រាជធានីភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងរងនគរបាលជាតិ ទទួលបន្ទុកចរាចរណ៍ ថ្លែងនៅក្នុងសន្និសីទកាសែត នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ នៅទីស្តីការគណៈរដ្ឋមន្ត្រី លោកបញ្ជាក់ថា ការកំណត់ឲ្យអ្នកបើកបរយានយន្ត យកឯកសារច្បាប់ដើមតាមខ្លួន មានតែ២ ប្រភេទទេ គឺប័ណ្ណបើកបរ និងលិខិតអនុញ្ញាតធ្វើអាជីវកម្ម ។ ចំណែកឯ កាតគ្រី ឆៀក និងឯកសារផ្សេងទៀត ម្ចាស់យានយន្ត អាចប្រើប្រាស់ឯកសារថតចម្លងបាន ដោយមានការបញ្ជាក់ពីអាជ្ញាធរដែនដីដែលពាក់ព័ន្ធ ។
សូមជម្រាបថា ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ នេះតទៅ មន្ត្រីប៉ូលិសចរាចចរណ៍ ចាប់ផ្តើមអនុវត្តវិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេស តាមអនុក្រឹត្យលេខ៣៩ ។ ដោយអនុក្រឹត្យថ្មី ដែលសម្រេចបង្កើនប្រាក់ផាកពិន័យ និងទោសទណ្ឌធ្ងន់ធ្ងរជាងមុន ចំពោះអ្នកល្មើសច្បាប់ ៕