រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនជីបម៉ុងលែន ដែលជាម្ចាស់ទីតាំងទីក្រុងរណបហ្គ្រេនភ្នំពេញ បានច្រានចោលការលើកឡើងរបស់ប្រជាពលរដ្ឋ ដែលថា ក្រុមហ៊ុនមានការគំរាមកំហែងដោយអាវុធ ក្រោយពីពួកគេតវ៉ាទាមទារកុំឲ្យក្រុមហ៊ុនលុបស្រះទឹក តាមប្លង់មេ ។
ក្រុមហ៊ុនបានបញ្ជាក់បែបនេះ ក្រោយពីប្រជាពលរដ្ឋមួយដែលរស់នៅក្នុងទីក្រុងរណបហ្គ្រេនភ្នំពេញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានអះអាងថា ពួកគេបានរងនូវការគំរាមកំហែងដោយអាវុធ បន្ទាប់ពីបានធ្វើសកម្មភាពតវ៉ា កុំឱ្យមានការលុបស្រះទឹកទំហំ ១០ហិកតា (423mX245m) ក្នុងតំបន់នោះ ។
សូមរម្លឹកថា ប្រជាពលរដ្ឋរស់នៅទីកក្រុងរណហ្គ្រេនភ្នំពេញប្រមាណ១៤០នាក់ ក៏បានស្នើក្រសួងរៀបចំដែនដី ក្រសួងបរិស្ថាន និងរដ្ឋបាលរាជធានីភ្នំពេញ ជួយអន្តរាគមន៍រក្សាទុក និងទប់ស្កាត់ការលុបស្រះទឹកនេះដែរ កាលពីថ្ងៃទី២២ ខែកញ្ញា ។
កាលពីល្ងាចថ្ងៃចន្ទ ប្រជាពលរដ្ឋ បានឱ្យដឹងថា កម្លាំងនគរបាល និងកងរាជអាវុធហត្ថខណ្ឌសែនសុខ ដែលប្រដាប់ដោយអាវុធប្រមាណ៣០នាក់ បានដើរដកហូត និងហែកបដា ដែលប្រជាពលរដ្ឋបានចងនៅតាមរបងផ្ទះ ។
អ្នកស្រី ពរ ពន្ធណារាយ ជាប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងរណបហ្គ្រេនភ្នំពេញ បានចាត់ទុកការដាក់កម្លាំងប្រដាប់ដោយអាវុធ ចុះមកដកហូតបដានេះថា ជាការគំរាមកំហែង និងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋដែលតវ៉ា ។
អ្នកស្រី ប្រាប់ថា ខ្ញុំជាប្រជាពលរដ្ឋរស់នៅក្នុងហ្នឹង ហើយគាត់អត់មានបានមកសួរផងហ្នឹង ។ គាត់មកដល់ គាត់ចាប់ហែកហើយនិយាយបំភ្លើស ។ ខ្ញុំពិតជាសោកស្តាយមែន ដែលទិញផ្ទះនេះ រស់នៅជាង១០ឆ្នាំហើយ មិនដែលមានបញ្ហាបែបនេះទេ ទើបតែក្រុមហ៊ុនថ្មីជីបម៉ុង មកធ្វើចឹង មកបំភិតបំភ័យ អ្នកដែលរស់នៅពីមុន អត់ល្អសោះតែម្តង ខ្ញុំអត់គាំទ្រទេ ដែលក្រុមហ៊ុនថ្មីធ្វើចឹង ។
ក្រុមហ៊ុន ជីប ម៉ុង លែន ក៏បានថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងស្រុក កាលពីថ្ងៃអង្គារនេះថា ក្រុមហ៊ុនពុំបានគំរាមកំហែងដោយអាវុធទៅប្រជាពលរដ្ឋដែលតវ៉ានោះទេ គឺមានតែបង្កើនការការពារសន្តិសុខជូនប្រជាពលរដ្ឋ ខណៈដែលពួកគាត់បានទិញផ្ទះរបស់ក្រុមហ៊ុន ។
ក្រុមហ៊ុនបានបញ្ជាក់ថា ការចោទប្រកាន់ក្រុមហ៊ុនថា គំរាមកំហែងវាប្រាស់ចាកពីការពិត ក្រុមហ៊ុនមានតែបង្កើនការការពារ ដាក់សន្តិសុខឱ្យច្រើន មើលការចេញចូលហើយហ្នឹង ទុកឲ្យពួកគាត់ធ្វើអ្វីដែលពួកគិតថា ធ្វើទៅតាមសិទ្ធរបស់ពួកគាត់សិនចុះ ពីព្រោះ យើងអត់ចង់ប៉ះពារជាមួយអ្នកតវ៉ា ។
ក្រុមហ៊ុន បានបន្ថែមថា យើងគ្រាន់តែបានរឹតបណ្តឹងសុវត្ថិភាពខាងក្រុមហ៊ុន ជៀសវាងការចេញចូលរញ៉េរញ៉ៃ ដែលកន្លងមក មាន ការបើកដៃ ឲ្យអ្នកក្រៅចេញចូលថតនេះថតនោះ បង្កើតជាព័ត៌មានបំភ្លើសមួយចំនួន ។
ក្រុមហ៊ុនជីប ម៉ុង លែន បានបញ្ជាក់ដែរថា ក្រុមហ៊ុននៅតែរក្សាជំហរអភិវឌ្ឍន៍ស្រះទឹកនោះ បើទោះជាប្រជាពលរដ្ឋមួយចំនួនតវ៉ាក៏ដោយ ព្រោះស្រះទឹកនោះ បានបម្រើផលប្រយោជន៍តិចណាស់ សម្រាប់ពលរដ្ឋដែលរស់នៅក្បែរនោះ ។ ក្រុមហ៊ុន គ្រោងនឹងកែប្រែស្រះទឹកនេះ ឱ្យក្លាយទៅជាសួនឧទ្យានបៃតង ចម្រុះដោយមានដើមឈើជាច្រើន កន្លែងហាត់ប្រាណ កន្លែងលេងសម្រាប់កុមារ និងទីតាំងសម្រាប់លំហែអារម្មណ៍ ដោយមានកន្លែងបាញ់ទឹក ហៅថា គម្រោង “Central Park” ។
ដោយឡែក រដ្ឋបាលរាជធានីភ្នំពេញ កាលពីល្ងាច ថ្ងៃទី២៨ កញ្ញា ២០២០នេះ បានចេញសេចក្តីជូនដំណឹងមួយឆ្លើយតបនឹងការស្នើនេះថា រដ្ឋបាលរាជធានីភ្នំពេញ ពុំមានមូលដ្ឋានច្បាប់គ្រប់គ្រាន់ក្នុងការទប់ស្កាត់ការលុបស្រះទឹកនោះឡើយ ។
រដ្ឋបាលរាជធានីភ្នំពេញ បន្តថា តាមការចុះស្រាវជ្រាវ និងពិនិត្យឯកសារពាក់ព័ន្ធ គឺស្រះទឹកនោះ ជាកម្មសិទ្ធិរបស់ លោកឧកញ៉ា លាង ឃុន និង លោកឧកញ៉ា លាង ម៉េង ដែលបានទិញពីក្រុមហ៊ុន វ៉ាយ អិល ភី គ្រុប ។
ការអន្តរគមន៍រក្សាទុក និងទប់ស្កាត់ការលុបស្រះទឹក ខាងលើរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្លាយជាទង្វើរំលោភមាត្រា៨៥ និងមាត្រា៨៨ នៃច្បាប់ភូមិបាល ហេតុដូច្នេះ រដ្ឋបាលរាជធានីភ្នំពេញ ពុំមានមូលដ្ឋានច្បាប់គ្រប់គ្រាន់ ក្នុងការអន្តរាគមន៍រក្សាទុក និងទប់ស្កាត់បានឡើយ ៕