រាជធានីភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងរងនគរបាលជាតិ ទទួលបន្ទុកចរាចរណ៍ ថ្លែងនៅក្នុងសន្និសីទកាសែត នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ នៅទីស្តីការគណៈរដ្ឋមន្ត្រី នូវចំណុចមួយលោកបានអោយដឹងថា ជនណាដែលល្មើសច្បាប់ចរាចរណ៍ផ្លូវគោក មានរយៈពេល១៥ ដើម្បីទៅបង់ប្រាក់ពិន័យ នៅស្នាក់ការកណ្តាលនគរបាល ដែលនៅជិតលោកអ្នកបំផុត ។
លោកបានបញ្ជាក់ថា ប្រសិនបើ ជនណាមិនព្រមបង់ប្រាក់ពិន័យទេ ហើយទុករហូតដល់ ៣០ថ្ងៃ ត្រូវពិន័យទ្វេដង (១គុណនឹង២) ហើយប្រសិនបើ ទុកដល់ ៦០ថ្ងៃ ត្រូវពិន័យគុណនឹង៣ និងទុកលើសពី ៦០ថ្ងៃ នឹងត្រូវបញ្ជូនទៅតុលាការហើយ ។
សូមជម្រាបថា ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ នេះតទៅ មន្ត្រីប៉ូលិសចរាចចរណ៍ ចាប់ផ្តើមអនុវត្តវិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេស តាមអនុក្រឹត្យលេខ៣៩ ។ ដោយអនុក្រឹត្យថ្មី ដែលសម្រេចបង្កើនប្រាក់ផាកពិន័យ និងទោសទណ្ឌធ្ងន់ធ្ងរជាងមុន ចំពោះអ្នកល្មើសច្បាប់ ៕