ដោយសារទឹកជន់លិចនិងហូរកាត់កំណាត់ផ្លូវជាតិលេខ៤កាន់តែខ្លាំងចាប់ពីចំណុចផ្សារបែកចាន ស្ថិតក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល មកទល់នឹងតំបន់អូរឌឹម ក្នុងខណ្ឌកំបូល អាជ្ញាធររាជធានីភ្នំពេញ និងខេត្តកណ្តាលបានសម្រេចបិទចរាចរណ៍ទាំងស្រុងនៅចំណុចខាងលើនេះ រហូតដល់មានការជូនដំណឹងជាថ្មី ។
សូមបញ្ជាក់ថា អស់រយៈពេលជាច្រើនថ្ងៃមកហើយ កំណាត់ផ្លូវជាតិលេខ៤ ចាប់ពីរង្វង់មូលចោមចៅរហូតដល់ចំណុចមុខផ្សារបែកចាន ទឹកបានជន់លិចខ្លាំង ធ្វើឲ្យចរាចរណ៍នៅចំណុចនេះ ស្ទើរតែមិនអាចធ្វើដំណើរបាននិងមានការកកស្ទះខ្លាំងបំផុត ។
គេនៅមិនទាន់ដឹងថា អាជ្ញាធរនឹងបើកចរាចរណ៍កំណាត់ផ្លូវជាតិលេខ៤ខាងលើនៅពេលណានោះនៅឡើយទេ ខណៈដែលក្រសួងធនធានទឹកនិងឧតុនិយមរបស់ប្រទេសកម្ពុជាបានប្រកាសថា ចាប់ពីថ្ងៃទី១៧ ដល់ ១៩ ខែតុលា ឆ្នាំ២០២០ រាជធានី-ខេត្ត នៅតំបន់វាលទំនាបកណ្ដាល រួមមាន ខេត្តសៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ធំ កំពង់ឆ្នាំង កំពង់ស្ពឺ ខេត្តកណ្ដាល និង រាជធានីភ្នំពេញ នឹងអាចមានភ្លៀងធ្លាក់ច្រើនជាប់ជាបន្តបន្ទាប់ទៀត ៕