ព្រានប្រល័យសត្វ​កេងកង ចូលខ្លួន​សារភាព​កំហុស មុខមន្ត្រី​បរិស្ថាន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​បាន​បាញ់​សម្លាប់សត្វ​កេងកង ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​ចូលខ្លួន​មក​សុំ​ទោស​សាធារណជន និង​បាន​ធ្វើ​កិច្ចសន្យា​ឈប់​ប្រព្រឹត្ត​កំហុស​សម្លាប់​សត្វព្រៃ​ដូច្នេះ​ទៀត​ហើយ ចំពោះ​មុខ​សមត្ថកិច្ច​នៃ​ក្រសួងបរិស្ថាន​នៅ​រសៀល​ថ្ងៃ​ទី​១៣​ខែឧសភា ឆ្នាំ​២០២០ ។
នេះ​បើ​តាម​ការ​ថ្លែង​ឱ្យ​ដឹង​របស់​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ​និង​ជា​មន្ត្រី​នាំពាក្យ ក្រសួងបរិស្ថាន​ដែល​បាន​ទទួល​ជួប​ផ្ទាល់​បុរស​ឈ្មោះ គ្រុយ ចំរើន ដែល​បាន​សារភាព​ថា​ខ្លួន​ពិតជា​បាន បាញ់​សម្លាប់សត្វ​កេងកង​ធំ​មួយ​ក្បាល​នោះ​អំឡុង​ពេល​ខ្លួន​ទៅ​កម្សាន្ត​នៅ​រមណីយដ្ឋាន​ទឹកធ្លាក់​អន្លង់​ក្មេង​លេង​ទឹកជ្រោះ ៩​ជាន់ ក្នុង​ឧទ្យាន​ជាតិ​ព្រះ​មុនី​វង្ស​បូកគោ ក្នុងភូមិ​សាស្ត្រ​ខេត្តកំពត ។

បុរស​ឈ្មោះ គ្រុយ ចំរើន បាន​សរសេរ​នៅ​ក្នុង​លិខិត​សុំ​អភ័យទោស​ចំពោះ​សាធារណជន​ថា ៖ «​សូម​ទទួលស្គាល់​ការ​ពិត​ដែល​បាញ់​សម្លាប់សត្វ​កេងកង​ចំនួន​មួយ​ក្បាល​ស្ថិត​នៅ​ក្នុង​រមណីយដ្ឋាន​ទឹកធ្លាក់ ៩ ជាន់​នៅ​ភូមិ​តេ​ជោ​អភិវឌ្ឍន៍ ស្រុក​ឈូក ខេត្តកំពត​។ ខ្ញុំបាទ​សូមទោស​ប្រជាពលរដ្ឋ​កម្ពុជា​ទាំង អស់ សូម​អភ័យទោស​ដល់​រូប​ខ្ញុំបាទ និង​ឈប់​ប្រព្រឹត្ត​កំហុស​បែប​នេះ​ទៀត​ហើយ​។ សូម​បងប្អូន​ប្រជា ពលរដ្ឋ​កុំ​យក​គំរូ​តាម​រូប​ខ្ញុំបាទ​។ ខ្ញុំ​សូម​សន្យា​នឹង​ប្រគល់​អាវុធ ដែល​បាន​បាញ់​សត្វ​កេងកង​នោះ មក​ក្រសួងបរិស្ថាន​» ។

ឯកឧត្តម នេត្រ ភក្ត្រា បាន​គូសបញ្ជាក់​ថា បុរស​ម្នាក់​នេះ​បាន ទទួលស្គាល់​កំហុស​របស់​ខ្លួន​និង​ស្នើ​សុំ​ការ​សណ្តោស​ប្រណី​ពី​សាធារណជន​ដែល​ខ្លួន​បាន​ជ្រុលជ្រួស​ប្រព្រឹត្ត​នូវ​កំហុសឆ្គង​នេះ ។ ឯកឧត្តម​បាន​ថ្លែង​ថា​តាម​រយៈ​ការ​ទទួលទោស​កំហុស​នេះ​គឺ​ក្រសួងបរិស្ថាន ទទួលយក និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​ប្រព្រឹត្ត​នេះ​ជា​រៀង​រហូត​។ ឯកឧត្តម​បាន​ថ្លែង​ថា នេះ​គឺជា​គំរូ អាក្រក់​មួយ​ដែល​អ្នក​ផ្សេង​ទៀត​ត្រូវ​ជៀសវាង​។

ជាមួយ​គ្នា​នេះ​ឯកឧត្តម​រដ្ឋ​លេខា​ធិ ការ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​ទៅ​ទស្សនា​កម្សាន្ត នៅ​តាម​រមណីយដ្ឋាន​ធម្មជាតិ​នានា​សូមកុំ ប្រព្រឹត្ត​បទល្មើស​បរបាញ​សត្វ និង​កុំ​បរិភោគ​សាច់​សាច់​ព្រៃ និង​ត្រូវ​ចូលរួម​ការពារ​អភិរក្ស​សត្វព្រៃ​ឱ្យ​បាន​គង់វង្ស​សម្រាប់​បម្រើ​ដល់​ទេសចរណ៍ធម្មជាតិ​និង​ការពារ​ជីវៈចម្រុះ​និង​ប្រព័ន្ធ​អេកូឡូស៊ី​នៅ​កម្ពុជា​។ ឯកឧត្តម នេត្រ ភក្ត្រា បាន​គូសបញ្ជាក់​ថា​សត្វ​កេង​កេង​គឺជា ប្រភេទ​សត្វ​កម្រ​ជិត​ផុត​ពូជ​ហើយ​បច្ចុប្បន្ន​នេះ​គេ​ឃើញ​មាន​វត្ត​មាននៅ​ក្នុង​តំបន់​មួយ​ចំនួន​តូច​ប៉ុណ្ណោះ ដូច​ជា​នៅ​ភ្នំ​បូកគោ តំបន់​ជួរ​ភ្នំ ក្រវាញ តំបន់​ភាគ​ខាងកើត​នៃ​ប្រទេស​កម្ពុជា​ជាដើម ៕