៦ឆ្នាំរង់ចាំយុត្តិធ៌ម ហាក់នៅជើងមេឃសម្រាប់គ្រួសារលោកឧកញ៉ា អ៊ឹង ម៉េងជឺ

ថ្ងៃនេះ​គឺ​ខួប​៦​ឆ្នាំ​គត់ នៃ​អំពើ​ឃាតកម្ម​បាញ់​សម្លាប់​លោក​ឧកញ៉ា អ៊ឹ​ង ម៉េ​ង​ជឺ ខណៈ​ដែល​ជន​ដៃដល់​និង​អ្នក​នៅ​ពីក្រោយ​នៃ​អំពើ​ឃាត​កម្មដ៍​សាហាវ​រញ្ជួយ​មេឃ​កណ្តាល​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​២២ វិច្ឆិកា ២០១៤ កំពុង​ស្ថិត​នៅ​ទី​ងងឹត​នៅឡើយ ទោះបី​កន្លង​មក​មានការ​ចាប់ខ្លួន​មនុស្ស​ជា​ច្រើន​ពាក់​ព័​ន្ឋ​នឹង​ឃាតកម្ម​នេះ​ក្តី ។​

​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោកនាយ​ឧត្តមសេនីយ៍ ខៀវ សុភ័គ និងលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួង​យុត្តិធ៌ម មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​តាម​ទូរ​សព្ទ​បាន​ទេ នៅ​ម៉ោង​១២​និង​១៤​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២២ វិច្ឆិកា ២០២០​នេះ ។​

​លោក​ឧកញ៉ា អ៊ឹ​ង ម៉េ​ង​ជឺ ថៅកែ​ក្រុមហ៊ុន​ស៊ីម៉ង់ត៍​ត្បូង​ពេជ្រ ត្រូវ​បាន​ជន​ដៃដល់​បាញ់​សម្លាប់ កាលពី​ម៉ោង​៧​និង​១៨​នាទី​យប់ ថ្ងៃ​ទី​២២ វិច្ឆិកា ២០១៤ ខណៈ​លោក​ឧកញ៉ា​ចុះ​ពី​រថយន្ត​ឡិច​ស៊ី​ស​៥៧០ ក្នុង​បំណង ដើរទៅ​ទិញ​ផ្លែ​ឈើ​នៅ​មុខ​ហាង​លក់​ផ្លែ​ឈើ​យីហោ​« ឡោ តិច​សេង​» ស្ថិត​នៅ​ផ្លូវ​លេខ​២៧៤ សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។ ឃាតកម្ម​នេះ បាន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដ៍​កក្រើក​រាជធានី​ភ្នំពេញ និយាយ​ដោយឡែក ក៍​ដូច​ជា​នៅ​ទូ​ទាំង​ប្រទេស​អំឡុង​ពេល​នោះ ។​

​គេ​នៅ​ចាំ​បាន​ថា ពី​រស​ប្តា​ហ៍​ក្រោយមក សមត្ថកិច្ច​បាន​ចាប់ខ្លួន​ជនសង្ស័យ​៤​នាក់ ដែល​គេ​អះអាង​ថា​ជា​អង្គរក្ស​របស់​លោក ថោ​ង សា​រ៉ាត់ ដែល​គេ​ស្គាល់​ថា​ជា​ថៅកែ​ល្បីឈ្មោះ​មួយ​រូប​រកស៊ី​ច្រើន​មុខរបរ​ដូច​ជា​អចលនទ្រព្យ​ជាដើម និង​ជា​មន្ត្រីជាន់ខ្ពស់​យោធា​មាន​ឋានន្តរស័ក្តិ​ផ្កាយ​២​នៅ​ក្រសួងការពារជាតិ និង​មាន​ងារ​ជា​ឧកញ៉ា​ផង​ដែរ ។​

​ប៉ុន្មាន​ថ្ងៃ ក្រោយ​ការ​ចាប់ខ្លួន​អង្គរក្ស​៤​នាក់​របស់​លោក​ឧកញ៉ា ថោ​ង សា​រ៉ាត់ សមត្ថកិច្ច​ក៍​ឈាន​ទៅ​ចាប់ខ្លួន​លោក ថោ​ង សា​រ៉ាត់ នៅ​ខេត្តស្វាយរៀង កាល​ថ្ងៃ​ទី​១៧ មេ​សា ២០១៥ ខណៈ​ដែល​លោក ថោ​ង សា​រ៉ាត់ ត្រូវ​គេ​អះអាង​ថា​កំពុង​ជិះ​រថយន្ត​ប៉ង​ចូល​ទឹកដី​វៀតណាម ។​

​ដូច​សម្ល​កំពឹស សំណុំរឿង​ឃាតកម្ម​បាញ់​សម្លាប់​លោក អ៊ឹ​ង ម៉េ​ង​ជឺ ដដែល​នេះ សមត្ថកិច្ច​ក៍​ឈាន​ទៅ​ចាប់​ឃុំខ្លួន​ឪពុក​ម្តាយ លោក ថោ​ង សា​រ៉ាត់ គឺ លោក ថោ​ង ចំរើន និង​អ្នកស្រី កែវ សា​វី ជា​ប្រធាន​ក្រុមហ៊ុន​សង់ផ្ទះ​ល្វែង​យីហោ​៩៩៩​បន្ថែម​ទៀត ក្រោយ​រក​ឃើញ​ថា​មាន​លាក់​អាវុធ​ខុសច្បាប់​នៅ​គេហដ្ឋាន ។ ក្រោយមក​ឪពុក​ម្តាយ​លោក​ថោ​ង សា​រ៉ាត់ ដែល​គេ​ស្គាល់​ថា​មាន​ដើម​កំណើត​ជា​ជនជាតិ​យួន​នោះ ត្រូវ​បាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុខ​លេង ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​កាលពី​ថ្ងៃ​ទី​០៦ កុម្ភៈ ឆ្នាំ​២០១៥ ។​

​ជាង​១០​ថ្ងៃ​ក្រោយមក ពោល​គឺ​នៅ​ថ្ងៃ​ទី​១៧ កុម្ភៈ ២០១៥ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រតិកម្ម​ជុំវិញ​ការ​ដោះ​លែង​ឪពុក​ម្តាយ​លោក ថោ​ង សា​រ៉ាត់ ដោយ​លោក​បាន​អំពាវនាវ​ឲ្យ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​បើក​ការ​ស៊ើបអង្កេត​ឡើង​វិញ​លើ​សំណុំរឿង​ឪពុក​ម្ដាយ​លោក​ថោ​ង​សា​រ៉ាត់ ដើម្បី​រក​យុត្តិធម៌​ជូន​គ្រួសារ​ជង​រង​គ្រោះ​។​

​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ជូន​និស្សិត​នៃ​សាកលវិទ្យាល័យ​ធនធានមនុស្ស នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ លោក ហ៊ុន សែន បាន​បញ្ជាក់​យ៉ាង​ដូច្នេះ « ខ្ញុំ​អំពាវនាវ ចំពោះ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ដើម្បី​ពិនិត្យ​ករណី​ទាក់ទង​ជាមួយនឹង សំណុំរឿង បទឧក្រិដ្ឋ​ឃាតកម្ម នៅ​ក្នុង​ទីក្រុង​ភ្នំពេញ រឿង​នេះ​រឿង​មិនធម្មតា​ទេ ខ្ញុំ​គ្មាន​ការ​គាបសង្កត​រឿង​អ្វី ជាមួយ​តុលាការ​ទេ ប៉ុន្តែ​អំណាច​៣ នីតិបញ្ញត្តិ នីតិប្រតិបត្តិ និង​តុលាការ ទោះបី​នីតិ​មួយ​ណា​ក៏​ដោយ អង្គ​មួយ​ណា​ក៏​ដោយ វា​ត្រូវ​មាន​ទំនាក់ទំនង​គ្នា មិន​អាច​នៅ​ដាច់​ពី​គ្នា​បាន​ទេ ។ រាជរដ្ឋាភិបាល ប្រឹង​ដុតដៃដុតជើង បញ្ជា​កម្លាំង​ដើម្បី​តាម​រក​ឃាតករ សម្លាប់​ឧកញ៉ា​អ៉ឹ​ង ម៉េ​ង​ជឺ ទីបំផុត​យើង​សម្រេច​ចាប់​បាន​មួយ​សំបុក ប៉ុន្តែ​រឿង​ដែល​មិន​យល់ គឺ​នៅ​ត្រង់​ថា ឱ្យ​ឳ​ពុក​ម្តាយ របស់​មេ​ក្លោ​ង​ដែល​បញ្ជា​ឃាតករ ដែល​ជាប់​ពិរុទ្ធភាព លើ​បទ​ចោទ​នេះ ឱ្យ​នៅ​ក្រៅ​ឃុំ ហើយ អា​នៅ​ក្រៅ​ឃុំ​នេះ បើ​ធ្វើ​ត្រូវ​តាម​នីតិវិធី គឺ​មិន​អី​ទេ ប៉ុន្តែ​វា​ខុស​នីតិវិធី​ទៅ​ទៀត ។​

​ខ្ញុំ​សួរ​ទៅ​ស្នងការ​រាជធានី​ភ្នំពេញ ឱ្យ ឧ​ប​.​ស ខេ​ង និង លោក អង្គ វង្ស​វ​ឌ្ឍ​នា ស្រាវជ្រាវ ថា​ហេតុផល​សុខភាព និង បទល្មើស​ម​ជ្ឈឹ​ម ។​

​អា​កាំភ្លើង​៨​ដើម គេ​ថា​នេះ ជា​បទល្មើស​ម​ជ្ឈឹ​ម​ទេ អា​កាំភ្លើង​៨​ដើម គេ​ចាត់​ទុក​ថា ជា​បទល្មើស​ម​ជ្ឈឹ​ម បាន​ខ្ញុំ​ស្រែក​តែ​ម្តង ចុះ​អា​កាន់​ព្រនង់​ម៉េច​បាន​ជាប់គុក កាន់​ព្រនង់​ជាប់​ឃុំ ចុះ​អានេះ​កាន់​កាំភ្លើង​៨​ដើម វា​ទៅ​ជា​រួចខ្លួន​។ ដំណើរការ​របស់​តុលាការ លើ​រឿង​ឳ​ពុក​ម្តាយ​ថោ​ង​សា​រ៉ាត់ ថ្ងៃ​ណា? រហូត​ដល់​ដោះ​លែង និង​ចាប់ខ្លួន​ឡើង​វិញ​ល្បឿន​នៃ​ការ ដោះស្រាយ​រឿង​នេះ លឿន​ពេក គឺ​លឿន​រហូត​ដល់​យើង​គួរ​ឆ្ងល់ ឥឡូវ​យើង ពិនិត្យ​អ​ញ្ចេះ អ្វី​ទៅ​ជា​សាលដីការ របស់​តុលាការក្រុង​ខ្លួនឯង អ្វី​ទៅ​ជា​សាលដីការ របស់ សាលាឧទ្ធរណ៍ តើ​ចៅក្រម​សាលា​ដែល អនុញ្ញាត​ឱ្យ​នៅ​ក្រៅ​ឃុំ​នេះ បំពាន​លើ​សាលដីកា​របស់ សាលាឧទ្ធរណ៍ និង​សាលក្រម របស់​ខ្លួនឯង​ដែរ​ឫ​ទេ សុទ្ធតែ​ជា​ចំណោទ​នៃ​បញ្ហា​ទាំងអស់ ខ្ញុំ​មិន​សុខចិត្ត​ទេ ខ្ញុំ​ស្នើ​ឱ្យ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ចាត់វិធានការ​បន្ទាន់​លើ​សំណុំរឿង​មួយ​នេះ ហើយ​ទោះបីជា​ត្រូវ​ដាក់​ជណ្តើរ​ឡើង បើ​ថា​ចុង​ត្នោត​វា​ខ្ពស់ ដាក់​ជណ្តើរ​ឡើង ក៏​ឡើង បើ​ថា​ត្រូវ​ចុះ ក្នុង​ទឹក ក៏​ត្រូវ​ពាក់​ស្អី​ៗ ចុះ​ក្នុង​ទឹក​» ។​

​ប៉ុន្មាន​ថ្ងៃនេះ សាធារណ​មតិ មិន​ទាំង​បាន​វ៉ៃ​តុលាការ មក​វ៉ៃ​តែ​ក្បាល​ហ៊ុន សែន ថា​ហ៊ុន​សែន បញ្ជា​ឱ្យ​នៅ​ក្រៅ​ឃុំ មក​ឆ្កុយ​ទៅ​អ​ញ្ចឹ​ង​ហ្មង ខ្ញុំ​មិន​សុខចិត្ត​ទេ មិន​សុខចិត្ត​ដាច់ខាត​ហើយ​។

​លោ​ក​ប្រមុខ​រាជរដ្ឋាភិបាល​បាន​បញ្ជាក់​ទៀត​ថា​« ខ្ញុំ​មិន​អាច​ទទួលយក​បាន​ទេ សមត្ថកិច្ច​ចាប់​មនុស្ស​ខុស​ទាំងអស់ បើ​តាម​ខ្ញុំ​ស្តាប់​បាន​ទៅ​ទៀត ចៅក្រម​តុលាការ​ភ្នំពេញ ហ៊ាន​អះអាង​ថា ថោ​ង សា​រ៉ាត់ មិន​ជាប់​ពាក់ព័ន្ធ ហ៊ាន​យក​ក្បាល មក​ធានា​ទៀត រឿង​អត់​ទាន់​កាត់ក្តី​ផង សំណុំរឿង​កំពុង​ស្រាវជ្រាវ បែរជា​ចៅក្រម នៅ​សាលាដំបូង ក្រុងភ្នំពេញ ហើយ​រឿង​នេះ​ខ្ញុំ​ស្តាប់​ផ្ទាល់ តែ​ហ៊ាន​ចាប់​ហ្នឹង ត្រូវ​តែ​មួយ​ទេ​ខុស​៣​នាក់ ក្នុង​ចំណោម ៤​នាក់ ថោ​ង សា​រ៉ាត់​គ្មាន​ពាក់ព័ន្ធ បើ​អ​ញ្ចឹ​ង​អ្នក​ដែល​ពាក់ព័ន្ធ​គឺ ជួន សុវណ្ណ ត្រូវ​តែ​ជាប់គុក ព្រោះ​ចាប់​គេ​ខុស​… អ​ញ្ចឹ​ង​អ្នក​ដែល​ជាប់គុក​គឺ​អ្នក​ដែល​ចាប់​គេ អ​ញ្ចឹ​ង​ស ទៅ​ជា​ខ្មៅ ខ្មៅ​ទៅ​ជាស គាត់​ជា​អ្នកកាត់ក្តី អំណាច​ឯករាជ្យ​របស់​គាត់ ហើយ​បើ​គាត់​កាត់​តែ​ធន់​ហ្នឹង យើង​ចាប់​គាត់​លែង យើង​ចាប់​គាត់​លែង ខ្ញុំ​ថា​តែ​ដល់​ម៉ោង ខ្ញុំ​អត់​ចាប់​តុលាការ ខ្ញុំ​ចាប់ចោរ ព្រោះ​មាន​តុលាការ​ខ្លះ ឃុបឃិត​ជាមួយ​ចោរ អ​ញ្ចឹ​ង​យើង​អត់​ទៅ​ចាប់​តុលាការ​ទេ យើង​ចាប់ចោរ វា​ជ្រុល​ពេក បើសិនជា​ធុន​ហ្នឹង​.. ខ្ញុំ​ថា​បើសិនជា ឳ​ពុក​ម្តាយ​របស់​ថោ​ង សា​រ៉ាត់ រត់​រួច គឺ​អ្នក​ដែល​ចុះហត្ថលេខា លែង​ហ្នឹង លោក​ឯង​ឃុបឃិត​ជាមួយ​ចោរ អ​ញ្ចឹ​ង​ខ្ញុំ​ចាប់​លោក​ឯង ព្រោះ​នេះ​មិនមែន​ចាប់​ចៅក្រម​ទេ គឺ​ចាប់ចោរ​។​»​។​

​ក្រោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រតិកម្ម​ខ្លាំង​ខាងលើ ក៍​ស្រាប់តែ លោក អាំង មាលតី ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​នា​ពេល​នោះ ក៍បាន​បាត់បង់​តំណែង​ផង​ដែរ ក្រោយ​ពី​ឪពុក​ម្តាយ​លោក ថោ​ង សា​រ៉ាត់ ត្រូវ​បាន​ចៅក្រម​ដោះ​លែង ។​

​បន្ទាប់​ពី​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុខ​លេង​  សម្រេច​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ដោយ​សំអាង​ថា ឪពុក​ម្តាយ​លោក ថោ​ង សា​រ៉ាត់ មាន​ជំងឺ​ប្រចាំ​កាយ​ធ្ងន់ធ្ងរ ដូច​ជា ជំងឺ​ងងឹតភ្នែក​  ទឹកនោមផ្អែម និង​រោគ​សរសៃប្រសាទ​ជាដើម​នោះ​រួច​មក ០៩​ថ្ងៃ​ក្រោយមក ពោល​គឺ​នៅ​យប់​ថ្ងៃ​ទី​១៥ កុម្ភៈ ២០១៥ លោក ថោ​ង ចំរើន និង អ្នកស្រី កែវ សារី ត្រូវ​បាន សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ជា​ថ្មី​នៅ​ម្តុំ​កំពង់ចម្លង​អ្នក​លឿង​ត្រើយ​ខាងកើត គ្រា​ដែល​អ្នក​ទាំង​ពីរ​ត្រូវ​បាន​គេះ​អះអាង​ថា កំពុង​ភៀសខ្លួន​ទៅ​ប្រទេស​វៀតណាម​ដែល​ជា​ទឹកដី​កំណើត​របស់​អ្នក​ទាំង​ពីរ​។​

​ក្រោយ​ការ​ឃាត់ខ្លួន លោក​ចៅក្រម លី សុខ​លេង ដដែល ក៍បាន​សម្រេច​ដាក់​ជនសង្ស័យ​ទាំង​ពីរ ឲ្យ​ជាប់​ពន្ធនាគារ​ជា​ថ្មី កាលពី​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៥ ក្រោម​បទ​ចោទ​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត ដែល​បាន​ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​០៣ ធ្នូ ២០១៤ នៅ គេហដ្ឋាន​របស់​ខ្លួន ផ្ទះ​លេខ​៩២១ ផ្លូវជាតិ​លេខ​២ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ​។ ជនសង្ស័យ​ទាំង ពីរ ត្រូវ​ផ្តន្ទាទោស​តាម​មាត្រា ៤៩០ នៃ​ក្រមព្រហ្មទណ្ឌ​។​

​ដោយសារ​សំណុំរឿង​វែង​ឆ្ងាយ​«​អង្រុត​» សូម​យក​សាវតា​នៃ​រឿង​ឃាត​កម្មដ៍​កក្រើក​នេះ មក​បញ្ជាក់​រំ​ឮ​ក​ត្រឹម​ថ្ងៃ​កាត់ទោស​និង​ដោះ​លែង​លោក ថោ​ង សា​រ៉ាត់​។​

​នៅ​រសៀល​ថ្ងៃ​ទី​២៦ មីនា ២០១៩ ប្រធាន​ក្រុមប្រឹក្សា​ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក តុ​ប ឈុ​ន​ហេង បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស លោក ថោ​ង សា​រ៉ាត់ និង​បក្ខពួក​ចំនួន​៤​នាក់ ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​សម្លាប់ ឧកញ៉ា អ៊ឹ​ង ម៉េ​ង​ជឺ ។ ជនជាប់ចោទ​មានឈ្មោះ ទី​១)​ឈ្មោះ ថោ​ង សា​រ៉ាត់ ជា​មេ​ក្លោ​ង ទី​២)​ឈ្មោះ ស៊ា​ង វាសនា ទី​៣)​ឈ្មោះ មាស សម្បត្តិ ទី​៤)​ឈ្មោះ កុយ ចាន់​ថុ​ល និង​ទី​៥)​ឈ្មោះ ឈុំ ចិ​ត្រា​។​

​ក្រោយមកនៅថ្ងៃទី០៦ វិច្ឆិកា ២០១៩ ​សាលាឧទ្ធរណ៍​បាន​សម្រេច​ដោះ​លែង លោក ថោ​ង សា​រ៉ាត់ និង​បក្ខពួក​ចំនួន​៣​នាក់​ទៀត ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន លើកលែងតែ​ឈ្មោះ សៀង វាសនា ដែល​ជា​ជន​ដៃដល់​បន្ត​ស្ថិត​នៅ​ក្នុង​ឃុំ​។ ​

​បើ​តាម​សេចក្តី​ប្រកាស​អ្នកនាំពាក្យ​សាលាឧទ្ធរណ៍​ អ្នក​ដែល​ត្រូវ​ដោះ​លែង​ឲ្យ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​ចំនួន​៤​នាក់​នោះ​រួម​មាន ទី​១៖ ថោ​ង សា​រ៉ាត់​, ទី​២៖ ហួយ ចាន់​ថុ​ល​, ទី​៣៖ មាស សម្បត្តិ ហៅ ទូច និង ទី​៤៖ ឈ្មោះ ឃុន ចិ​ត្រា ដោយ​តុលាការ​បាន​ដាក់​លក្ខខណ្ឌ​៤​ចំណុច​ដូច​ជា​៖

១៖ ជនជាប់ចោទ​មិន​ត្រូវ​ចាក​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​មិន​មានការ​អនុញ្ញាត​ពី​តុលាការ​។​
២៖ ហាម​ផ្លាស់​ប្តូរ​លំនៅ​ដ្ឋា​ន​។​
៣៖ ត្រូវ​បង្ហាញខ្លួន​នៅ​ការិយាល័យ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​រៀង​រាល់​ស​ប្តា​ហ៍​ទី​១ រៀង​រាល់​ខែ ។​
៤៖ ចូល​បង្ហាញខ្លួន​តាម​ការ​កោះហៅ​របស់​តុលាការ ឬ អាជ្ញា​ធរមាន​សមត្ថកិច្ច​ដែល​ចាត់តាំង​ដោយ​តុលាការ ។​

​អ្នកនាំពាក្យ​សាលាឧទ្ធរណ៍ បាន​ពន្យល់​ថា ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​ជំនុំជម្រះ​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ៧២៣ ចុះ​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៩ អស់​រយៈពេល ០៥​លើក ដែល​មាន​ជនជាប់ចោទ​ឈ្មោះ ១៖ ថោ​ង សា​រ៉ាត់ ២៖ សៀង វាសនា ៣៖ កួយ ចាន់​ថុ​ល ៤៖ មាស សម្បត្តិ ហៅ ទូច និង ៥៖ ឈ្មោះ ឃុន ចិ​ត្រា ដែល​ត្រូវ​បាន​ជាប់ចោទ​ពី​បទ ផ្តើមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិត​ទុកជា​មុន តាម​មាត្រា​២៨, មាត្រា ២០០ នៃ​ក្រមព្រហ្មទណ្ឌ អំពើ​ឃាតកម្ម​គិត​ទុកជា​មុន តាម​បញ្ញត្តិ​មាត្រា ២០០ នៃ​ក្រមព្រហ្មទណ្ឌ សមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិត​ទុកជា​មុន តាម​បញ្ញត្តិ​មាត្រា ២៩ មាត្រា ២០០ នៃ​ក្រមព្រហ្មទណ្ឌ​។​

​តាម​រយៈ​សវនាការ​នេះ ក្រោយ​ពី​បាន​ពិនិត្យ​សំណុំរឿង និង​លទ្ធផល​នៃ​ការ​សួរ​តទល់​នា​ពេល​សវនាការ និង​ភស្តុ​តាង ក្រុមប្រឹក្សា​ជំនុំជម្រះ​យល់​ថា មាន​ភាព​ចាំបាច់​ត្រូវ​ធ្វើការ​អង្កេត​បន្ថែម ដើម្បី​ជា​ប្រយោជន៍​យុត្តិធម៌​នៃ​សំណុំរឿង និង​បាន​សម្រេច​ចាត់​របៀប​ស៊ើបអង្កេត ហើយ​ក្នុងអំឡុងពេល​នៃ​កិច្ច​ស៊ើបអង្កេត​នេះ មេធាវី​ការពារ​ក្តី​របស់​ជនជាប់ចោទ​០៤​រូប បាន​ដាក់​ពាក្យសុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន និង​មានការ​បញ្ជាក់​ពី​មូលហេតុ​ជា​អំណះអំណាង​។​

​អ្នកនាំពាក្យ​បាន​ពន្យល់​បន្ត​ថា ការ​បើក​ការ​ស៊ើបសួរ​បន្ថែម អាច​ត្រូវការ​រយៈពេល​យូរ​បន្ថែម​ទៀត ដោយសារ​សំណុំរឿង​នេះ​មាន​លក្ខណៈ​ស្មុ​គ្រ​ស្មាញ ព្រម​ជាមួយ​គ្នា​នេះ​កម្រិត​នៃ​ភស្តុ​តាង​ទាក់ទង​នឹង​ជនជាប់ចោទ ដែល​បាន​ដាក់​ពាក្យសុំ​នៅ​មាន​កម្រិត ហើយ​ក្រុមប្រឹក្សា​យល់​ថា ការ​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​នេះ ដោយសារ​ពុំ​មាន​តម្រុយ​ភស្តុ​តាង​ណាមួយ ដែល​បញ្ជាក់​ពី​មូលហេតុ​ចាំបាច់​នៃ​ការ​ឃុំខ្លួន​បណ្តោះអាសន្ន​តាម​មាត្រា ២០៥ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ទេ​។​

​ក្នុង​ចំណោម​ជនជាប់ចោទ​ទាំង​០៤​នាក់​នេះ​ក៏​មាន​ជនជាប់ចោទ​ដែល​មាន​សុខភាព​ទ្រុឌទ្រោម គប្បី​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ថែទាំ​ព្យាបាល ដោយ​ពេទ្យ​ជំនាញ​ឯកទេស​ផង​ដែរ​។ ការ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​នេះ ត្រូវ​បាន​ជំនួស​ដោយ​ការ​ដាក់​ឲ្យ​ជនជាប់ចោទ​ស្ថិត ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ តាម​លក្ខខណ្ឌ​ចំពោះ​ជនជាប់ចោទ​ឈ្មោះ ១៖ ថោ​ង សា​រ៉ាត់ ២៖ ហួយ ចាន់​ថុ​ល ៣៖ មាស សម្បត្តិ ហៅ ទូច និង ៤៖ ឈ្មោះ ឃុន ចិ​ត្រា​។​

​ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​បែប​នេះ ដោយ​ផ្អែក​ទៅ​លើ​មាត្រា ៣៨ នៃ​រដ្ឋធម្មនុញ្ញ មាត្រា ២០០៣ មាត្រា ២០៥ មាត្រា ២២០ មាត្រា ២២៣ មាត្រា ២២៦ មាត្រា ៣០៧ មាត្រា ៣៨៧ មាត្រា ៣៩៦​នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ ។

តើសំណុំរឿងឃាតកម្មរញ្ជួយមេឃកាលពី៦ឆ្នាំមុន ( ២២ វិច្ឆិកា ២០១៤-២២ វិច្ឆិកា ២០២០) នឹងត្រូវបិទ​បញ្ចប់នៅពេលណា ហើយគិតត្រឹមពេលនេះដែរ តើយុត្តិធ៌ម​សម្រាប់ក្រុមគ្រួសារលោកឧកញ៉ា អ៊ឹង ម៉េងជឺ មានកម្រិតណា ? ៕