គិតចាប់តាំងពីថ្ងៃទី០១ដល់ថ្ងៃទី១០ តុលាម្សិលមិញ ជំនន់ទឹកភ្លៀងបានបណ្តាលឲ្យមនុស្សស្លាប់ចំនួន១០នាក់ហើយ ។ នេះបើយោងតាមព័ត៌មានបឋមពីអ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក ឃុន សុខា ដែលប្រាប់ RFI នៅព្រឹហថ្ងៃអាទិត្យនេះ ។
ចំណែក ស្ថានភាពជំនន់ទឹកភ្លៀងនៅព្រឹកថ្ងៃទី១១ តុលានេះផងដែរ គឺតំបន់មួយចំនួនកំពុងរងគ្រោះកាន់តែខ្លាំង ជាពិសេសក្រុងពោធិ៍សាត់ លិចលង់ធ្ងន់ធ្ងរ ហើយទឹកបានហូរកាត់ផ្លូវជាតិលេខ៥នៅទីរួមក្រុងផងដែរ ។
សេចក្តីរាយការណ៍បានបន្តថា ក្រៅពីក្រុងពោធិសាត់ដែលទឹកបានហូរកាត់ផ្លូវជាតិលេខ៥ កំណាត់ផ្លូវជាតិលេខ៥ ផ្នែកខ្លះនៃខេត្តបាត់ដំបងនិងកំពង់ឆ្នាំងក៍ទឹកហូរកាត់ផងដែរ ។
នៅព្រឹកថ្ងៃអាទិត្យនេះដែរ ក្រោយទទួលបានព័ត៌មានខាងលើ លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៍បានណាំនាំដល់អាជ្ញាធរថ្នាក់ក្រោមជាតិបិទបណ្តោះអាសន្នការធ្វើចរាចរណ៍នៅលើផ្លូវដែលមានទឹកលិចខ្លាំង ដើម្បីការពារគ្រោះថ្នាក់ចរាចរណ៍ និងការខូចផ្លូវធ្ងន់ធ្ងរ ។
គិតមកទល់នឹងពេលនេះដែរ ជំនន់ទឹកភ្លៀងបានធ្វើឲ្យប៉ះពាល់ដល់រាជធានី ខេត្តចំនួន១០ រួមមាន៖ រាជធានីភ្នំពេញ ខេត្តប៉ៃលិន កំពង់ឆ្នាំង កំពង់ស្ពឺ កណ្ដាល តាកែវ ស្វាយរៀង ព្រះវិហារ បន្ទាយមានជ័យ ពោធិ៍សាត់ និងខេត្តបាត់ដំបង ។ ចំណែកខេត្តដែលរងគ្រោះធ្ងន់ធ្ងរជាងគេគឺខេត្តបាត់ដំបង ពោធិសាត់ និងខេត្តបន្ទាយមានជ័យ ហើយអ្នកស្លាប់ទាំង១០នាក់នោះ ក៍ស្ថិតក្នុងខេត្តទាំង៣ដែលរងគ្រោះខ្លាំងនេះផងដែរ ។
មកទល់នឹងម៉ោង១៣និង២១នាទីរសៀលថ្ងៃទី១១ តុលាដដែលនេះ មិនទាន់មានរបាយការណ៍ពីការបាត់បង់ជីវិត ពលរដ្ឋរងគ្រោះនិងទំហំនៃកាខូចខាតសរុបផ្លូវការរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនៅឡើយទេ ៕