មិនចង់ជ្រលក់រកទេ តែជង្ហុកនៅភ្លើងស្តុបវត្តចាក់អង្រែក្រោមជិតក្លាយជាត្រពាំងហើយ

កំណាត់​ផ្លូវជាតិ​លេខ​២ ចាប់ពី​ចំណុច​ចាក់​អង្រែ​លើ​ដល់​ចំណុច​មុខ​វត្ត​ចាក់​អង្រែ​ក្រោម កែង​ផ្លូវបត់​ចូល​ទៅ​កាន់​ផ្លូវ​៦០​ម៉ែត្រ ចាប់ផ្តើម​ខូច​បណ្តើរ​ៗ​ហើយ ជា​ពិសេស​នៅ​ចំណុច​ភ្លើងស្តុប​មុខ​វត្ត​ចាក់​អង្រែ​ក្រោម​ជង្ហុក ជិត​ក្លាយជា​ត្រពាំង​ទៅ​ហើយ ដោយសារ​តែ​រថយន្ត​ដឹក​ខ្សាច់​បំផ្លាញ ។​

«​អង្រុត​» ធ្លាប់​បាន​លើក​ឡើងជា​ច្រើន​ដង​ហើយ ប៉ុន្តែ​និយាយ​បាន​ត្រឹមតែ​និយាយ ព្រោះ​«​អង្រុត​»​គ្មាន​អំណាច​អ្វី​ទៅ​ចាប់បង្ខំ ឬ​បញ្ជា​អាជ្ញាធរ​ពាក់​ព័​ន្ឋ​នោះ​ទេ គ្រាន់តែ​សុំ​ធ្វើ​ត្រឹមតែ​ជា​ជួង​បន្លឺ​សម្លេង ឬ នាំសារ​ពី​ប្រជាពលរដ្ឋ​អ្នក​ធ្វើ​ដំណើរ​និង​ពលរដ្ឋ​មួយ​ដែល​មាន​លំនៅ​ដ្ឋា​ន​នៅ​ក្នុង​សង្កាត់​ចាក់​អង្រែ​លើ​និង​ចាក់​អង្រែ​ក្រោម ដែល​ពួក​គាត់​បារម្ភ​ពី​សុវត្ថិភាព​លើ​ទ្រូងផ្លូវ ដី​ហុយ​ប៉ះពាល់​សុខភាព និង​ការ​ខូច​ផ្លូវ​សាធារណៈ​តែ​ប៉ុណ្ណោះ ។ អ្វី​ដែល​«​អង្រុត​» ចុះ​ផ្សាយ គឺ​គ្រាន់តែ​ចង់​សំណូមពរឲ្យអាជ្ញាធរ​ពិនិត្យ​ល​ទ្ឋ​ភាព​អន្តរាគមន៍​ជួយ​ដោះស្រាយ​បញ្ហា​រថយន្ត​ដឹក​ខ្សាច់​របស់​ដេប៉ូ​ខ្សាច់​២​កន្លែង​នៅ​សង្កាត់​ចាក់​អង្រែ​លើ ហើយ​ដែល​មួយ​កន្លែង​នោះ​ម្ចាស់​ក្រុមហ៊ុន​ខ្សាច់ ត្រូវ​បាន​គេ​ដឹង​ថា​មាន​អំណាច​និង​ឥ​ទ្ឋិ​ពល ដែល​កំពុង​តែ​បំផ្លាញ​ផ្លូវ​សាធារណៈ បរិស្ថាន និង​អាច​បង្ក​គ្រោះថ្នាក់​ចរាច​ណ៍ ព្រោះតែ​រថយន្ត​ដឹក​ខ្សាច់​មួយ​ចំនួន​បើក​ល្មើសច្បាប់ (​ភាសា​សាមញ្ញ​ថា​អ្នកបើកបរ​បើក​ឈ្លើយ​)..​តែ​ប៉ុណ្ណោះ​។​

​សូម​បញ្ជាក់​ថា កន្លង​មក​ក្រុមហ៊ុន​ខ្សាច់​ខាងលើ ត្រូវ​បាន​ប្រជាពលរដ្ឋ​អ្នក​ធ្វើ​ដំណើរ​និង​ពលរដ្ឋ​ដែល​រស់នៅ​អម​សងខាង​កំណាត់​ផ្លូវជាតិ​លេខ​២ ពី​ចំណុច​ចាក់​អង្រែ​លើ​ដល់​ចំណុច​មុខ​វត្ត​ចាក់​អង្រែ​ក្រោម កែង​ផ្លូវបត់​ចូល​ទៅ​កាន់​ផ្លូវ​៦០​ម៉ែត្រ រិះគន់​និង​ស្នើ​ឲ្យ​អាជ្ញាធរ​ពាក់​ព័​ន្ឋ​ទាំងអស់​ដោះស្រាយ ខណៈ​រថយន្ត​ដឹក​ខ្សាច់​របស់​ក្រុមហ៊ុន​ដែល​គេ​មិន​ស្គាល់ឈ្មោះ​នេះ បាន​និង​កំពុង​បំផ្លាញ​កំណាត់​ផ្លូវជាតិ​លេខ​២ និង​ប៉ះពាល់​ដល់​បរិស្ថាន ក៍​ដូច​ជា​ការ​កកស្ទះ​ចរាចរណ៍​ស្ទើរ​រាល់ថ្ងៃ ប៉ុន្តែ​នៅ​តែ​គ្មាន​ដំណោះស្រាយ​។​

​ក្រៅពី​នោះ​ប្រជាពលរដ្ឋ​អ្នកដំណើរ និង​អ្នក​រស់នៅ​អម​សងខាង​កំណាត់​ផ្លូវជាតិ​លេខ​២ និង​ផ្លូវ​៦០​ម៉ែត្រ ស្ថិត​ក្នុង​សង្កាត់​ចាក់​អង្រែ​លើ និង​សង្កាត់​ចាក់​អង្រែ​ក្រោម ក៍បាន​សម្ដែង​នូវ​ក្ដី​ព្រួយបារម្ភ​ជា​ខ្លាំង ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​ផង​ដែរ ខណៈ​ខ្សាច់​ដែល​បន្សល់​ពី​ការ​ធ្លាក់​កំពប់​តាម​ដងផ្លូវ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដល់​អ្នក​ជិះ​ម៉ូតូ​រអិល​ដួល​បោក​នឹង​ថ្នល់ បណ្ដាល​ឲ្យ​រង​របួស​ជា​ញឹកញាប់ និង​រថយន្ត​ដឹក​ខ្សាច់​ធុន​យក្ស​បាន​ដឹក​ជញ្ជូន​ដីខ្សាច់​ចេញពី​ដេប៉ូ​ខ្សាច់ នៅ​មាត់​ទន្លេបាសាក់ ផ្លូវជាតិ​លេខ​២ ចំនួន​២​កន្លែង ស្ថិត​ក្នុង​សង្កាត់​ចាក់​អង្រែ​លើ ដែល​ដឹក​ចេញចូល​បើក​ឆ្លងកាត់​តាម​ផ្លូវជាតិ​លេខ​២ មិន​បាន​គ្រប​តង់​ឲ្យ​បាន​ត្រឹមត្រូវ​ទេ ធ្វើ​ឲ្យ​ហូរ​ទឹក​កក្លាក់ កំពប់​ដី និង​ខ្សាច់​ធ្លាក់​ពេញ​ផ្លូវ ប៉ះពាល់​ដល់​សុខភាព​ជា​រៀង​រាល់​យប់​ថ្ងៃ ។​

​អ្នក​តាមដាន​សង្គម​មួយ​ចំនួន​បាន​លើក​ឡើង​ថា មិនយូរ​នោះ​ទេ កំណាត់​ផ្លូវជាតិ​លេខ​២​ចាប់ពី​ចំណុច​ទីតាំង​ការដ្ឋាន​ខ្សាច់​នៅ​ចាក់​អង្រែ​លើ រហូត​ដល់​ចំណុច​ភ្លើងស្តុប​មុខ​វត្ត​ចាក់​អង្រែ​ក្រោម (​ផ្លូវបត់​ចូល​ទៅ​ផ្លូវ​៦០​ម៉ែត្រ​) នឹង​រង​ការ​ខូចខាត ហើយ​បើ​ខូច​មិន​ថា​ធ្ងន់ធ្ងរ​ឬ​យ៉ាងណា​នោះ​ទេ កំណាត់​ផ្លូវ​ខាងលើ​នឹង​ត្រូវ​អាជ្ញាធរ ពិសេស​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​នឹង​ធ្វើការ​ជួសជុល ឬ ក៍​ស្ថាបនា​ឡើង​វិញ ហើយ​បើ​ធ្វើការ​ជួសជុល ឬ​ស្ថាបនា​ជៀស​មិន​ផុត​ទេពី​ដី​ហុយ ការ​កកស្ទះ​ចរាចរណ៍​និង​ខាត​ពេលវេលា​សម្រាប់​ពលរដ្ឋ ខណៈ​ពេល​នេះ​ផលប្រយោជន៍​គឺ​បាន​ទៅ​ថៅកែ​ខ្សាច់​តែ​ម្នាក់​ប៉ុណ្ណោះ ៕