អង្គការ Freedom House បានបង្ហាញថា សេរីភាពបញ្ចេញមតិតាមបណ្តាញអ៊ីនធឺណិតនៅកម្ពុជា ស្ថិតក្នុងបរិយាកាសអាប់អួរ ក្នុងគ្រាវិបត្តិជំងឺកូវីដ១៩ ក្នុងនោះមានការចាប់ខ្លួនមនុស្សដែលរិះគន់ចំណាត់ការរដ្ឋាភិបាល និងការដកអាជ្ញាបណ្ណរបស់ប្រព័ន្ធផ្សព្វផ្សាយ។
អង្គការនេះបញ្ជាក់ថា៖ «សេរីភាពអ៊ីនធឺណិតនៅតែរងការគំរាមកំហែងក្នុងប្រទេសកម្ពុជា។ លំហរព័ត៌មានចម្រុះ និងដែលគួរឲ្យជឿទុកចិត្តបាន ត្រូវបានធ្វើឲ្យអាក់ដំណើរការ ដោយសារការរាំងខ្ទប់គេហទំព័រ ការលុបចោលអាជ្ញាបណ្ណប្រព័ន្ធផ្សព្វផ្សាយអនឡាញ ចំពោះសេចក្តីរាយការណ៍ដែលមានលក្ខណៈរិះគន់ និងដែលត្រូវចាត់ទុកថាជាការបំផ្លើសសាច់រឿង»។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យរបស់អគ្គស្នងការនគរបាលជាតិ ប្រាប់វីអូអេថា ការចាប់ខ្លួនអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកកន្លងមក ក្នុងពេលមានវិបត្តិជំងឺឆ្លងកូវីដ១៩ នេះ ធ្វើឡើងដោយសារតែអ្នកប្រើប្រាស់ទាំងនោះ «មានចេតនាធ្វើឲ្យសន្តិសុខសង្គម ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់» តាមរយៈការបង្ហោះព័ត៌មានមិនពិត។
ចាប់ពីខែមករា ដល់ខែមេសា អាជ្ញាធរកម្ពុជាបានចាប់ខ្លួនពលរដ្ឋកម្ពុជាជាង ៣០ នាក់ ដោយសារការចោទប្រកាន់លើការបង្ហោះព័ត៌មានក្លែងក្លាយ។ នេះបើយោងតាមអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch។
អង្គការសិទ្ធិមនុស្សចាត់ទុកសកម្មភាពនេះថា ជាការប៉ុនប៉ង ដើម្បីបង្ក្រាបមតិប្រឆាំង ដែលរិះគន់ការដោះស្រាយរបស់រដ្ឋាភិបាលលើការរាតត្បាតជំងឺកូវីដ១៩ និងផលប៉ះពាល់លើសេដ្ឋកិច្ច៕
ប្រភព ៖ VOA