លោក ហ៊ុន សែន ថាពូជលោកមានអាយុមិនក្រោម៩០ឆ្នាំនោះទេ

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ជា​សាធារណៈ​ខាងលើ​បែប​នេះ បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ តុលា ២០២០ ក្នុង​ឱកាស​ដែល​លោក​បាន​អញ្ជើញ​ចុះ​សួរសុខទុក្ខ និង​ចែក​អំណោយ​ជា​ស្បៀងអាហារ និង​សម្ភារ​ប្រើប្រាស់​ជូន​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង នៅ​ក្នុងស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ ។​

​លោក ហ៊ុន សែន ថ្លែង​បែប​នេះ​ដែរ គឺ​លោក​ឆ្លើយ​តប​ទៅ​នឹង​អ្នក​(​ក្រុមប្រឆាំង​)​ដែល​ប្រមាថ​លោក ដោយលោក​ប្រមុខ​រាជរដ្ឋាភិបាល​ថា ​អ្នក​ដែល​ប្រមា​ថលោក​ប្រយ័ត្ន​ស្លាប់​មុន​លោក ។​

​នៅ​ក្នុង​ឱកាស​នោះ​ដែរ លោក ហ៊ុន សែន ក៍បាន​បន្ថែម​ដែរ​ថា លោក​មាន​សមត្ថភាព​តែ​​ពន្លត់ភ្លើង​សង្គ្រាម តែ​លោក​មិន​អាច​ធ្វើ​គ្រូអាចារ្យ​ចំពោះ​ជន​មួយ​ក្រុម ដែល​ប៉ុនប៉ង​ធ្វើ​បដិវត្តន៍​ពណ៌​នោះ​ទេ ហើយ​ថា​ក្រុមប្រឆាំង​ទាំងនោះ បាន​ជេរ​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​សុទ្ធតែ​យួន និង​ដាក់​ចេញ​នយោបាយ​មាន​ឯង​អត់​អញ មាន​អញ​អត់​ឯង ដែល​ធ្វើ​ឱ្យ​លោក​មិន​អាច​អត់ឱន​ឱ្យ​បាន ៕