ជាថ្មីម្តងទៀត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា លោកបានត្រៀមរួចរាល់អស់ហើយនូវព្រះរាជក្រឹត្យ ដើម្បីថ្វាយព្រះមហាក្សត្រដាក់ប្រទេសក្នុងគ្រាមានអាសន្ន ប៉ុន្តែលោកថា លោកមិនចង់ដើរដល់ជំហាននេះទេ(ការដាក់ប្រទេសក្នុងគ្រាអាសន្ន) ព្រោះវាធ្វើឲ្យសេដ្ឋកិច្ចជាតិគាំងទាំងស្រុងតែម្តង ។
ការប្រកាសរបស់លោក ហ៊ុន សែន ខាងលើ បានធ្វើឡើងនៅគ្រាដែលគេមើលឃើញថា មេរោគកូវីដ១៩ ហាក់កំពុងរីករាលដាលចូលក្នុងសហគមន៍គួរឲ្យព្រួយបារម្ភ ខណៈដែលអ្នកឆ្លងកូវីដ១៩នៅក្នុងសហគមន៍បានកើនដល់៣០នាក់ហើយ គិតត្រឹមព្រឹកថ្ងៃទី០៦ ធ្នូ ២០២០នេះ ។
នៅក្នុងសារជាសម្លេង ពិសេសក្រើនរំឮកដល់អភិបាលរាជធានី-ខេត្ត និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ឋទាំងអស់ដែលត្រូវបានគេផ្សព្វផ្សាយជាសាធារណៈនៅព្រឹកថ្ងៃអាទិត្យនេះ លោក ហ៊ុន សែន ក៍បានថ្លែងហាក់ទម្លាក់កំហុសមួយផ្នែកដល់អាជ្ញាធរមូលដ្ឋានក្នុងការចូលរួមជាមួយក្រសួងសុខាភិបាល សមត្ថកិច្ចពាក់ព័ន្ឋ និងប្រជាពលរដ្ឋ ក្នុងការទប់ស្កាត់ការរីករាលដាល់មេរោគកូវីដ១៩ ចូលក្នុងសហគមន៍«ការថ្លោះធ្លោយរបស់អាជ្ញាធរនៅមូលដ្ឋានខេត្ត ខណ្ឌ ស្រុក ក្រុង ភូមិ ឃុំ សង្កាត់ គឺជាការថ្លោះធ្លោយមួយដែលបណ្តាលឱ្យកើតមានរឿងឆ្លងតាមសហគមន៍នេះ មួយផ្នែកផងដែរ ។ ព្រោះអ្នកដែលចម្លងអាចមានលទ្ធភាពទៅចម្លង លុះត្រាតែមានលទ្ធភាពទៅកៀកជាមួយនឹងអ្នកដែលមិនមានជំងឺ ដូច្នេះហើយខ្ញុំស្នើអនុវត្តន៍ឱ្យបានម៉ត់ចត់ ម៉ឺងម៉ាត់ ជាមួយនឹងការអនុវត្តន៍នូវគម្លាតសង្គម គម្លាតសុវត្ថិភាព ដែលក្នុងណុងគឺគម្លាតពីបុគ្គលម្នាក់ ទៅកាន់បុគ្គលម្នាក់ បន្ថែមទៅដោយការពាក់ម៉ាក់»។
ក្រុមអ្នកតាមដានសង្គមមួយចំនួនបានលើកឡើងថា ប្រសិនបើអាជ្ញាធរដែនដីសំដៅដល់អភិបាលរាជធានី ខេត្ត ស្រុក ខណ្ឌ ធ្វេសប្រហែស ឬ ចន្លោះប្រហោងក្នុងការអនុវត្តសេចក្តីណែនាំដែលមានលក្ខណៈជាបទបញ្ជារបស់លោក ហ៊ុន សែន ខាងលើនេះ នោះអភិបាលរាជធានី ខេត្ត ស្រុក ខណ្ឌ អាចនឹងរបូតតំណែង បើទោះបីថាក្នុងសារជាសម្លេងរបស់លោកប្រមុខរាជរដ្ឋាភិបាលមិនមានការព្រមានដកមុខតំណែងនោះក្តី ។
យ៉ាងណា រង់ចាំតាមដានទាំងអស់គ្នាថាតើមានទេ អភិបាលរាជធានី ខេត្ត ស្រុក ខណ្ឌ ដែលត្រូវរបូតតំណែង ដោយសារតែការធ្វេសប្រហែសក្នុងការបំពេញតួនាទីរបស់ខ្លួន ពិសេសការអនុវត្តសេចក្តីណែនាំរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩ ចូលក្នុងសហគមន៍ ៕