យ៉ាងហោចណាស់អ្នកដំណើរចំនួន២០នាក់បានបាត់បង់ជីវិតនិង៣០នាក់រងរបួសក្នុងហេតុការណ៍រថភ្លើងបុករថយន្តដឹកអ្នកដំណើរ ។
បើតាមអាជ្ញាធរថៃ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៨និង០៥នាទីព្រឹកថ្ងៃអាទិត្យនេះ ក្បែរស្ថានីយ៍រថភ្លើង Khlong Kwaeng Klan នៅក្នុងខេត្ត Chachoengsao ចម្ងាយប្រមាណ៥០គីឡូម៉ែត្រភាគខាងទីក្រុងបាងកក ប្រទេសថៃ ។
បើតាម Bangkok Post អ្នកដំណើរលើរថយន្តក្រុងដែលរងគ្រោះទាំងអស់បានវិលត្រឡប់ពីចូលរួមពិធីសាសនាព្រះពុទ្ឋមួយនៅក្នុងខេត្តខាងលើ ។
ក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលើដដែលនេះ លោក Maitree Tritilanond អភិបាលខេត្ត Chachoengsao បានប្រាប់អ្នកសារព័ត៌មានថា ចំនួនមនុស្សស្លាប់និងរបួសរំពឹងថានឹងបន្តកើនឡើង (របួសធ្ងន់ស្រាល២៩នាក់)។
លោកបន្តថា ការិយាល័យបង្ការនិងទប់ស្កាត់គ្រោះមហន្តរាយប្រចាំខេត្ត Chachoengsao កំពុងបើកការស៊ើបអង្កេតរកមូលហេតុនៃគ្រោះថ្នាក់នេះ ។
ដោយឡែក បើតាម AFP នៅប្រទេសថៃ ហេតុការណ៍គ្រោះថ្នាក់ប្រហាក់ប្រហែលខាងលើ បានកើតឡើងញឹកញាប់ ហើយមូលហេតុភាគច្រើនគឺបណ្តាលមកពីការបើកបរលើសល្បឿនកំណត់ បើកបរក្នុងស្ថានភាពស្រវឹង និងការអនុវត្តច្បាប់នៅមានចន្លោះប្រហោង ។
គេនៅមិនទាន់ដឹងថា តើគ្រោះថ្នាក់ខាងលើ មានពលរដ្ឋខ្មែរដែរឬក៍យ៉ាងណានោះទេ ព្រោះកន្លងមកក៍មានព័ត៌មានអំពីថាមានពលរដ្ឋខ្មែរស្លាប់និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ធំៗនៅក្នុងប្រទេសថៃដែរ ។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ មិនអាចរកការសុំអត្ថាធិប្បាយបានទេនៅម៉ោង២និង១៥នាទីរសៀលថ្ងៃទី១១ តុលាដដែលនេះ ៕