ម្ចាស់តាក់ស៊ីនិងអ្នករត់តុតុដែលដឹកបុរសជនជាតិហុងគ្រីផ្ទុកកូវីដ១៩ កំពុងត្រូវតាមរក

បុរស​ជនជាតិ​ហុង​គ្រី​ដែល​រត់គេច​ពី​ការ​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក ត្រូវ​បាន​រក​ឃើញ​នៅ​ម៉ោង​៩​ព្រឹក​មិ​ញ​និង​ល​ទ្ឋ​ផល​ធ្វើតេស្ត​លើក​ទី​២ រក​ឃើញ​ថា​មាន​ផ្ទុកមេរោគ​កូ​វី​ដ​១៩​ប្រាកដ​មែន ។​

​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​បន្ទាន់​របស់​ក្រសួងសុខាភិបាល នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២០​នេះ បាន​បញ្ជាក់​ថា បច្ចុប្បន្ន​បុរស​ជនជាតិ​ហុង​គ្រី ដែល​រក​ឃើញ​ផ្ទុក​វីរុស​កូ​វិ​ដ​១៩​នេះ កំពុង​ដាក់​ឲ្យ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប រួចរាល់​ផង​ដែរ ខណៈ​ក្រុមការងារ​សុខាភិបាល កំពុង​បន្ត​ស្រាវជ្រាវ​រក​អ្នក​ដែល​ប៉ះពាល់ ជាមួយ​បុរស​ជនជាតិ​ហុង​គ្រី​នេះ បន្ត​ទៀត​។​

​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​កិច្ចសហការ​ខិតខំ​ស្វែងរក​ដោយ​អាជ្ញាធរ និង​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប បុរស​ជនជាតិ​ហុង​គ្រី​រូប​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​វេលា​ម៉ោង​ប្រហែល​ជាង​៩​ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២០ ដោយ​គាត់​បាន​ស​ង្ងំ​នៅ​ក្នុងផ្ទះ​វីឡា​មួយ ក្នុង​បុរី​អា​ថែ​ន ភូមិ​គ្រួ​ស ឃុំ​ស្វាយ​ដង្គុំ ក្រុង​សៀមរាប ហើយ​ក្រុម​គ្រូពេទ្យ​បាន​ទៅ​ដឹក​យក​គាត់ និង​ភរិយា (​មិន​មានកូន និង​មិន​មាន​អ្នក​ផ្សេង​នៅ​ជាមួយ​ឡើយ​) មក​ដាក់​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តសៀមរាប​រួចរាល់​ហើយ​ដែរ​។​

​ព័ត៌មាន​ដែល​ក្រសួង​ទទួល​បាន​នៅ​ព្រឹក​នេះ គឺ​ក្រោយ​ពី​បុរស​ជនជាតិ​ហុង​គ្រី​ខាងលើ​នេះ ចាក​ចេញពី​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២០ ឆ្ពោះទៅ​ខេត្តសៀមរាប​នោះ គាត់​បាន​ទៅ​ម៉ៅ​តាក់ស៊ី​មួយ​ជិះ​ម្នាក់ឯង (​ឈប់​ចាក់​ប្រេង​តែ​ម្តង​គត់​នៅ​តាម​ផ្លូវ​) ដោយ​មិន​បាន​ជួប ឬ​ប៉ះពាល់​អ្នក​ណា​ទាំងអស់ ក្រៅ​តែ​ពី​ជិះ​តាក់ស៊ី​នេះ​ទេ​។​

​ពេល​មក​ដល់​ខេត្តសៀមរាប គាត់​នៅ​ស​ង្ខំ​ធ្វើការ​ក្នុងផ្ទះ ដោយ​គាត់​ជា​បណ្ឌិត​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច (​សរសេរ​សៀវភៅ​) មាន​តែ​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២០ មួយ​ថ្ងៃ​គត់ ដែល​គាត់​ចេញ​ទៅ​ទិញ​ផ្ទាំងគំនូរ​ដោយ​ជិះ​ម៉ូតូ​កង់​បី (​តុ​តុ​) នៅ​គ្រឹះស្ថាន​អង្គរ​ក្រុង​សៀមរាប រួច​ក៏​ត្រឡប់​មក​ផ្ទះ​គាត់​វិញ​។ រីឯ​ភរិយា​គាត់ ដោយសារ​មាន​ម្ហូបអាហារ​ជា​ច្រើន​ក្នុងផ្ទះ​ស្រាប់ ស្ត្រី​រូប​នេះ ក៏​មិន​បាន​ចេញ​ទៅ​ណា​ដែរ គឺ​បាន​ចេញ​ទៅ​ផ្សារ​តែ​ម្តង​គត់​ប៉ុណ្ណោះ តែ​ពួក​គាត់​មានការ​អនុវត្ត​នូវ​វិធានការ​ការពារ ដោយ​បាន​ពាក់​ម៉ាស់​ពេល​ទៅ​កាន់​ទីកន្លែង​ដូច​បាន​ជម្រាប​ជូន​ខាងលើ​។ ចំណែកឯ​ការ​រស់នៅ​របស់​គាត់ គឺ​មិន​មាន​អ្នក​ផ្សេង​មក​ប៉ះពាល់​នោះ​ឡើយ​។​

​ក្រសួងសុខាភិបាល​បញ្ជាក់​ថា បច្ចុប្បន្ន​ក្រុមការងារ​ឆ្លើយ​តប​បន្ទាន់ នៃ​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប និង​នៃ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​របស់​ក្រសួងសុខាភិបាល ដោយ​សហការ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក និង​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺឆ្លង​សហរដ្ឋអាមេរិក កំពុង​បន្ត​ធ្វើ​កិច្ចការ​ចាំបាច់​ៗ សម្រាប់​ការ​ស្រាវជ្រាវ​រក​អ្នក​ប៉ះពាល់​ជា​បន្ត​ទៀត ហើយ​ក្រសួង​នឹង​បន្ត​ជូន​ព័ត៌មាន​ដល់​សាធារណជន​នូវ​កា​រវិ​វត្ត ឬ​ហេតុការណ៍​មិន​ប្រក្រតី​ណាមួយ ប្រសិនបើ​មាន ពាក់ព័ន្ធ​ទៅ​នឹង​ករ​ណ៏​ខាងលើ​នេះ ។

គិតត្រឹមម៉ោង ១២៖០០ថ្ងៃត្រង់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះ នៅកម្ពុជាបានរកឃើញអ្នកមានវីរុសកូដ-១៩ មានចំនួនសរុប២៧៦នាក់ ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេសមានចំនួន ២៧៤នាក់ និងអ្នកកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន០១នាក់ និងនៅមន្ទីរ​ពេទ្យខេត្តសៀមរាប ចំនួន ០១នាក់៕