លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា ក៍ដូចជាអ្នកនៅជុំវិញលោក គឺពុំមានមេរោគកូវីដ១៩ នោះទេ បន្ទាប់ពីលោកនិងភរិយា បានក្រុមគ្រូពេទ្យបានយកសំណាកទៅធ្វើតេស្តជាលើកទី៣ នៅព្រឹកថ្ងៃទី១៤ វិច្ឆិកា ២០២០នេះ ។
នេះបើយោងតាមលោក ហ៊ុន សែន ដែលបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីប៉ុន្មាននាទីមុននេះ ។ យ៉ាងណា នៅលើផេកផ្លូវការរបស់លោកដដែល លោកប្រមុខរាជរដ្ឋាភិបាល ក៍បានបញ្ជាក់ថា លោកនឹងភរិយាលោកនឹងធ្វើតេស្តរកមេរោគកូវីដ១៩ នៅថ្ងៃទី១៨ វិច្ឆិកា បន្តទៀត ដែលជាថ្ងៃចុងក្រោយរបស់ក្រសួងសុខាភិបាល ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃសៅរ៍នេះ ទាំងនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី មន្ត្រីរាជរដ្ឋាភិបាលនិងអ្នកពាក់ព័ន្ឋចំនួន១៧៣០រូប ត្រូវបានធ្វើតេស្តលើកទី៣ ដើម្បីរករោគកូវីដ១៩ ក្រោយប៉ះពាល់ផ្ទាល់និងប្រយោលជាមួយរដ្ឋមន្ត្រីការបរទេសនិងគណៈប្រតិភូហុងគ្រីកាលពីថ្ងៃទី០៣ វិច្ឆិកា ២០២០ ហើយដែលលោក Peter Szijjarto ប្រមុខការទូតហុងគ្រី ត្រូវបានថៃប្រកាសថាមានផ្ទុកមេរោគកូវីដ១៩ បន្ទាប់ពីចេញពីកម្ពុជាប៉ុន្មានម៉ោងកាលពីយប់ថ្ងៃទី០៣ វិច្ឆិកាដដែលនោះ ។
ក្រសួងសុខាភិបាល បានធ្វើតេស្តចំនួន២លើកមកហើយ លើអ្នកពាក់ព័ន្ធរដ្ឋមន្ត្រីការបរទេសហុងគ្រី Peter Szijjarto។ ការធ្វើតេស្តទាំងពីរលើកនេះ គឺរកឃើញមនុស្ស៤នាក់ មានកូវីដ-១៩ ក្នុងនោះរួមមានលោក សួស យ៉ារ៉ា តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា, លោក ស ចិត្រា អគ្គលេខាធិការរងក្រសួងកសិកម្ម និងទូតហុងគ្រីប្រចាំកម្ពុជា និងវៀតណាម រួមទាំងអង្គរក្សម្នាក់។
មកទល់នឹងម៉ោង១២និង២១នាទីថ្ងៃទី១៤ វិច្ឆិកានេះ កម្ពុជាបានរកឃើញមេរោគកូវីដ១៩លើបុរសជនជាតិអាមេរិក អាយុ៦៩ឆ្នាំម្នាក់ ដែលទើបមកពីអាមេរិក ដែលគិតទាំងបុរសអាមេរិកនេះ គឺកម្ពុជាមានអ្នកឆ្លងមេរោគកូវីដ១៩ សរុប ៣០២នាក់ និងជាសះស្បើយ២៨៩នាក់ ៕