ទីបំផុតទៅ សាកសពស្ត្រីចំណាស់ម្នាក់ដែលត្រូវអគារខ្យូសបាក់សង្កត់លើកាលពីម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៤ វិច្ឆិកាម្សិលមិញនោះ ត្រូវបានអាជ្ញាធរកាយរកឃើញហើយនៅម៉ោងប្រមាណ១១ថ្ងៃត្រង់ថ្ងៃទី១៥ វិច្ឆិកានេះ ។
ជនរងគ្រោះឈ្មោះ ហ៊ុន សំបូរ អាយុ៦១ឆ្នាំ ជាស្ត្រីមេម៉ាយស្នាក់នៅក្នុងភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ហើយមកបម្រើការជាកម្មករផ្នែកអនាម័យប្រចាំនៅក្នុងភូមិគ្រឹះដ៍ស្កឹមស្កៃដែលមានឈ្មោះ ឃាម បញ្ញា ស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បើតាមសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ហេតុការណ៍បាក់ស្រុតខ្យូសចូលក្នុងស្រះទឹកក្នុងភូមិគ្រឹះបណ្តាលឲ្យស្ត្រីខាងលើស្លាប់នោះ កើតឡើងតាំងពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៤ វិច្ឆិកា ប៉ុន្តែម្ចាស់ផ្ទះលាក់លៀមមិនបានរាយការណ៍ទៅសមត្ថកិច្ចនោះទេ គឺសុខចិត្តសម្ងំកកាយរកសពទាល់តែអស់ជម្រើស រហូតដល់វេលាម៉ោង៦ល្ងាចថ្ងៃម្សិលមិញដដែល ទើបបែកធ្លាយផ្អើលដល់អ្នកជិតខាង ។
បើតាមអធិការនគរបាលខណ្ឌសែនសុខ លោក ហួរ ម៉េងវ៉ាង បានប្រាប់ប្រព័ន្ឋផ្សព្វផ្សាយក្នុងស្រុកនៅថ្ងៃអាទិត្យនេះថា ករណីបាក់ស្រុតខ្យូសខាងលើមិនមានការឃាត់ខ្លួនម្ចាស់ភូមិគ្រឹះនោះទេ ព្រោះក្រុមគ្រួសារសពមិនបានប្តឹងផ្តល់អ្វីទាំងអស់ ។ លោកអធិការបានបន្ថែមទៀតថា ករណីនេះគឺជាឧប្បត្តិហេតុ ប៉ុន្តែលោកថា ម្ចាស់ភូមិគ្រឹះគាត់នឹងទៅចូលជាបច្ច័យក្នុងកម្មវិធីបុណ្យតាមសទ្ធា ។
យ៉ាងណាក៍ដោយ ក្រុមអ្នកតាមដានសង្គមមួយចំនួនយល់ផ្ទុយពីការលើកឡើងរបស់លោកអធិការនគបាលខណ្ឌសែនសុខ ដោយថាករណីខាងលើ គឺត្រូវសិក្សាអំពីសំណង់ខ្យូសដែលបាក់ស្រុត តើធ្វើត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវឬទេ ហើយតើការសាងសង់ខ្យូសនេះ អាជ្ញាធរ ជាពិសេសខាងមន្ទីរដែនដីនិងនគរូបនីយកម្មនិងសំណង់មានចុះមកពិនិត្យសំណង់នេះដែឬឬទេ ។ ប្រសិនបើសំណង់នេះ សង់ខុសបច្ចេកទេស គឺម្ចាស់សំណង់តរូវទទួលខុសត្រូវចំពោះមុខច្បាប់ ទោះបីថាក្រុមគ្រួសារជនរងគ្រោះមិនដាក់ពាក្យប្តឹងក្តី ៕