ទីបំផុតទៅ ប្រធានការិយាល័យប្រឆាំងភេរវកម្មក្រសួងមហាផ្ទៃដែលដកកាំភ្លើងអាម៉េបញ្ចូលគ្រាប់ភ្ជង់ថៅកែហាងគុយទាវអង្គរជុំនោះ ត្រូវបានលោកផ្កាយមាស៤ នេត សាវឿន មេប៉ូលិសស្រុកខ្មែរសម្រេចព្យួរការងារ និងបញ្ជូនឲ្យតុលាការចាត់ការតាមច្បាប់ហើយ ។
នេះបើយោងតាមលោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី អគ្គស្នងការរងនគរបាលជាតិដែលថ្លែងប្រាប់ផ្សព្វផ្សាយក្នុងស្រុកកាលពីព្រឹកថ្ងៃទី២៥ កញ្ញានេះ ។
បើតាមលោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី បានគូសបញ្ជាក់ថា ក្រោយពីមានបទបញ្ជាពីលោកនាយឧត្តមសេនីយ៍ នេត សាវឿន នោះរួចមក ថ្នាក់ដឹកនាំបាន ណែនាំឲ្យមានការសម្របសម្រួលជំហានដំបូង ប៉ុន្ដែភាគីជនរងគ្រោះមិនព្រមទទួលការសម្របសម្រួលបញ្ចប់រឿង ជាមួយភាគីជនបង្កដែលជាប្រធានការិយាល័យប្រឆាំងភេរវកម្មនោះទេ ទើបអគ្គស្នងការនគរបាលជាតិ បានទុកជូនតុលាការចាត់វិធានការតាមច្បាប់ និងម្យ៉ាងជនរងគ្រោះក៏បានដាក់ពាក្យទៅកាន់ស្ថាប័នតុលការផងដែរ។
លោកបន្តថា៖ «រហូតមកដល់ពេលនេះ ក្រោយភាគីជនរងគ្រោះមិនទទួលយកនូវការសម្របសម្រួល អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានសម្រេចប្រគល់ជនបង្កឈ្មោះ ថ្លាង ភិនរ៉ា ជូនស្ថាប័នតុលាការ ដើម្បីចាត់ការបន្ដតាមនីតិវិធី»។
ដោយមើលឃើញពីកំហុសឆ្គងរបស់កងកម្លាំង នាយឧត្តមសេនីយ៍ នេត សាវឿន បានណែនាំឲ្យលោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី និងលោកឧត្តមសេនីយ៍ទោ ធូ សារឿន ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ទៅជួបសួរនាំ និងសុំទោសជនរងគ្រោះនូវអ្វីដែលកងកម្លាំងរបស់ខ្លួនបានធ្វើខុសឆ្គងនៅក្នុងហេតុការណ៍នេះ។
គួររំឮកថា ប្រធានការិយាល័យប្រឆាំងភេរវកម្មនៃក្រសួងមហាផ្ទៃ លោក ថ្លាង ភិនរ៉ា ត្រូវបានម្ចាស់ហាងគុយទាវអង្គរជុំសាខាទួលគោក រាជធានីភ្នំពេញ បានដាក់ពាក្យប្តឹងដោយចោទ មន្ត្រីនគរបាលរូបនេះបានដកកាំភ្លើងគំរាមបាញ់សម្លាប់លោក និងភរិយា។
យោងតាមពាក្យបណ្តឹង ហេតុការណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០។ ឈ្មោះ ជុយ សុខហេង ភេទប្រុស អាយុ៥៣ឆ្នាំ ទីលំនៅសព្វថ្ងៃផ្ទះលេខ៩១ ផ្លូវ៥៩២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាម្ចាស់ហាងគុយទាវអង្គរជុំសាខាទួលគោក និងអះអាងថាជាជនរងគ្រោះបានប្ដឹងលោក ថ្លាង ភិនរ៉ា ទៅកាន់ស្ថាប័នចំនួន៣៖
ទី១៖ ប្តឹងទៅកាន់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
ទី២៖ ប្តឹងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ
ទី៣៖ ប្តឹងទៅកាន់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។
ការប្ដឹងនេះបានធ្វើឡើងបន្ទាប់ពីមន្ត្រីនគរបាលខាងលើ បានជេរប្រមាថ និងគំរាមបាញ់សម្លាប់ជនរងគ្រោះ និងភរិយា ដោយដកកាំភ្លើងពីចង្កេះអាមេបញ្ចូលគ្រាប់តម្រង់ ទៅលើជនរងគ្រោះ និងភរិយា ដែលកំពុងហូបអាហារថ្ងៃត្រង់នៅក្នុងហាគុយទាវអង្គរជុំ សាខាទួលគោកផ្ទាល់តែម្ដង។
លោក ជុយ សុខហេង បានរៀបរាប់នៅក្នុងពាក្យបណ្តឹងថា នៅថ្ងៃកើតហេតុថ្ងៃទី២០ ខែកញ្ញា វេលាម៉ោងប្រមាណ ១២ថ្ងៃត្រង់ លោកបានរៀបចំការហូបចុកជុំជាមួយមិត្តភក្តិប្រមាណ៨នាក់ជាលក្ខណៈមិត្តភាព នៅទីតាំងហាងគុយទាវរបស់ខ្លួន ព្រោះមិនមានការបើកលក់នោះទេជាថ្ងៃបុណ្យភ្ជុំ។
លោក សុខហេង រៀបរាប់ទៀតថា លុះការហូបចុកបានមួយសន្ទុះ ក៏លោក ថ្លាង ភិនរ៉ា ដើរចូលកន្លែងហូបចុករបស់លោកដោយមិនមានការអញ្ជើញនោះឡើយ តែដោយសារធ្លាប់ស្គាល់គ្នាទើបអ្នករួមតុអនុញ្ញាតឱ្យលោក ថ្លាង ភិនរ៉ា រួមតុតែម្តង។
លោក សុខហេង បន្តថា ការហូបចុកបានបន្តរហូតដល់ម៉ោងប្រមាណ២រសៀល មិត្តភក្តិមួយចំនួនបានត្រឡប់ទៅផ្ទះអស់ នៅសល់មនុស្សប្រមាណតែ៥នាក់ប៉ុណ្ណោះ រួមមានរូបលោក និងភរិយាផង អង្គុយហូបចុកមួយតុរួមគ្នា។ ពេលនោះលោក ថ្លាង ភិនរ៉ា ដែលមានអាការៈស្រវឹងស្រាផងនោះ ក៏បានចាប់ផ្តើមប្រើពាក្យសម្តីព្រមានពីការបិទហាង ឬដាក់នគរបាលចាំត្រួតពិនិត្យជាតិអាល់កុលនៅមុខហាងគុយទាវជាដើម។ មិនត្រឹមតែប៉ុណ្ណោះ លោក ថ្លាង ភិនរ៉ា ថែមទាំងបានអួតអាងថា ខ្លួនអាចទូរស័ព្ទទៅនាយឧត្តមសេនីយ៍ ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ឱ្យបិទហាងគុយទាវអង្គរជុំពេលណាក៏បានថែមទៀតផង។
នៅក្នុងពាក្យបណ្តឹងលោក សុខហេង បានរៀបរាប់ថា ក្រោយមានការលើកឡើងបែបនេះ លោកក៏បានតមាត់ទៅវិញថា ហាងរបស់លោកលក់គុយទាវ កាហ្វេ មិនបានលក់គ្រឿងញៀនអីនោះទេ ហេតុអ្វីក៏ចង់បិទហាងរបស់លោក។
បើតាមការរៀបរាប់របស់លោក សុខហេង ក្រោយពីប៉ះសម្តីគ្នាបែបនេះ លោក ថ្លាង ភិនរ៉ា ប្រធានការិយាល័យប្រឆាំងភេរវកម្មក្រសួងមហាផ្ទៃ បានដកកាំភ្លើងពីចង្កេះរួចអាមេបញ្ចូលគ្រាប់ភ្ជង់ទៅលើរូបលោក និងភរិយា។ លោក សុខហេង បានបន្តថា មិនត្រឹមតែបានដកកាំភ្លើងមកភ្ជង់នោះទេ លោក ភិនរ៉ា បានប្រើសម្តីធ្ងន់ៗគំរាមសម្លាប់រូបលោក និងភរិយាថែមទៀតផង។
ក្នុងពាក្យបណ្ដឹងដដែលនេះជនរងគ្រោះបានទាមទារសំណងជំងឺចិត្ត ១០ម៉ឺនដុល្លារអាមេរិក និងបានស្នើសូមឲ្យច្បាប់ផ្តន្ទាទោសលើមន្ត្រីនគរបាលនោះធ្ងន់ធ្ងរជាទីបំផុត មិនអាចលើកលែងបាន ៕