មន្ត្រីជំនាញពាក់ព័ន្ឋ ពិសេសក្រសួងបរិស្ថានបានប្រកាសថាខ្លួន កំពុងធ្វើការស៊ើបអង្កេតស្វែងរកជនខិលខូច ដែលលួចបោះបង្គោលនៅលើដីរដ្ឋដោយខុសច្បាប់ នៅតំបន់ដែនជម្រកសត្វព្រៃកែវសីមា ស្ថិតនៅចំណុចភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររ៉ាង ខេត្តមណ្ឌលគិរី ។
នេះបើតាម FN ដែលស្រង់ប្រសាសន៍របស់អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ចុះផ្សាយនៅថ្ងៃទី០៥ តុលា ២០២០នេះ ។
បើតាមលោករដ្ឋលេខាធិការក្រសួងបរិស្ថានផងនោះបានបញ្ជាក់ថា ក្រសួងបានខិតខំពង្រឹងវិធានការច្បាប់ការពារតំបន់ការពារធម្មជាតិ និងអភិរក្សធនធានធម្មជាតិ ក៏ដូចជាព្រៃឈើ សត្វព្រៃ និងសម្បត្តិធម្មជាតិផ្សេងៗទៀត ដើម្បីជាផលជាប្រយោជន៍រួមសម្រាប់ មនុស្សជាតិទាំងមូលផងដែរ។
យ៉ាងណាលោកថា បើទោះជាក្រសួងបានខិតខំទប់ស្កាត់ រាល់បទល្មើសធនធានធម្មជាតិ និងការទន្ទ្រានដីរដ្ឋ ក៏ប៉ុន្តែនៅតែមានជនខិលខូចមួយចំនួនបានឆ្លៀតឱកាសលួចបោះបង្គោលរបង ដើម្បីទន្ទ្រានកាន់កាប់ដីរដ្ឋ និងដីតំបន់ការពារធម្មជាតិ ជម្រកសត្វព្រៃដោយខុសច្បាប់ផងដែរ ។ ជាក់ស្តែងករណីនេះ ក្រសួងនឹងចាត់វិធានការផ្លូវច្បាប់លើជនទាំងនោះដោយមិនលើកលែងឡើយ ។
សូមបញ្ជាក់ថា មកទល់នឹងព្រឹកថ្ងៃចន្ទនេះ សំណុំរឿងការទន្ទ្រានកាន់កាប់ដីតំបន់អភិរក្សដែនជម្រកសត្វព្រៃសីមា ទើបតែឃើញមានចៅហ្វាយស្រុកកែវសីមា លោក ស៊ិន វណ្ណវុឌ្ឍ មួយទេ ដែលត្រូវបានដកតំណែងឲ្យមកបំពេញការងារនៅក្រសួងមហាផ្ទៃ ក្រៅពីនោះគ្រាន់តែឮថាមានមន្ត្រីក្រាក់ៗផ្សេងៗមួយចំនួនត្រូវទទួលរងការពិន័យខាងរដ្ឋបាល តែមិនទាន់ត្រូវបានគេបង្ហាញឈ្មោះជាផ្លូវការនៅឡើយទេ ។
ក្រុមអ្នកតាមដានសង្គមបានលើកឡើងថា សំណុំរឿងការទន្ទ្រានកាន់កាប់ដីខុសច្បាប់និងករណីទំនាស់ដីធ្លីនៅខេត្តមណ្ឌលគិរី មិនមែនជារឿងតូចតាចទេ ព្រោះសូម្បីតែលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៍បានប្រកាសជាសាធារណៈថាលោកពិបាកក្នុងការដោះស្រាយបញ្ហាអ្នកធំៗទៅដណ្តើមដីគ្នានៅមណ្ឌលគិរី រហូតដល់លោកបង្កើតគណៈកម្មការមួយចុះពិនិត្យនិងស្រាវជ្រាវសំណុំរឿងនេះ ។
ក្រុមអ្នកតាមដានបានដាក់ជាចម្ងល់ដោយមិនជឿថា អាំងដំរីប៉ុនណាណីលើចង្ក្រានមើលមិនឃើញនោះទេ ឬ ក៍ប្រើពា្យមួយទៀត«ខ្លាស៊ីគោ មើលមិនឃើញ តែបើឆ្មារស៊ីត្រីអាំង វ៉ៃទាល់តែងាប់» ៕