រាជធានីភ្នំពេញ ៖ យោងតាមស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជា បានអោយដឹងថា នៅសប្តាហ៍នេះ រដ្ឋាភិបាល នៃសហរដ្ឋអាមេរិក បានសន្យាផ្តល់ថវិកាចំនួន ១,៥លានដុល្លារ បន្ថែមសម្រាប់ជួយប្រទេសកម្ពុជា នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។
លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក W. Patrick Murphy បានប្រកាសជំនួយថ្មីនេះ ដល់ក្រសួងសុខាភិបាល ។
ចាប់តាំងពីការចាប់ផ្តើមមានឡើងនូវការរាតត្បាត នៃមេរោគនេះ សហរដ្ឋអាមេរិកបានសន្យាផ្តល់ប្រាក់សរុបចំនួនជាង ៣,៥ លានដុល្លាអាមេរិក ដើម្បីទប់ទល់នឹងការរាលដាល នៃមេរោគកូវីដ-១៩ នៅកម្ពុជា ។
ជំនួយនេះ ដែលត្រូវបានផ្តល់តាមរយៈទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិក USAID គឺសម្រាប់ជួយប្រព័ន្ធសុខាភិបាលកម្ពុជា ក្នុងការគ្រប់គ្រង និងបង្ការការឆ្លងជំងឺកូវីដ១៩ ថែមទៀត ហើយនិងការទ្រទ្រង់មន្ទីរពិសោធន៍ នៅក្នុងការតាមដានជំងឺព្យាបាលអ្នកឈឺ ។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានថ្លែងអំណរគុណ ជំនួយដែលសហរដ្ឋអាមេរិកផ្តល់ដល់កម្ពុជា ជាផ្នែកមួយជួយកម្ពុជាឱ្យទាន់ពេលវេលា ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ ឱ្យមានប្រសិទ្ធភាពខ្ពស់ ។
លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល បន្តថា សហរដ្ឋអាមេរិកផ្តល់ជំនួយដ៏សំខាន់ រួមគ្នាដើម្បីពង្រឹងប្រព័ន្ធសុខាភិបាលកម្ពុជា ពង្រឹងសមត្ថភាពធនធានមនុស្ស ដែលយើងមានស្រាប់ ដូច្នេះ ជាមូលដ្ឋានសំខាន់ ដើម្បីឱ្យប្រព័ន្ធសុខាភិបាលយើងអាចមានកម្លាំងគ្រប់គ្រាន់ និងទទួលបានឧបករណ៍ ជំនួយស្មារតី និងកិច្ចសហប្រតិបត្តិការបន្ថែម ដើម្បីឆ្លើយតបមានប្រសិទ្ធភាព ក្នុងការទប់ស្កាត់វីរុសកូវីដ-១៩នេះ ៕