ចៅក្រមស៊ើបសួរសាលាដំបូងខេត្តមណ្ឌលគិរីបង្គាប់ឲ្យឃុំខ្លួនប៉ូលិសផ្កាយ២ម្នាក់

អនុប្រធាន​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំដែន​គោក លោក​ឧត្តមសេនីយ៍ទោ ពៅ សុធា​រ៉ា​ន់ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តមណ្ឌលគិរី ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​បណ្តោះអាសន្ន​ពាក់​ព័​ន្ឋ​នឹង​បទល្មើស​ព្រៃឈើ ។​

​បើ​តាម​ដីកា​ដែល​ចេញ​ដោយ​លោក​ចៅក្រម ញាណ សុវណ្ណ បាន​បញ្ជាក់​ថា ជន​ត្រូវ​ចោទ ឈ្មោះ ពៅ សុធា​រ៉ា​ន់ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅផ្ទះ​លេខ​C25 សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ មុខរបរ អនុប្រធាន​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំដែន​គោក ឋានៈ ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២)​។​

​ដីកា​សម្រេច​ឲ្យ​ឃុំខ្លួន​បណ្តោះអាសន្ន​លេខ​២៤៦ ចុះ​ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​២០២០ របស់​ចៅ​ក្រុម​ស៊ើបសួរ​សាលាដំបូង​ខេត្តមណ្ឌលគិរី សម្រេច​ចោទប្រកាន់​ឈ្មោះ ពៅ សុធា​រ៉ា​ន់ ពី​បទៈ «​កាប់​គាស់​រុករាន​ដី​ព្រៃ ឆ្ការ​ដុត និង​ឈូស​ឆាយដី​ព្រៃ​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​» ប្រព្រឹត្ត​នៅ​ចំណុច​ភ្នំរ​ហាំ​ង ស្ថិត​នៅ​ភូមិ​ពូ​ឆប ឃុំ​ដាក់​ដាំ ស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី កាលពី​ថ្ងៃ​ទី​០៩ ខែកញ្ញា ឆ្នាំ​២០២០ បទល្មើស​ព្រហ្មទណ្ឌ​មាន​ចែង និង​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​៦២ ចំណុច​១ និង​មាត្រា​៥៦ ចំណុច​៤ នៃ​ច្បាប់​ស្តី​ពី តំបន់ការពារធម្មជាតិ ។​

​នៅ​ម៉ោង​៣​និង​០៧​នាទី​រសៀល​ថ្ងៃ​ទី​០៥ តុលា ២០២០​នេះ «​អង្រុត​» មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​តប ឬ​សុំ​ការ​បញ្ជាក់​បន្ថែម​បាន​ទេពី​លោក ពៅ សុធា​រ៉ា​ន់ ក៍​ដូច​ជា​អ្នកនាំពាក្យ​រដ្ឋបាល​សាលាខេត្ត​មណ្ឌលគិរី ៕