កូវីដ១៩ ៖ រកឃើញ២នាក់ទៀតហើយ ម្នាក់នៅចាក់អង្រែលើនិងម្នាក់នៅបឹងទំពុន

អ្នក​ទាំង​២​នាក់​ដែល​ពាក់​ព័​ន្ឋ​ព្រឹត្តិការណ៍​«​សហគមន៍​២៨​វិច្ឆិកា​»​និង​ត្រូវ​បាន​ក្រសួងសុខាភិបាល​រក​ឃើញ​ឆ្លង​កូ​វី​ដ​១៩​នោះ គឺ​ឈ្មោះ អ៊ី តារា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​អាសយដ្ឋាន​ជិត​វត្ត​សន្សំ​កុសល សង្កាត់​បឹង​ទំពុន​ខណ្ឌមានជ័យ ជា​អ្នក​ធ្លាប់​ស្នាក់​នៅ​ជាមួយ​អ្នកជំងឺ ឈ្មោះ ញិ​ល សុខ​កូ​ឡា ដែល​ធ្វើការ​នៅ​ហាង Pedro ផ្លូវ​ព្រះ​មុនី​វង្ស និង​ម្នាក់​ទៀត ឈ្មោះ ជី ពេជ្រ​ឆា​រ៉ា ភេទ​ស្រី អាយុ​២៩​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ជា​មន្ត្រីរាជការ​នៅ​ក្រសួងមហាផ្ទៃ បាន​ចូល​ហាង Zando ដោយ​មិន​មានការ​ពាក់​ម៉ាស់​កាលពី​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៧ វិច្ឆិកា ២០២០ ។​

​បើ​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា គិត​ពី​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ដល់ ថ្ងៃ​ទី​០៦ ធ្នូ ឆ្នាំ​២០២០​នេះ ក្រសួងសុខាភិបាល បាន​ធ្វើតេស្ត​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍ «​សហគមន៍​២៨​វិច្ឆិកា​» សរុប​ចំនួន​១១៣០៥​សំណាក ដែល​នៅ​ក្នុង​ចំនួន​នេះ មាន​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ ថ្មី​ចំនួន ៣២​នាក់ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខ្មែរ​សូ​វៀត និង​មណ្ឌល​សុខភាព​ចាក់​អង្រែ​។​

​គិត​ត្រឹម​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​០៧ ធ្នូ​នេះ អ្នក​ឆ្លង​កូ​វី​ដ​១៩​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​បាន​កើន​សរុប​៣៤៨​នាក់​(​ស្រី​៨១​នាក់​) ក្នុង​នោះ​អ្នក​ព្យាបាល​ជា​សះស្បើយ​ចំនួន​៣០៦​នាក់​(​ស្រី​៦២​នាក់​) និង​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រុ​ស្ស៊ី​និង​មណ្ឌល​សុខភាព​ចាក់​អង្រែ​ក្រោម ចំនួន​៤២​នាក់​(​ស្រី​១៩​នាក់​)​។​

​នៅ​ថ្ងៃ​ចន្ទ​នេះ ក្រសួងសុខាភិបាល​ក៍បាន​ប្រកាស​អញ្ជើញ​ដល់​អ្នក​ប៉ះពាល់​ព្រឹត្តិការណ៍​«​សហគមន៍​២៨​វិច្ឆិកា​»​ទាំងអស់ ទៅ​ធ្វើតេស្ត​លើក​ទី​២ នៅ​ក្នុង​បរិវេណ​ទីស្តីការ​ក្រសួងមហាផ្ទៃ នា​ថ្ង​ទី​០៧ ធ្នូ​នេះ សម្រាប់​បុគ្គលិក​-​មន្ត្រីរាជការ​ស៊ី​វិល និង​នៅ​ថ្ងៃស្អែក ០៨ ធ្នូ ទៅ​ធ្វើតេស្ត​នៅ​ក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក សម្រាប់​ប្រជាពលរដ្ឋ ដែល​ជា​អ្នក​ប៉ះពាល់ និង​តាម​បណ្តា​មន្ទីរ​សុខាភិបាល​ខេត្ត (​ដែល​ទទួលខុសត្រូវ​ក្នុង​ការ​រៀបចំ​ទីកន្លែង​ដែល​ពេល​នោះ សម្រាប់​អ្នក​ប៉ះពាល់​នៅ​តាម​ខេត្ត​)៕