រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ បាននិងកំពុងបើកស៊ើបសួរលើសំណុំរឿងអតីតតារាកំប្លែងនាង ឃ្មឹប និងបក្ខពួកពាក់ព័ន្ធគ្រឿងញៀន ខណៈជនសង្ស័យត្រូវសមត្ថកិច្ចនគរបាលខណ្ឌដូនពេញ បញ្ជូនទៅសាលាដំបូងកាលពីរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ នេះ ។
សេចក្តីរាយការណ៍បន្តថា ហើយអ្វីដែលធ្វើឲ្យនាងឃ្មឹបស្រក់ទឹកភ្នែក គឺពេលដែលសមត្ថកិច្ចបញ្ជូនខ្លួនទៅដល់កន្លែងធ្លាប់បង្ហូរទឹកភ្នែកអាណិតកូនបុរសដោយជាប់ឈ្មោះជាឃាតករ ពេលនោះនាងឃ្មឹបក៏អួលដើម.ករកអ្វីថ្លែងមិនរួចនោះទេ ខណៈខ្លួនក៏ជាប់ពាក់ពន្ធគ្រឿងញៀន ក៏គេចមិនផុតពីពន្ធនាគារនេះផងដែរ ។
សេចក្តីរាយការណ៍បន្តថា ជនសង្ស័យទាំង៧នាក់ខាងលើមាន ១-ឈ្មោះ រ៉េន សុធារី ហៅ ឃ្មឹប ភេទស្រី អាយុ៤៦ឆ្នាំ អតីតតារាកំប្លែង, ២-ឈ្មោះ ឈួន សំណាង ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅកន្លែងចាប់ខ្លួន (ជួញដូរគ្រឿងញៀន), ៣-ឈ្មោះ ឈួន រ៉ាទី ភេទស្រី អាយុ១៦ឆ្នាំ (ប្រើប្រាស់គ្រឿងញៀន), ៤-ឈ្មោះ វណ្ណា វណ្ណី ភេទប្រុស អាយុ៣០ឆ្នាំ (ប្រើប្រាស់គ្រឿងញៀន), ៥-ឈ្មោះ ប្រាក់ បញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ (ប្រើប្រាស់គ្រឿងញៀន), ៦.ឈ្មោះ មុត បញ្ញា ភេទប្រុស អាយុ៣០ឆ្នាំ (ប្រើប្រាស់គ្រឿងញៀន) និង៧-ឈ្មោះ ម៉ៅ ម៉ាប់ ភេទស្រី អាយុ៣៥ឆ្នាំ (ប្រើប្រាស់គ្រឿងញៀន) ។
សូមរំលឹកថា អតីតតារាកំប្លែងនាងឃ្មឹប និងបក្ខពួកត្រូវកម្លាំងសម្ថកិច្ចនគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនកាលពីម៉ោង៥ល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅចំណុចក្បែរបារតុមុខ ផ្លូវជាតិលេខ៥ ក្នុងភូមិ១៦ សង្កាត់ស្រះចក ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ។ ហើយអតីតតារាកំប្លែងជើងចាស់នាងឃ្មឹប ដែលមានឈ្មោះបោះសម្លេងគួរសមម្នាក់ តែបាត់មុខអស់រយៈពេលជាច្រើនឆ្នាំ រួមទាំងបក្ខពួកប្រុស-ស្រីចំនួន៦នាក់ ស្ថិតក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀនរបស់សមត្តកិច្ច ដែលក្នុងនោះរួមទាំងដកហូតថ្នាំញៀនចំនួន១៥កញ្ចប់ ជាវត្ថុតាងផង ។
ក្រោយពេលយុទ្ធនាការបង្ក្រាបត្រូវបានបញ្ចប់ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី ប៉ុន្តែអ្វីដែលធ្វើមជ្ឈដ្ឋានហួសចិត្ត គឺអតីតតារាកប្លែង គឺនាងឃ្មឹប នេះ នាងបានធ្លាក់ខ្លួនក្នុងក្រុមជនប្រព្រឹត្តបទល្មើសគ្រឿងញៀនទៅវិញ ។
សូមរំលឹកទៀតថា នាង ឃ្មឹប អតីតជាប្រពន្ធនាយហុងដា ក្រោយមកអតីតប្តីប្រពន្ធមួយគូរនេះបានចែកផ្លូវគ្នា ពេលនោះនាង ឃ្មឹប ក៏ធ្លាក់ខ្លួនឆ្ងាយពីអ្នកសីល្បៈទៅរស់នៅស៊ីឈ្នួលដាំដំឡូងឲ្យគេនៅជាប់ព្រំប្រទល់ដែនកម្ពុជា-ថៃ ។ ចំណែកនាយហុង ដា ក៏សាងជីវិតថ្មីចាប់យកគូមួយទៀត និងបង្កើតជាចំណងដៃម្នាក់កូនស្រីម្នាក់ ស្រាប់តែមានថ្ងៃមួយកូនប្រុសនាងឃ្មឹប រួមជាមួយសង្សារបានធ្វើសកម្មភាពវាយសម្លាប់ប្រពន្ធក្រោយរបស់ឪពុក បណ្តាលឲ្យបាត់បង់ជីវិតក្នុងបន្ទប់ផ្ទះជួល ចោលកូនទើបប្រសូត្របានប៉ុន្មានថ្ងៃខែប៉ុណ្ណោះ ។
សូមរំលឹកបន្តទៀតថា ការសម្លាប់ម្តាយចុងរបស់កូនប្រុសរបស់នាងឃ្មឹប គឺផ្តើមចេញពីឥទ្ធិពលគ្រឿងញៀនដែលកើតឡើងកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះជួលមួយកន្លែងក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ បន្ទាប់ពីប្រព្រឹត្តរួចពួកគេគេចខ្លួនបាន១ថ្ងៃក៏ត្រូវ សមត្ថកិច្ចកងរាជអាវុធហត្ថតាមចាប់ខ្លួនតែម្តង ។ ក្រោយមកសំណុំរឿងនេះត្រូវតុលាការលើកយកទៅបើកសវនាការ និងប្រកាសសាលក្រមផ្តន្ទាទោសលើកូននាងឃ្មឹបដាក់គុកអស់មួយជីវិត ចំណែកនាងជាសង្សារត្រូវដាក់ពន្ធនាគារ១៥ឆ្នាំ ។
គួររំលឹកទៀតថា បន្ទាប់ពីកូនចូលពន្ធនាគារហើយ នាងឃ្មឹប ក៏ចេញទៅប្រកបមុខរបរស៊ីឈ្នួលដកដំឡូងឲ្យគេនៅជាយដែនកម្ពុជា-ថៃវិញ លុះក្រោយមកគេសង្កេតឃើញនាងឃ្មឹប លេចមុខក្នុងកញ្ចក់ទូរទស្សន៍ចូលលេងសម្តែងសិល្បៈជាមួយក្រុមនាយកុយ ប៉ុន្តែមិនបានប៉ុន្មានផងក៏បាត់មុខទៀត ស្រាប់តែចុងក្រោយនេះ នាងឃ្មឹប ត្រូវសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធគ្រឿងញៀនប្រព្រឹត្តនៅរាជធានីភ្នំពេញ ជាមួយបក្ខពួក៦នាក់តែម្តង ។
សូមបញ្ជាក់ថា សំណុំរឿងនាងឃ្មឹប ពេលនេះកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរ តែទោះជាយ៉ាងណា ជោគវាសនាតារាសីល្បៈរូបនេះ ទំនងមិនអាចគេចផុតពីការឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ននោះទេ ។ ហើយអ្វីដែលធ្វើឲ្យនាងឃ្មឹប កាន់តែក្តុកក្តួលនោះ គឺនៅពេលដែលសមត្ថកិច្ចបញ្ជូនខ្លួនទៅដល់កន្លែងធ្លាប់បង្ហូរទឹកភ្នែកអាណិតកូន ដោយជាប់ឈ្មោះជាឃាតករសម្លាប់ម្តាយចុង ដែលត្រូវជាប្រពន្ធអតីតប្តី (នាយហុងដា) ពេលនោះនាងឃ្មឹបក៏អួលដើម.ករកអ្វីថ្លែងមិនរួច ខណៈដែលខ្លួននាងឃ្មឹបក៏ជាប់ពាក់ព័ន្ធគ្រឿងញៀន ដែលត្រូវទៅដេកក្នុងពន្ធនាគារផងដែរ ។ (កែសម្រួលដោយ ៖ បុប្ផា)