អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានមានប្រសាសន៍ថា ចំណងមិត្តភាព និងសាមគ្គីភាពរវាងកម្ពុជា-វៀតណាម ដែលមានតាំងពីយូរណាស់មកហើយនៅក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺនៅតែបន្ត មិនអាចបាត់ភាគីណាមួយឡើយ ។
ឆ្លើយតបទៅនឹងសំណួររបស់ VOD ជុំវិញការលើកឡើងរបស់លោកស្រី Lê Thị Thu Hằng អ្នកនាំពាក្យក្រសួងការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនៅក្នុងសន្និសីទកាសែតកាលពីថ្ងៃទី១៩ វិច្ឆិកា ២០២០ ដែលថា ទំនាក់ទំនងរវាងកម្ពុជានិងវៀតណាម នៅតែល្អូកល្អឺនរវាងគ្នានឹងគ្នា ហើយបានច្រានចោលការចុះផ្សាយទាំងឡាយណាដែលថា ទំនាក់ទំនងរវាងប្រទេសទាំងពីរមានផលប៉ះពាល់ដោយសារតែកម្ពុជាងាកទៅជិតស្និទ្ធជាមួយចិននោះ លោក សុខ ឥសាន បានបញ្ជាក់យ៉ាងដូច្នេះ
«មិនអាចបាត់មួយមានមួយបានទេ យើងមិនអាចលើកទឹកដីវៀតណាមឬទឹកដីកម្ពុជាឱ្យឆ្ងាយពីគ្នាបានទេ។ នេះជាកត្តាសត្យានុម័តដែលរាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា មាននយោបាយកសាងមិត្តភាព សាមគ្គីភាពជាមួយប្រទេសជិតខាង ដែលមិនមែនតែជាមួយប្រទេសវៀតណាមទេ គឺមានប្រទេសឡាវ ថៃ គឺយើងមានគោលនយោបាយការបរទេសត្រឹមត្រូវល្អ ដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋជាមួយប្រទេសជិតខាង»។
បើតាមអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារូបនេះ ការដែលលើកឡើងថា ទំនាក់ទំនងវៀតណាម-កម្ពុជាមានផលប៉ះពាល់ ដោយសារតែកម្ពុជាងាកទៅជិតស្និទ្ធជាមួយចិននោះ គឺជាល្បិចកលរបស់ក្រុមប្រឆាំងដែលលោកថាតែងតែបំបែកបំបាក់សាមគ្គីភាពកម្ពុជាវៀតណាមតែប៉ុណ្ណោះ៕