ខេត្តសៀមរាប ៖ អ្នកស្រី ខាត់ សុឃីម និងស្វាមី បានដឹកនាំ ក្រុមបាតុករប្រមាណ២០០នាក់ ធ្វើបាតុកម្មតវ៉ា ជាលើកទី២ នៅមុខសាលាដំបូងខេត្តសៀមរាប នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០នេះ ដើម្បីទាមទារអោយដោះលែងនាយកក្រុមហ៊ុនអ៊ីណារីតា ដែលសមត្ថកិច្ចចាប់ខ្លួន ករណីឆបោកប្រាក់អតិថិជនជាច្រើន រហូតជាង១៤លានដុល្លាអាមេរិក ។
ការតវ៉ារបស់អ្នកស្រី ខាត់ សុឃីម ជាលើកទី២នេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២៩ មេសានេះ នៅមុខសាលាដំបូងខេត្តសៀមរាប ទាមទារអោយដោះលែង នាយកក្រុមហ៊ុនអ៊ីណារីតា ឈ្មោះ ឌីន សួនណាត ភេទប្រុស ត្រូវបានចាប់ខ្លួនកាលពីអំឡុងខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ ពីបទឆបោកដោយមានស្ថានទំងន់ទោស និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ។
កាលពីតវ៉ាលើកទី១ «ខាត់ សុឃីម តំណាងឱ្យក្រុមសិល្បៈជាង២០០នាក់ តវ៉ាមុខតុលាការខេត្តសៀមរាប» កាលពីថ្ងៃទី១៩ មីនា ឆ្នាំ២០២០ អ្នកស្រី ខាត់ សុឃីម តំណាងឱ្យតារាល្បីៗនៃព្រះរាជាណាចក្រកម្ពុជា និងក្រុមការងារវិនិយោគអ៊ីណារីតាប្រមាណជាង២០០នាក់ បាននាំគ្នាមកធ្វើការតវ៉ានៅមុខតុលាការខេត្តសៀមរាប ដើម្បីសុំដោះលែងឱ្យនៅក្រៅឃុំពាក់ព័ន្ធករណីចាប់ខ្លួនមេក្រុមវិនិយោគរបស់ពួកគេ ។ កាលណោះ អ្នកស្រី ខាត់ សុឃីមនិងស្វាមី ព្រមទាំងតំណាង២រូបទៀត ត្រូវបានតំណាងអាយ្យការអោយចូលមកក្នុងសាលាដំបូង ដើម្បីជួបពិភាក្សាពាក់ព័ន្ធនឹងផ្លូវច្បាប់ ។
សម្រាប់តវ៉ាលើកទី២ ទាមទារឲ្យស្ថាប័នតុលាការពន្លឿននីតិវិធីតាមផ្លូវច្បាប់ ដើម្បីឲ្យប្រាកដថា មានទោស ឬគ្មានទោស ប្រសិនបើមិនមានទោស សូមឲ្យដោះលែង លោក ឌឹម សួនណាត ចេញមកវិញ ។ នៅព្រឹកថ្ងៃទី២៩ មេសានេះវិញ អ្នកស្រី ខាត់ សុឃីម និងតំណាងផ្សេងទៀត មិនចូលទៅក្នុងតុលាការទេ គេឃើញលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង បានចេញមកក្រៅ ដើម្បីពន្យល់ផ្លូវច្បាប់ ដល់ក្រុមអ្នកតវ៉ា វិញម្តង ។
ប៉ុន្តែការតវ៉ាលើកទី២នេះ ទំនងជាមិនបានដូចចិត្តប៉ងប្រាថ្នាឡើយ ព្រោះថាបទល្មើសមានទំហំធំ ដែលលោក ឌីម សួនណាត ជាអគ្គនាយកក្រុមហ៊ុនអចលនាទ្រព្យ Enarita ត្រូវបានជនរងគ្រោះជាច្រើន ប្តឹងចោទប្រកាន់ថា ជាការឆបោកប្រាក់ ក្នុងរូបភាពចូលហ៊ុនរកស៊ី លើវិស័យអចលនទ្រព្យ ពុះដីឡូតិ៍ ផ្ទះល្វែង និងវីឡា ក្នុងខេត្តធំៗជាដើម ដែលធ្វើឲ្យម្នាក់ៗអស់លុយរាប់សិបម៉ឺនដុល្លារ ហើយសរុបជាទឹកប្រាក់ដែលចាញ់បោកនោះ គឺខ្ទង់រយលានដុល្លារអាមេរិក ។
សូមរម្លឹកថា ជនជាប់ចោទរូបនោះឈ្មោះ ឌឹម សួនណាត អាយុ៣៧ឆ្នាំ រស់នៅផ្ទះលេខ៣៤ ផ្លូវលេខ១០០៧ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចាប់ខ្លួនកាលពីថ្ងៃទី១៦ កក្កដា ២០១៩ ដោយមានបញ្ជាពីព្រះរាជអាជ្ញា និងមានបណ្ដឹងរបស់ជនរងគ្រោះជាច្រើននាក់ ដែលបានអស់លុយរាប់សិបម៉ឺនដុល្លារ ។
ជនសង្ស័យ ឌឹម សួនណាត ត្រូវបានបញ្ជូនទៅកាន់តុលាការខេត្តសៀមរាប ដើម្បីធ្វើការសួរនាំ និងចាត់ការតាមនីតិវិធីច្បាប់ ព្រោះរឿងដែលបានកើតឡើងដំបូង នៅលើទឹកដីខេត្តសៀមរាប ៕