ហ្វាំងឡង់ ៖ ពូជឆ្កែ Sniffer គឺជាសត្វសុនខ ដែលគេធ្លាប់ស្គាល់នៅព្រលានយន្តហោះពាសពេញពិភពលោក ដែលភ្នាក់ងារប៉ូលិសព្រំដែន ឫមន្ត្រីគយ ប្រើវាដើម្បីហិតរកគ្រឿងផ្ទុះ គ្រឿងញៀន និងវត្ថុខុសច្បាប់ជាដើម ។
ឥឡូវនេះ ពូជសត្វឆ្កែមួយប្រភេទនេះ គេកំពុងសាកល្បងប្រើពួកវា អោយហិតរក វត្តមានវីរុសកូវីដ-១៩ នៅក្នុងខ្លួនអ្នកដំណើរ ដែលផ្ទុកជំងឺនេះ ដោយមិនទាន់ចេញរោគសញ្ញា ។
សត្វឆ្កែដែលត្រូវបានបណ្តុះបណ្តាលយ៉ាងពិសេស បានចាប់ផ្តើមក្នុងសប្តាហ៍នេះ ដោយឲ្យពួកវាហិតរកវីរុស Covid-19 ក្នុងខ្លួនអ្នកដំណើរ នៅអាកាសយានដ្ឋាន Helsinki-Vantaa របស់ប្រទេសហ្វាំងឡង់ ។
ក្រុមអ្នកស្ម័គ្រចិត្តជាគ្រូបង្វឹកចំនួន១០នាក់ កំពុងបណ្តុះបណ្តាលសត្វឆ្កែចំនួន ១៥ក្បាល សម្រាប់ការសាកល្បងលើកដំបូងនេះ ។
លោក Anna Hielm-Bjorkman សាស្ត្រាចារ្យ នៃសាកលវិទ្យាល័យ ហែលស៊ីនគី ដែលដឺកនាំការសាកល្បងនេះ បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា សត្វឆ្កែវាអាចរកឃើញវីរុស នៅក្នុងខ្លួនមនុស្ស ក្នុងរយៈពេលប្រាំថ្ងៃ មុនពេលពួកគេវិវត្តចេញជារោគសញ្ញា ។
លោកបន្តថា “ពួកវា ពូកែណាស់ ក្នុងការស្វែងរកឃើញមេរោគឆ្លងនេះ ។ យើងជិតទទួលបានជោគជ័យ ១០០ភាគរយហើយ ក្នុងការសាកល្បងលើកដំបូងនេះ” ។
អ្នកដំណើរត្រូវជូតករបស់ពួកគេ ជាមួយក្រណាត់ បន្ទាប់មកដាក់ក្នុងកំប៉ុង ហើយដាក់នៅមុខសត្វឆ្កែ ដើម្បីឲ្យពួកវាហិត ។ ការធ្វើតេស្តិ៍ អាចផ្តល់លទ្ធផល ក្នុងរយៈពេលប៉ុន្មាននាទី ។
ថ្វីបើការសាកល្បងឲ្យឆ្កែហិតក្លិននេះ បានបង្ហាញលទ្ធផលភ្លាមៗក្តី ប៉ុន្តែចាំបាច់ត្រូវតែធ្វើការស្រាវជ្រាវបន្ថែមទៀត ដោយអ្នកដំណើរទាំងអស់នេះ ត្រូវបានណែនាំឱ្យយក វត្ថសំណាក ទៅពិនិត្យម្តងទៀត ដើម្បីបញ្ជាក់ពីប្រសិទ្ធភាព នៃការធ្វើតេស្ត ឲ្យកាន់តែច្បាស់លាស់ ៕