រាជធានីភ្នំពេញ ៖ (តេលេក្រាម)សារជាសំឡេង ផ្ញើជូនជ្រាបដល់កងកម្លាំងនគរបាលចរាចរណ៍នៅទូទាំងប្រទេស នាយឧត្ដមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចេញបទបញ្ជាយ៉ាងដាច់ណាត់ថា “មន្ត្រីនគរបាលចរាចរណ៍ទាំងអស់ មិនត្រូវដាក់បារ៉ាស់ស្ទាក់ហៅយានយន្ដ ដើម្បីត្រួតពិនិត្យរកមើលឯកសារជាដាច់ខាត ក្នុងករណីមិនមានបទល្មើសណាមួយនោះ លើកលែងតែក្នុងករណី មានបទល្មើសជាក់ស្តែង ដែលត្រូវបានស្នើសុំអោយជួយអន្ដរាគមន៍បន្ទាន់” ចំពោះបារ៉ាស់ សូមកុំដាក់លើផ្លូវបន្ដទៀត ក្នុងន័យនេះ គឺមិនមែនបញ្ឈប់ លែងអោយប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍នោះទេ ពោលគឺរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅដដែល ។
នៅម៉ោងជិត៤រសៀលថ្ងៃទី២៦ ឧសភា ២០២០នេះ នៅលើហ្វេសបុកផ្លូវការ ស្នងការនគរបាលរាជធានីភ្នំពេញ បានសរសេរថា « ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាដល់ស្នងការរាជធានី ខេត្ត តាមគ្រប់គោលដៅអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់ ត្រូវតែដកបារ៉ាស់ចេញទាំងអស់ ប៉ុន្តែការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍នេះ នៅតែបន្តអនុវត្តទាំងថ្ងៃ ទាំងយប់» ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៦ ឧសភា ២០២០នេះ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានធ្វើការព្រមានជាចុងក្រោយ ដល់ស្នងការរាជធានី-ខេត្តទាំងអស់ មិនត្រូវដាក់បារ៉ាស់ ដើម្បីស្ទាក់ចាប់រថយន្តបន្តទៀតនោះទេ! ខណៈដែលរថយន្តកំពុងធ្វើចរាចរណ៍ធម្មតាដោយពុំមានខុសនឹងបទល្មើសច្បាប់ចរាចរណ៍នោះ ។
ការព្រមានរបស់អគ្គស្នងការនគរបាលជាតិនេះ បន្ទាប់ពីមានប្រជាពលរដ្ឋនិងអ្នកធ្វើដំណើរខ្លះមានការថ្នាំងថ្នាក់នឹងនគរបាលចរាចរណ៍មួយចំនួន បានដាក់បារ៉ាស់នៅតាមផ្លូវ ដោយចាំស្ទាក់ចាប់រថយន្តធ្វើដំណើរតាមផ្លូវដោយយកលេសរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ខណៈដែល រថយន្តទាំងនោះ កំពុងធ្វើការបើកបរធម្មតានៅតាមដងផ្លូវនោះ និងមិនបានល្មើសលើបទល្មើសណាមួយនោះ ។
សូមរម្លឹកថា លោកនេត សាវឿន ព្រមានជាចុងក្រោយ ស្នងការទាំងអស់ ត្រូវដកបារ៉ាស់តាមផ្លូវឲ្យអស់ថ្ងៃនេះ ៕