រាជធានីភ្នំពេញ៖ ចាត់ទុកជាវិវត្តន៍មួយដ៏ប្រសើរដោយកម្ពុជាក្រោយពីព្យាបាលជាសះស្បើយអស់នូវអ្នកជំងឺកូវីដ-១៩ បាន១០០ភាគរយ និងមិនមានការរកឃើញនូវការឆ្លងថ្មីនោះ នាថ្ងៃទី ២០ ឧសភា នេះក្រសួងសុខាភិបាល បានប្រកាសសម្រេចអនុញ្ញាតឲ្យភ្ញៀវបរទេស មកពីប្រទេសចំនួន៦ ដែលក្នុងនោះមានដូចជា អ៊ឺរ៉ង់ អ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក អាចចូលមកប្រទេសកម្ពុជាបានវិញហើយ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចេញនៅមុននេះបន្តិចបានឲ្យដឹងថាការអនុញ្ញាតឱ្យភ្ញៀវបរទេស មកពីប្រទសទាំង ៦ អាចចូលមកកម្ពុជាឡើងវិញគឺត្រូវបានធ្វើឡើងតាមចំណារឯកភាព និងអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ និងយោងតាមការវិវត្តន៍សភាពការណ៍ នៃការរីករាលដាលជំងឺកូវីដ១៩ ផងដែរ ។
សូមរម្លឹកថាកន្លងមកកម្ពុជាបានចេញបម្រាមមិនឲ្យជនបរទេសទាំង ៦ នេះចូលកម្ពុជាចាប់តាំងពីពាក់កណ្តាលខែមីនា ឆ្នាំ២០២០ កន្លងទៅ បន្ទាប់ពីមានការផ្ទុះនូវការរីករាលដាលជំងឺកូវីដ១៩ កាន់តែខ្លាំងក្លា នៅក្នុងប្រទេសទាំងនោះ ជាពិសេសកន្លងមករណីកូវីដ១៩ រកឃើញនៅកម្ពុជាភាគច្រើនលើសលប់ជាករណីនាំចូលនោះ ។
សូមបញ្ជាក់ថាកម្ពុជារកឃើញនិងព្យាបាលបានជាសះស្បើយ ១០០ ភាគរយនៃអ្នកជំងឺកូវីដ-១៩ ទាំង ១២២ នាក់ ។ ហើយនៅថ្ងៃនេះផងដែរ ក៏មានការអនុញ្ញាតឲ្យបើកសារមន្ទីរឡើងវិញដើម្បីទទួលភ្ញៀវជាតិនិងអន្តរជាតិផងដែរ ៕