ទីបំផុតទៅសំណុំរឿងឃាតកម្មសម្លាប់ថៅកែជនជាតិចិន នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ រួចយកសាក សពច្រកក្នុងថង់ខ្មៅ ដាក់ចូលវ៉ាលីទៅទម្លាក់ចោល នៅខេត្តកំពង់ស្ពឺ ត្រូវកម្លាំងនគរបាល ស្រាវជ្រាវ និងបំបែកបានដោយជោគជ័យ ឈានដល់ការចាប់ខ្លួនជនដៃដល់ ដែលជាកូនចៅរបស់ជនរងគ្រោះ នៅថ្ងៃទី២៥ កញ្ញា ២០២០នេះ។
បើតាម Fresh News កាលពីថ្ងៃទី២៣ កញ្ញា ២០២០ នៅចំណុចចន្លោះគីទ្បូម៉ែត្រលេខ១០៤ -១០៥ ផ្លូវជាតិ លេខ ៤ ស្ថិតនៅក្នុងភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានជនសង្ស័យម្នាក់ជិះរថយន្តម៉ាក ហាយទ្បែនឌឺ ពណ៌ស មិនចាំស្លាកលេខ បានមកឈប់នៅចំណុចខាងលើ ហើយបានយកវ៉ាលីពណ៌ខ្មៅមួយ ចេញពីកូថរថយន្តទម្លាក់ទៅជ្រោះ រួចជនសង្ស័យនោះក៏បើករថយន្តគេចខ្លួនមកតាមផ្លូវជាតិលេខ៤ ឆ្ពោះមក ភ្នំពេញ។
តាមការពិនិត្យរបស់នគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ និងគ្រូពេទ្យកោសល្យវិច្ច័យ សាកសពមាន ស្នាមវាយបែកក្បាលផ្នែកខាងក្រោយ និងស្នាមរបួសកស្តាំ និងឆ្វេង។
លុះនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ធ្វើការស្រាវជ្រាវរហូតឈានទៅដល់ការឃាត់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះ Wu Hong អាយុ៤៨ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ E06258381 ជាបុគ្គលិកក្រុមហ៊ុន Bai Lirun Invesment Cambodia Co.,LTD។
ជនសង្ស័យបានសារភាពថា កាលពីវេលាម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ជនសង្ស័យពិតជា បានធ្វើសកម្មភាពវាយនឹងញញួរ ចំនួន៥ញញួរ ហើយចាក់មួយកំបិតចំបំពង់ក ទៅលើជនរងគ្រោះឈ្មោះ Zhnag Bing អាយុ៤៥ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EG 0251671 ជាថៅកែក្រុមហ៊ុន Bai Lirun Invesment Cambodia Co.,LTD រហូតដល់ស្លាប់ប្រាកដមែន មូលហេតុដោយសារ តែខឹងជនរងគ្រោះ តែងតែជេស្តីបន្ទោសមកលើខ្លួន ហើយខ្លួនក៏មានគំនុំគំគួនរហូតឈានទៅដល់សម្លាប់តែម្តង។
ក្រោយពីធ្វើសកម្មភាពសម្លាប់រួចហើយ ខ្លួនបានរៀបចំសាកសពដាក់ក្នុងវ៉ាលីពណ៌ខ្មៅមួយ ដឹកតាមរថយន្តមួយគ្រឿងម៉ាក ហាយទ្បែនឌ័រ យកទៅទម្លាក់ចោលនៅផ្លូវជាតិលេខ ៤ ហួសកន្លែងយាយម៉ៅ (ភ្នំពេជ្រនិល) ចម្ងាយប្រហែល ២ទៅ៣គីទ្បូ រួចក៏បើករថយន្តមកភ្នំពេញវិញ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។
នៅពេលនេះ ជនសង្ស័ួដែលសមត្ថកិច្ចចាប់ខ្លួននៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់៕