សំណង់អគារដ៏ធំមួយ ស្ថិតនៅរង្វង់មូលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបានចំណាយថវិកាសាងសង់អស់ជិត១លានដុល្លារនោះ ត្រូវក្រសួងមហាផ្ទៃសម្រេចឲ្យរុះរើកម្ទេចចោលវិញ ។
ប្រភពបានឲ្យដឹងថា សំណង់អគារដែលត្រូវវាយកម្ទេចកាលពីថ្ងៃទី១៤ តុលា ២០២០នេះ សាងសង់បានប្រមាណ៥០%ហើយ ហើយសំណង់នេះមិនមានប្រើថវិការដ្ឋទេ ដោយអ្នកផ្តើមគំនិតសាងសង់បានលុយពីសប្បុរសជននានា។
យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃដែលចុះហត្ថលេខាដោយ លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៣០ កក្កដា ២០២០ ហើយដែល«អង្រុត»ទើបទទួលបាន នៅថ្ងៃទី១៦ តុលានេះ បានបញ្ជាក់ថា គម្រោងសាងសង់សំណាកប្រាសាទកំពូលបី (ប្រាសាទឋានសួគ៌) ស្ថិតនៅរង្វង់មូលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រសួងមហាផ្ទៃ ពិនិត្យឃើញថា ដោយសារសំណង់អគារច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត មានរូបប្រាសាទកំពូលបី និង មានរចនាបថជាខ្មែររួចហើយ ហេតុនេះ ពុំចាំបាច់សាងសង់ទៀតឡើយ ។
ដោយឡែក ប្រភពពីមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការនិងដឹកជញ្ជូន ក៍បានបញ្ជាក់ដែរថា សំណង់នេះ គ្មានច្បាប់អនុញ្ញាតសាងសង់ត្រឹមត្រូវ ទេ សាងសង់ខុសលក្ខណៈបច្ចេកទេស និង សង់លើផ្លូវសួនច្បារសាធារណៈនោះថែមទៀត។
បើតាមលិខិតរបស់ក្រសួងមហាផ្ទៃ បន្តថា បានលើកឡើងទៀតថា ដើម្បីចៀសវាងផលប៉ះពាល់ដល់ប្រព័ន្ធការពារសុវត្ថិភាពនៃរនាំងបាំងផ្លូវរថភ្លើងឆ្លងកាត់ផ្លូវជាតិនិងកិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវដែកនៃព្រះរាជាណាចក្រកម្ពុជា និង ព្រះរាជាណាចក្រថៃ រដ្ឋបាលខេត្តបន្ទាយមានជ័យ ត្រូវបញ្ឈប់ការសាងសង់ និង ធ្វើការរុះរើសំណង់នេះចេញ ដោយត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសអោយបានហ្មត់ចត់ ដើម្បីបង្ការហានិភ័យជាយថាហេតុ ។ចំពោះទីតាំងរង្វង់មូលក្រុងប៉ោយប៉ែតនេះ គួរត្រួតពិនិត្យរៀបចំជាសួនច្បារដើម្បីលើកកម្ពស់សោភ័ណភាពក្រុងប៉ោយប៉ែតអោយកាន់តែប្រសើរបន្ថែមទៀត ៕