រាជធានីភ្នំពេញ ៖ បុរសជាអ្នករត់ម៉ូតូកង់បីម្នាក់ដែលគេសង្ស័យថាត្រូវថ្នាំសណ្តំ និងប្រទះឃើញដេកនៅលើកង់បីកាលពីព្រឹកថ្ងៃទី១៩ ឧសភា កន្លងមកនេះ ហើយបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅចំណុចរង្វង់មូលកាំកូសុីធីស្ថិតក្នុងភូមិទួលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ត្រូវបានស្គាល់អត្តសញ្ញាណហើយ ក្រោយពីបុរសរូបនោះត្រូវបានប្រពន្ធនាំយកចេញពីមន្ទីរពេទ្យកាលពីយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ត្រឡប់ទៅផ្ទះវិញនៅឯខណ្ឌសែនសុខ ។ គួររំលឹកថា មានរឿងអ្វីទៅ! នារីវ័យក្មេងអោបថើបអ្នករត់កង់បីក៏ស្ងាត់ឈឹង រួចនាងយួរថង់ដើរចេញ
បើតាមប្រភពពីស្ត្រីឈ្មោះយិន ស្រីកែវ អាយុ៣៣ឆ្នាំ មានទីលំនៅភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវជាប្រពន្ធបុរសរត់ម៉ូតូកង់បីម្នាក់ខាងលើបានរៀបរាប់ឲ្យដឹងថា បុរសដែលដេកសន្លប់ស្តូកស្តឹងក្នុងម៉ូតូកង់បីនោះគឺជាប្តីរបស់គាត់មានឈ្មោះចេង សោភ័ណ អាយុ៣៦ឆ្នាំ មុខរបររត់ម៉ូតូកង់បី ។
ស្ត្រីជាប្រពន្ធបានបន្តថា នៅវេលាម៉ោងជាង៩យប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ប្តីបានទូរស័ព្ទមកគាត់ថា ឱ្យយកចេញពីមន្ទីរពេទ្យកាល់ម៉ែតផង ប៉ុន្តែពេលប្តីនិយាយមកកាន់គាត់ហាក់បីដូចជាមានសតិមិនប្រក្រតីខុសប្លែកពីសព្វដង ។ ដោយមានការសង្ស័យផង ម្យ៉ាងទៀតបាត់ប្តីមួយយប់ បែរជាប្តីទូរស័ព្ទចេញពីមន្ទីរទៅវិញ ដើម្បីចង់ដឹងការពិត គាត់ក៏បាននាំសាច់ញាតិទៅកាន់មន្ទីរកាល់ម៉ែត ។
ស្ត្រីជាប្រពន្ធបានឲ្យដឹងបន្តថា នៅពេលទៅដល់មន្ទីរកាល់ម៉ែតនៅអាគារសង្គ្រោះបន្ទាន់ ស្រាប់តែឃើញប្តីរបស់គាត់កំពុងតែដេកនៅគ្រែទាំងមានបន្តោងសេរ៉ូមផងដែរ ។ បើតាមការឲ្យដឹងពីគ្រូពេទ្យបានប្រាប់គាត់ថា ប្តីរបស់គាត់ត្រូវបានរថយន្តសាមុយដឹកមកដល់អាគារសង្គ្រោះបន្ទាន់នៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១៩ ខែឧសភា រួចក្រុមគ្រូពេទ្យបានរៀបចំបន្តោងសេរ៉ូមដែរ ប៉ុន្តែតែងតែបោចសេរ៉ូមចេញ ។ ដោយមិនចង់ឲ្យក្រុមគ្រូពេទ្យពិបាក ក៏ដូចជាការសំណូមពរបស់ប្តីឲ្យយកទៅផ្ទះវិញផងនោះ ទើបគាត់បានសុំដល់អ្នកទទួលខុសមន្ទីរពេទ្យ ហើយគេក៏ឯកភាពឲ្យនាំប្តីចេញទៅផ្ទះនៅវេលាម៉ោងម៉ោងជិត១២ ។
ស្ត្រីជាប្រពន្ធបានបន្តថា ប្តីរបស់គាត់ទើតែរត់ម៉ូតូកង់បីមួយគ្រឿងដែលមានពាក់ស្លាកលេខ ១HU-៥៤៤០ ពណ៌ស បានប្រហែល៧ខែប៉ុណ្ណោះ ដោយបានខ្ចីលុយពីធនាគារ ហើយក្នុងមួយខែត្រូវបង់ឲ្យធនាគារ១៥០ដុល្លារ ។ ជារៀងរាល់ថ្ងៃប្តីរបស់គាត់តែងតែចូលផ្ទះនៅម៉ោង១២យប់ មានថ្ងៃខ្លះម៉ោងមួយយប់ក៏មានដែរ ប៉ុន្តែនៅថ្ងៃទី១៨ ឧសភា ប្តីគាត់បានចេញពីផ្ទះវេលាម៉ោង៨ព្រឹក ។ លុះដល់ពាក់កណ្តាលអាធាត្រឈានចូលថ្ងៃទី១៩ ឧសភា អត់ឃើញប្តីត្រឡប់មកផ្ទះវិញ ហើយគាត់ទូរស័ព្ទទៅប្តីដែរ តែមិនចូលសោះ ។ គាត់ក៏កើតមានការសង្ស័យដែរ តែមិនដឹងធ្វើម្តេចនាំគ្នារង់ចាំទាល់ភ្លឺ ម្យ៉ាងវិញទៀតប្តីគាត់រត់ម៉ូតូកង់បីនេះចល័តរហូតមិននៅមួយកន្លែងឲ្យច្បាស់លាស់នោះទេ ។ លុះដល់ថ្ងៃទី១៩ ខែឧសភា វេលាម៉ោងជាង៩យប់ទើបមានគេទូរស័ព្ទមកប្រាប់ថា ប្តីរបស់គាត់កំពុងដេកនៅមន្ទីរពេទ្យកាល់ម៉ែត អាគារសង្គ្រោះបន្ទាន់ ។
ស្ត្រីជាប្រពន្ធបានឱ្យដឹងបន្តទៀតថា ៖ គ្រូពេទ្យមិនបានប្រាប់ថា ប្តីរបស់គាត់កើតជំងឺអ្វីនោះទេ ពេលមកដល់ផ្ ទះស្ថានភាពប្តីរបស់គាត់និយាយមិនដឹងខុសត្រូវនោះឡើយ ហើយសាច់ញាតិកំពុងតែឲ្យផឹកទឹកក្រូចឆ្មារ ក្រែងបានធូរស្បើយ ។ នៅក្នុងហេតុការខាងលើនេះដែរ ប្តីរបស់គាត់បានបាត់ទូរស័ព្ទដៃមួយគ្រឿងតម្លៃជាង២០០ដុល្លា ហើយទូរស័ព្ទនេះកំពុងបង់រំលួសផងដែរ រីឯលុយកាក់គាត់មិនបានដឹងនោះទេ ។ ស្ត្រីជាប្រពន្ធក៏បានថ្លែងអំណរគុណដល់អ្នកយកព័ត៌មានកោះសន្តិភាពដែលបានផ្តល់ដំណឹងដល់ក្រុមគ្រួសាររបស់គាត់ថា ម៉ូតូកង់បីរបស់ប្តីគាត់ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅនគរបាលប៉ុស្តិ៍រដ្ឋបាលទួលសង្កែទី១ ខណ្ឌឫស្សីកែវ ខណៈដែលគាត់យល់ថា ម៉ូតូកង់បីបានបាត់ទៅហើយនោះ ។
គួរបញ្ជាក់ថា ៖ មានការភ្ញាក់ផ្អើលកាលពីម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅរង្វង់មូលកាំកូស៊ីធី ស្ថិតក្នុងភូមិទួលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ខណៈបុរសម្នាក់ពុំត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ដែលគេស្គាល់ត្រឹមថា ជាអ្នករត់ម៉ូតូកង់បី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1HU5440 មួយគ្រឿង បើតាមសាក្សីដែលជាអ្នកលក់ចាខ្វៃនៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា បុរសរូបនោះបានសន្លប់ដេកស្តូកស្តឹងតាំងពីម៉ោងប្រមាណ១រំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែឧសភា មកម៉្លេះ បន្ទាប់ពីគាត់បានដឹកនារីវ័យក្មេងម្នាក់ ។
បើតាមប្រភពព័ត៌មានបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសរត់កង់បីរូបនោះបានដឹកនារីវ័យក្មេងម្នាក់ស្លៀករ៉ូបឈុតគេង ពណ៌ស្វាយ ធ្វើដំណើរពីត្បូងទៅជើង បានមកឈប់នៅកន្លែងកើតហេតុ ក៏ឮសូរសម្លេងឈ្លោះប្រកែកគ្នា ហើយទំនងជាអ្នកម៉ូតូកង់បីទារលុយ ។ ក្រោយមក គេក៏ឃើញនារីរូបនោះបានស្ទុះទៅអោបថើបអ្នករត់ម៉ូតូកង់បី ហើយក៏ស្ងាត់ឈឹងតែម្តង។
តាមប្រភពដដែលបានឱ្យដឹងទៀតថា មួយសន្ទុះស្រាប់តែគេឃើញនារីរូបនោះក៏បានដើរចេញទៅដោយមានយួរស្បោងចំនួន២ទៀតផង ក្រោយមកក៏មានការភ្ញាក់ផ្អើលតែម្តង នៅពេលឃើញអ្នករត់ម៉ូតូកង់បី បានដេកសន្លប់ស្តូកស្តឹងនៅលើម៉ូតូកង់បី ហូតដល់ភ្លឺ ហើយក៏មានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចហៅរថយន្តសាមុយមកដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ៕ (កែសម្រួលដោយ ៖ ធីតា)