លោក ហ៊ុន សែន ប្រកាសផ្តល់ជំនួយម៉ាស់ចំនួន២លានដល់រដ្ឋាភិបាលឡាវ

ម៉ាស់​ចំនួន​២​លាន​ម៉ាស់ និង បរិក្ខា​ពេទ្យ​សម្រាប់​ប្រឆាំង​ជំងឺ​កូ​វី​ដ​-១៩ មួយ​ចំនួន​ធំ ត្រូវ​បាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ផ្តល់​ជំនួយ​ជូន​នាយក​រដ្ឋមន្ត្រី​ឡាវ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩ ។​

បើ​តាម FN ការ​ប្រកាស​ផ្តល់​ជំនួយ​ម៉ាស់​ចំនួន​២​លាន និង​បរិក្ខា​ពេទ្យ​មួយ​ចំនួន​ខាងលើ​នេះ បាន​ធ្វើ​ឡើង​ខណៈ​លោក ថង​លូន ស៊ី​ស៊ូ​លី​ត នាយក​រដ្ឋមន្ត្រី​ប្រទេស​ឡាវ បាន​ទូរស័ព្ទ​ដោយ​ផ្ទាល់​សាកសួរ​សុខទុក្ខ​អំពី​ស្ថានភាព​សុខភាព​របស់​លោក ហ៊ុន សែន និង​ភរិយា ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​គេហដ្ឋាន នា​រសៀល​ថ្ងៃ​ទី​១៤ វិច្ឆិកា ២០២០​នេះ​។​

​លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល នឹង​នាំ​យក​ម៉ាស់ និង​បរិក្ខា​ពេទ្យ​ដែល​សម្រាប់​បម្រើ​ការងារ​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​១៩​ទាំងអស់ ដឹក​តាម​យន្តហោះ​ទៅ​កាន់​ប្រទេស​ឡាវ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ស​ប្តា​ហ៍​ក្រោយ ។

សូម​បញ្ជាក់​ថា គិត​ត្រឹម​ម៉ោង​៨​និង​៥១​នាទី​យប់​ថ្ងៃ​សៅរ៍​ដដែល​នេះ ឡាវ​បាន​រក​ឃើញ​អ្នក​ឆ្លង​មេរោគ​កូ​វី​ដ​១៩ សរុប​ទួ​ទាំង​ប្រទេស​ចំនួន ២៤​នាក់ ក្នុង​នោះ​ជា​សះស្បើយ ២៣​នាក់ ៕