ទីបំផុតទៅ ម្ចាស់ឱសថស្ថានយីហោ « ជា ដាវី» បានយល់ព្រមស្រាយខ្សែដែលខ្លួនបានព័ទ្ឋជុំវិញមុខផ្ទះដែលជាចំណីផ្លូវថ្មើរជើងសាធារណៈនោះហើយ ហើយថា មូលហេតុដែលខ្លួនចងខ្សែបាំងផ្លូវថ្មើរជើងសាធារណៈដោយសារប្រជាពលរដ្ឋមកទិញអីវ៉ាន់ ចេះតែជិះម៉ូតូឡើងមកលើខឿនមុខឱសថស្ថានរបស់ខ្លួន ។
ចំណែកនៅប៉ុន្មាននាទីមុននេះដែរ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅលើផេកផ្លូវការរបស់ខ្លួនក៍បានបង្ហោះដែរថា«បន្ទាប់ពីទទួលបានខំមិនពីប្រជាពលរដ្ឋភ្លាម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានទាក់ទងទៅប៉ុស្តិ៍អូឬស្សីទី១ ខណ្ឌ៧មករា ដើម្បីចុះទៅធ្វើការណែនាំអប់រំ និងដកខ្សែដែលម្ចាស់ផ្ទះចងបាំងផ្លូវ ដេីម្បីងាយស្រួលសម្រាប់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ៕»។
ក្រុមអ្នកតាមដានសង្គមមួយចំនួនបានមើលឃើញ ក្រោយពីបែកធ្លាយរូបភាពពីការហ៊ុំព័ទ្ឋផ្លូវថ្មើរជើងសាធារណៈពីសំណាក់ម្ចា់សឱសថស្ថាន«ជា ដាវី» និងត្រូវបានគេចែកចាយបន្តគ្នានៅលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១៥ វិច្ឆិកាខាងលើនេះ គឺបានបង្ហាញពីភាពអាត្មានិយមមើលឃើញតែប្រយោជន៍ផ្ទាល់ខ្លួនពីសំណាក់ម្ចាស់ឱសថស្ថាន«ជា ដាវី» និងអាចធ្វើឲ្យអ្នកដទៃគិតនិងធ្វើតាមខ្លួនព្រោះតែប្រយោជន៍សួនតួនេះ។
ការគិតតែពីប្រយោជន៍ផ្ទាល់ខ្លួននេះ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សិទ្ឋិសេរីភាពប្រយោជន៍របស់ពលរដ្ឋអ្នកថ្មើរជើង ជាពិសេសបង្ហាញពីការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរនូវសុជីវធ៌ម សីលធ៌ម គុណធ៌មនិងការស្រឡាញ់យោគយល់អធ្យាស្រ័យគ្នារវាងខ្មែរនិងខ្មែរ ដែលធ្លាប់មានតាំងពីរាប់រយជំនាន់មកហើយ ។ នេះសំណាងហើយបានហ្វេសប៊ុកជួយបង្ហាញផ្លូវទៅរកយុត្តិធ៌មសង្គម កុំអីចប់បាត់ ។ អរគុណ លោក Mark Zuckerberg ៕