ខេត្តសៀមរាប ៖ កុមារីអភ័ព្វ បានដាច់ខ្យល់ស្លាប់ នៅមុខបរិវេណព្រះអង្គចេកព្រះអង្គចម ក្នុងក្រុងសៀមរាប ខណៈម្តាយដឹកកូនស្រីយកមកដេកពេទ្យគន្ធបុប្ផា មិនទាន់បានចូលពេទ្យផង បែរជាមកអុជធូបសូមបួងសួង សុំសេចក្តីសុខសប្បាយ និង បន់ស្រន់សុំឱ្យកូនឆាប់ជា តែអកុសល ចេញមកវិញ កូនស្លាប់បាត់ទៅហើយ ។
ហេតុការណ៍កុមារីស្លាប់នោះបានកើតឡើងនៅវេលាម៉ោង១៥និង០០នាទីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២០ ស្ថិតនៅចំណុចមុខបរិវេណព្រះអង្គចេកព្រះអង្គចម ក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ។
បើតាមប្រភពពីសមត្ថកិច្ចជំនាញ បានប្រាប់អោយដឹងថា ករណីកុមារីមានឈ្មោះ ទៀង ចរិយា អាយុ១០ឆ្នាំ មានទីលំនៅភូមិ ផ្សារស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ បានគាំងបេះដូងស្លាប់(មានជំងឺបេះដូងជំហរ) ដោយឪពុកម្តាយជូនមកមន្ទីពេទ្យគន្ធបុប្ផា តែពេលមកដល់ព្រះអង្គចេកព្រះអង្គចម ឪពុកម្តាយ ចូលមកអុជធូបបួងសួងសុំសេចក្តីសុខចម្រើន ព្រមទាំងបន់ស្រន់សុំឱ្យព្រះអង្គចេកព្រះអង្គចម ជួយបីបាច់ថែរក្សាកូនស្រីរបស់គាត់ឱ្យបានឆាប់ជា ពេលអុជធូបបួងសួងចប់ ក៏ដើរចេញមកវិញ ស្រាប់តែឃើញ កូនស្រី(កុមារី) ក៏ដង្ហក់ដាច់ខ្យល់ស្លាប់បាត់ទៅ បានត្រឹមតែស្រែកទួញសោកអោបសពកូនយំគួរឲ្យសង្វេគ នៅមុខព្រះអង្គតែប៉ុណ្ណោះ ។
សមត្ថកិច្ចជំនាញ បញ្ជាក់ថា មូលហេតុ កុមារីរងគ្រោះមានជំងឺបេះដូងចំហរ ។ បច្ចុប្បន្នកម្លាំងជំនាញបានប្រគល់សពកូនស្រី ឱ្យ ទៅម្តាយ ជនរងគ្រោះ យកទៅស្រុកកំណើត ខេត្តក្រចេះ ធ្វើបុណ្យតាមប្រពៃណី ៕