រាជធានីភ្នំពេញ ៖ អតីតតារាចម្រៀងសាន់ដេដែលមានសំណាងម្នាក់ គឺអ្នកនាង ផាន់ ម៉ូលីកា ថ្វីត្បិតតែបានដកខ្លួនពីការងារច្រៀងរាំ ប៉ុន្តែអ្នកនាងនៅតែត្រូវបានមហាជនភាគច្រើនផ្ដោតការចាប់អារម្មណ៍នៅឡើយទេ ជាពិសេសបន្ទាប់ពីអ្នកនាងរមែងបង្អួតពីជីវិតជោគជ័យនៅក្នុងសង្គមហ្វេសប៊ុក។
អ្នកនាងផាន់ ម៉ូលីកា ត្រូវបានគេដឹងថា មានឋានៈជាលោកជំទាវ និងកំពុងជោគជ័យក្នុងមុខជំនួញនាំចូលផលិតផល Cosmictic យ៉ាងខ្លាំង បន្ថែមពីលើមុខរបរហាងស៊ុប និង ហាងលក់សំលៀកបំពាក់។ ជាក់ស្ដែងរូបភាពជាច្រើនសន្លឹកនៅលើហ្វេសប៊ុកកាលពីពេលថ្មីៗ រឹតតែធ្វើអោយគេមើលឃើញថាអ្នកនាងគឺជាអតីតសិល្បការិនី ដែលមានសុភមង្គល និងមានសំណាងក្នុងជីវិតអាពាហ៍ពិពាហ៍។
ការសរសើរចេញពីមាត់មហាជននេះ គឺបន្ទាប់ពីអ្នកនាង ផាន់ ម៉ូលីកា ទទួលបានការថ្នាក់ថ្នម និងការយកចិត្តទុកដាក់ពីសំណាក់ស្វាមីរូបសង្ហា បើទោះជាអ្នកនាងមានកូន២នាក់ធំៗណាស់ទៅហើយក្តី និងបន្ទាប់ពីអ្នកនាងបង្ហាញពីជីវិតជោគជ័យនៅលើហ្វេសប៊ុកជារឿយៗ។
អ្នកនាងផាន់ ម៉ូលីកា និងលោក គង់ សុខម៉េង ជាស្វាមី ដែលត្រូវគេស្គាល់ថា ទើបតែបានតំណែងជាទីប្រឹក្សាសម្ដេចក្រឡាហោម ស ខេង រមែងបង្អួតភាពផ្អែមល្ហែមក្នុងដំណើរកម្សាន្តជាលក្ខណៈជាគ្រួសារមិនសូវដាច់ ដែលមានន័យថាគូស្នេហ៍មួយគូនេះ នៅតែស្រលាញ់គ្នាមិនប្រែប្រួល ក្នុងរយៈពេលជិត១០ឆ្នាំកន្លងមកនេះ។ នេះក៏ជាហេតុផលដែលអ្នកនាងនៅតែបន្តឃ្លាតឆ្ងាយពីសិល្បៈផងដែរ ពោលគឺដោយសារតែអ្នកនាងរវល់នឹងមុខជំនួញផង និងមើលថែកូនទាំង២នាក់ផង។
អ្នកនាងផាន់ ម៉ូលីកា ធ្លាប់អះអាងប្រាប់អ្នកគាំទ្រក្នុងម៉ោង Live ឃោសនាលក់ផលិតផល Cosmictic ជារឿយៗថា អ្នកនាងមិនបោះបង់សិល្បៈទេ ប៉ុន្តែមកពីអ្នកនាងមិនទាន់មានពេលគ្រប់គ្រាន់ទើបអ្នកនាងនៅតែមិនទាន់គិតគូរ ។ អ្នកនាងធ្លាប់បានបង្ហើបថា នឹងអាចមានការផលិតចម្រៀងជាលក្ខណៈឯករាជ្យក្នុងពេលខាងមុខ ដើម្បីរំលឹកអាជីពសិល្បៈ ស្របពេលដែលអ្នកនាងរវល់ច្រើន មិនអាចចូលច្រៀងក្នុងផលិតកម្មដូចមុន។ ក្នុងនោះស្វាមីដែលមានឋានៈជាឯកឧត្តមរបស់អ្នកនាង ក៏មិនដែលហាមប្រាមរឿងអ្នកនាងចង់ផលិតបទចម្រៀងជាលក្ខណៈឯកជននោះដែរ ទើបអ្នកនាងអាចនឹងបង្ហាញស្នាដៃនាពេលឆាប់ៗនេះ ៕ (កែសម្រួលដោយ ៖ ធីតា)