បុរសម្នាក់ត្រូវបានកងកម្លាំងនគរបាលខេត្តព្រះវិហារ សហការជាមួយកម្លាំងយោធា(ក.២) កងពលតូចអន្តរាគមន៍លេខ៨ ចាប់ខ្លួនក្រោយ ជននោះត្រូវបានសមត្ថកិច្ចអះអាងថាជាជនសង្ស័យសម្លាប់ប្រពន្ឋរួចយកសពទៅកប់ក្រោយផ្ទះបំបិទភស្តុតាង ។
ជនសង្ស័យជាប្តី ដែលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ ស៊ិន ស៊ឹម អាយុ៥២ឆ្នាំ ជាមន្ត្រីយោធាបម្រើការងារនៅអង្គភាពវរៈអន្តរាគមន៍លេខ ៣៨២ នៃកងពលតូចអន្តរាគមន៍លេខ៨។ ចំណែកជនរងគ្រោះជាប្រពន្ធឈ្មោះ ហួយ ផល្លា អាយុ៥៥ឆ្នាំមុខរបរមេផ្ទះ រស់នៅភូមិស្ទឹងខៀវតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
បើតាមសមត្ថកិច្ច ជនរងគ្រោះជាប្រពន្ធត្រូវប្តីសម្លាប់ កាលពីយប់ថ្ងៃទី១៧ កញ្ញា ២០២០ហើយបានយកទៅកប់ក្រោយផ្ទះនៅព្រលប់ថ្ងៃទី១៨ កញ្ញា ២០២០ ដើម្បីបំបិទភស្តុតាង ហើយការបែកធ្លាយរឿងបាត់ស្ត្រីជនរងគ្រោះនេះ គឺដោយសារកូនទូរស័ព្ទអត់ចូល ហើយក៏ទូរស័ព្ទសួរជនសង្ស័យជាឪពុក តែជនសង្ស័យឆ្លើយបែបអត់ដឹងរឿងថា មិនដឹងទៅណាទេបាត់ខ្លួន២-៣ថ្ងៃហើយ។ បន្ទាប់ពីព័ត៌មាននៃការបាត់ខ្លួនជនរងគ្រោះ ដោយមិនដឹងមូលហេតុ លោកមេភូមិស្ទឹងខៀវតេជោ ក៏បានរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗ សមត្ថកិច្ចក៏បានបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់និងឈានទៅឃាត់ខ្លួននៅថ្ងៃទី២៤ កញ្ញានេះ។
ជនសង្ស័យជាប្តី បានសារភាពនៅចំពោះមុខសមត្ថកិច្ចថា ខ្លួនពិតជាបានសម្លាប់ប្រពន្ធពិតប្រាកដមែន គឺសម្លាប់ដោយបោកក្បាលនឹងឥដ្ឋការ៉ូ ដោយសារខឹងប្រពន្ធរកកាប់ខ្លួន។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលស្រុកជាំក្សាន្ត កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕