រាជធានីភ្នំពេញ ៖ ថ្ងៃស្អែកនេះ ចាប់ផ្ដើមការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក តាមរយៈការផាកពិន័យច្រើនជាងមុនហើយ ទើបនៅព្រឹកថ្ងៃទី៣០ មេសានេះ តាមទីតាំងឈៀករថយន្ត ក្នុងរាជធានីភ្នំពេញ ទាំង៥កន្លែង ក៏ដូចទីតាំងទទួលសេវាបណ្ណបើកបរ នៅផ្សារទំនើបអ៊ីអនទី១ និង២ គេឃើញបងប្អូនប្រជាពលរដ្ឋ សម្រុកទៅយ៉ាងច្រើនកុះករ ។
លោក ស៊ាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា នៅព្រឹកថ្ងៃទី៣០ មេសានេះ ទីតាំងឈៀករថយន្តចំនួន៥កន្លែង ក្នុងរាជធានីភ្នំពេញ កំពុងកកស្ទះចរាចរណ៍ខ្លាំង ដោយសារប្រជាពលរដ្ឋ គាត់សម្រុកមកឈៀករថយន្តយ៉ាងគំហុក ខុសពីធម្មតា ។
លោក ស៊ាំ ពិសិដ្ឋ បញ្ជាក់ថា ទីតាំងឈៀករថយន្ត ដែលកកស្ទះខ្លាំងព្រឹកមិញនេះ មាន៖ ទី១ នៅផ្លូវលេខ៥៩៨ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក , ទី២ នៅផ្លូវលេខ២៧១ ចំការដូង, ទី៣ នៅផ្លូវជាតិលេខ១ បឹងស្នោរ, ទី៤ តាមផ្លូវជាតិលេខ៦ ជ្រោយចង្វារ, និងទី៥ ក្រុមហ៊ុន HK ផ្លូវឧកញ៉ា ម៉ុង ឫទ្ធី ។
ដោយឡែក ក្រសួងសាធារណៈការ និងដឹកជញ្ជូន ក៏បានប្រកាសដែរថា ទីតាំងឈៀកទាំងអស់ នឹងត្រូវបន្ថែមធ្វើការនៅថ្ងៃអាទិត្យ ០១ទៀត ចាប់ពីថ្ងៃទី៣ ឧសភា ២០២០ តទៅ ដើម្បីបំពេញតម្រូវការ ដែលម្ចាស់រថយន្ត យកទៅត្រួតពិនិត្យបច្ចេកទេសយានយន្ត ។ ចំណែកឯការប្តូរប័ណ្ណបើកបរវិញ ចាប់ពីថ្ងៃទី១ឧសភា ដែលមណ្ឌលផ្តល់បណ្ណបើកបរយានយន្ត នៅផ្សារទំនើបអ៊ីអន១ និងអ៊ីអន២ នឹងធ្វើការចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង១០យប់ ។ រីឯនៅអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច ។
ទោះជាយ៉ាងណា ប្រជាពលរដ្ឋ ដែលបានមកទទួល និងប្រើប្រាស់សេវានៅមណ្ឌលផ្តល់បណ្ណបើកបរយានយន្ត នៅផ្សារទំនើបអ៊ីអនទី១ និង២ យ៉ាងច្រើនកុះករ នាពេលថ្មីៗនេះ មន្ត្រីនៅទីតាំងផ្ទាល់ ណែនាំឲ្យបងប្អូន ត្រូវរក្សាគម្លាត និងគោលការណ៍អនាម័យតាមការណែនាំក្រសួង ដើម្បីការពារការរីករាលដាលជំងឺកូវីដ-១៩ ផងដែរ ។
សូមរម្លឹកថា ចាប់ពីនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ កម្លាំងប៉ូលិសចរាចរណ៍ចាប់ផ្តើមដាក់ប៉ុស្តិ៍ត្រួតពិនិត្យតាមផ្លូវ ដើម្បីរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក តាមវិធានការផាកពិន័យតាមច្បាប់ថ្មី ដែលបង្កើនទឹកប្រាក់ច្រើនជាងមុន។ ច្បាប់ថ្មីកំណត់ពីការផាកពិន័យលើរថយន្តធុនស្រាល ដែលគ្មាន ឬប្រើឈៀកហួសសុពលភាព ត្រូវផាកពិន័យ ១៨០,០០០ រៀល ។ រីឯរថយន្តធុនធ្ងន់ ពិន័យ ៣៧៥,០០០រៀល ។ ក្នុងនោះ អ្នកបើកបរប្រើប្រាស់ប័ណ្ណបើកបរ ហួសសុពលភាព ក៏ត្រូវផាកពិន័យនូវទឹកប្រាក់ច្រើនជាងមុន ដូចគ្នានេះ ផងដែរ ។
ហេតុនេះហើយ បានជាប៉ុន្មានថ្ងៃនេះ គេឃើញម្ចាស់យានយន្តគ្រប់ប្រភេទ ដែលមានឈៀកហួសសុពលភាព បានសម្រុកយករថយន្តទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ដែលជាធម្មតា មានសុពលភាពរយៈពេល ២ឆ្នាំ ប៉ុណ្ណោះ ៕