth Bader Ginsburg កាលពីថ្ងៃសុក្រសប្តាហ៍មុន។ លោកដូណាល់ ត្រាំ ចង់ឲ្យការរើសបញ្ចូលចៅក្រមអភិរក្សនិយម ម្នាក់ទៀត នៅតុលាការកំពូលអាមេរិក ឲ្យបាននៅមុនថ្ងៃបោះឆ្នោត ថ្ងៃទី៣វិច្ឆិកាខាងមុខ៕