គិតត្រឹមម៉ោង១១និង៥១នាទីថ្ងៃត្រង់ថ្ងៃទី០៦ តុលានេះ នៅក្នុងប្រទេសមីយ៉ាន់ម៉ា(ភូមា)មនុស្សចំនួន១៨៧៨១នាក់ បានឆ្លងមេរោគកូវីដ១៩ និង ស្លាប់៤៤៤នាក់ ជាករណីឆ្លងនិងស្លាប់ច្រើនលឿនបំផុតក្នុងរយៈពេលប្រមាណ១ខែចុងក្រោយនេះ ។
ដោយឡែក យោងតាមការចេញផ្សាយរបស់សារព័ត៌មានរុស្ស៊ី Sputnik បានស្រង់សម្តីលោកវេជ្ជបណ្ឌិត ម៉ៃខឺល រីយ៉ាន (Michael J.Ryan) នាយកប្រតិបត្តិផ្នែកសង្គ្រោះបន្ទាន់នៃអង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា តាមការប៉ាន់ស្មានដោយក្រុមអ្នកជំនាញ មនុស្សម្នាក់ក្នុងចំណោម ១០នាក់ ឬ ១០% នៃចំនួនប្រជាជននៅទូទាំងពិភពលោក ៧.៨ពាន់លាននាក់ អាចនឹងឆ្លងជំងឺ COVID-19 ។
បើតាមលោក Michael J.Ryan ករណីឆ្លងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ អឺរ៉ុប និងមេឌីទែរ៉ាណេភាគខាងកើតកំពុងតែបន្តកើនឡើង ។
សូមបញ្ជាក់គិតត្រឹមវេលាខាងលើ មនុស្សនៅលើផែនដីចំនួន ៣៥ ៧០១ ៦៧៤នាក់បានឆ្លងមេរោគកូវីដ១៩ ក្នុងនោះស្លាប់ ១ ០៤៥ ៩៥៣នាក់ និង ករណីធ្ងន់ធ្ងរ ៦៦ ៨៨៨នាក់ ៕