បាងកក ៖ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់ អូចា បាននិយាយកាលពីថ្ងៃទី២៨ មេសានេះថា ប្រទេសថៃនឹងពន្យារពេលដាក់ប្រទេសក្នុងគ្រាអាសន្ន រយៈពេលមួយខែបន្ថែមទៀត ពោលគឺរហូតដល់ថ្ងៃ៣១ ឧសភា បន្ទាប់ពីលើកទី១ត្រូវផុតកំណត់នៅថ្ងៃទី៣០ ខែមេសា នេះបើតាមកាសែតបាងកកបុស្តិ៍ ។
បើទោះជាការឆ្លងកូវីដ-១៩ថ្មីៗនៅក្នុងប្រទេសថៃ បានធ្លាក់ចុះនៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះក្តី ក៏លោកប្រាយុទ្ធ ចាន់អូចា ប្រាប់ថា ការពន្យារពេលនេះមានភាពចាំបាច់ ហើយបទបញ្ជាជាច្រើនទៀតនឹងត្រូវរក្សាទុកដដែល ប៉ុន្តែការរឹតត្បិតមួយចំនួននឹងត្រូវបន្ធូរបន្ថយ ។ មូលហេតុគឺមានការព្រួយបារម្ភអំពីការវិលត្រឡប់ ដោយយើងនៅតែប្រយុទ្ធ ដើម្បីបញ្ឈប់ការរីករាលដាលបន្តទៀត នៃវីរុសនេះ ។
លោកបានបន្ថែមថា ខ្ញុំមិនចង់អោយពួកយើង វិលទៅកាន់ចំណុចដែលយើងធ្លាប់ជួបទេ បើសិនជាវិធានការខ្លះ ត្រូវបានបន្ធូរបន្ថយក្តី ក៏មានការខ្លះទៀតត្រូវរឹតបន្ដឹងបន្ថែម ។ បម្រាមគោចរ ពេលយប់ចាប់ពីម៉ោង ១០យប់ ដល់ម៉ោង ៤ព្រឹក នឹងមិនបន្តទៀតទេ ហើយគ្មានការជួបជុំគ្នានៅតាមសង្គមទេ ហើយមានតែការធ្វើដំណើរអន្តរខេត្តប៉ុណ្ណោះ ដែលមានកំណត់ ។
ទោះជាយ៉ាងណា កិច្ចប្រជុំមួយដឹកនាំដោយ លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដើម្បីពិភាក្សាពីផលប៉ះពាល់ នៃការបន្ថែមរយៈពេលនៃក្រឹត្យគ្រាអាសន្ននេះ ៕