ជនជាតិនីហ្សេរីយ៉ា២នាក់ និងខ្មែរម្នាក់ ត្រូវបាននគរបាលចាប់ខ្លួន ពាក់ព័ន្ធករណីឆបោកប្រាក់តាម Facebook ក្រោមរូបភាពលួងលោមស្រលាញ់ និងផ្ញើសម្ភារប្រើប្រាស់ពីបរទេសមកឲ្យជនរងគ្រោះនៅខ្មែរ ប៉ុន្ដែទាមទារឲ្យបង់ថ្លៃសេវាផ្ញើទើបអាចទទួលសម្ភារនោះបាន។
ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ ក្រោមការចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ទើបកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ក្រោយទទួលបានបទបញ្ជា កម្លាំងជំនាញបានចុះបង្ក្រាបបទល្មើសជាក់ស្ដែង លើករណីឆបោកប្រាក់ តាមបណ្តាញទូរគមនាគមន៍ ក្រោមរូបភាពឆបោកលួងលោមស្នេហា ដោយផ្ញើសម្ភារពីក្រៅប្រទេសមកឲ្យជនរងគ្រោះ ដូចជា គ្រឿងអលង្ការ ប្រាក់មួយចំនួន និងសម្ភារប្រើប្រាស់ដទៃទៀត ហើយដោយតម្រូវឲ្យជនរងគ្រោះបង់ថ្លៃសេវាផ្សេងៗ។
ក្នុងនោះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០៣នាក់៖ ទី១៖ឈ្មោះ ធន សារ៉េម ភេទស្រី អាយុ៣៣ឆ្នាំ, ទី២៖ឈ្មោះ MAKCAVA FEMI WISDOM អាយុ២៨ឆ្នាំ ជនជាតិនីហ្សេរីយ៉ា និងទី៣៖ឈ្មោះ SPARK ONWA អាយុ៣៣ឆ្នាំ ជនជាតិនីហ្សេរីយ៉ា នាំមកសាកសួរនៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា។
បន្ទាប់ពីការសាកសួរ កម្លាំងនាយកដ្ឋានបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ក្រោយមកនៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ ជនសង្ស័យទាំង៣នាក់ ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យឃុំខ្លួន ពាក់ព័ន្ធនឹងបទឆបោក។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា តាមការណែនាំពីនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ និងក្រសួងមហាផ្ទៃ បានក្រើនរំឮកដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះក្រុមឆបោក បើមានករណីនេះកើតឡើង សូមមកដាក់ពាក្យបណ្តឹងទៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ ៕
ប្រភព ៖ FN