រាជធានីភ្នំពេញ ៖ រថយន្តស៊េរីទំនើបថ្មីសន្លាងមួយគ្រឿងម៉ាកមែរសឺដែស បានបែកស្តុបម្ខាង និងមានស្នាមឆ្កូតផ្នែកខាងក្រោយអស់មួយចំនួនទៀត រងការខូចខាតយ៉ាងដំណំផងដែរ ខណៈដែលបុរសជនជាតិចិនម្នាក់កំពុងតែបើកបរធ្វើដំណើរមកដល់ចំណុចភ្លើងស្តុបពណ៌ក្រហម និងជាន់ហ្វ្រាំងឈប់ស្តុប ស្រាប់តែមានបុរសម្នាក់បើករ៉ឺម៉កម៉ូតូដឹកផ្លែដូងលក់មួយគ្រឿងធ្វើដំណើរមកពីក្រោយជាន់ហ្វ្រាំងមិនទាន់ក៏ជ្រុលបុករថយន្តពីក្រោយ ហើយភាគីខាងរថយន្តទារសំណងចំនួន៥ពាន់ដុល្លារ ប៉ុន្តែភាគីខាងបុរសបើករ៉ឺម៉កម៉ូតូដឹកដូងលក់សំពះអង្វរសុំសងត្រឹមតែ១ពាន់ដុល្លារ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ នៅចំណុចភ្លើងស្តុបស្ថានទូតរុស្ស៊ី ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ភាគីខាងរថយន្តស៊េរីទំនើបថ្មីសន្លាងមួយគ្រឿងខាងលើម៉ាកមែរសឺដែស ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ២AX-០៧៧៧ បើកបរដោយបុរសជនជាតិចិនម្នាក់ មិនស្គាល់អត្តសញ្ញាណ ។ ចំណែកភាគីខាងរ៉ឺម៉កម៉ូតូដឹកដូងលក់ បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ។
តាមប្រភពព័ត៌មានពីនគរបាលប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ រថយន្តស៊េរីទំនើបថ្មីសន្លាងមួយគ្រឿង បើកបរដោយបុរសជនជាតិចិនម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវព្រះសុធារស ក្នុងទិសដៅពីជើងទៅត្បូងរួមជាមួយនឹងយានយន្តជាច្រើនទៀតផងដែរ ។
តាមប្រភពដដែលបានបន្តថា លុះមកដល់ចំណុចស្តុបកើតហេតុខាងលើ ដោយភ្លើងស្តុបលោតពណ៌ក្រហម បុរសជនជាតិចិនជាអ្នកបើកបរក៏ជាន់ហ្វ្រាំងឈប់ ក៏ស្រាប់តែមានរ៉ឺម៉កម៉ូតូដឹកដូងលក់មួយគ្រឿងបើកមមកពីក្រោយស្របទិសគ្នាជាន់ហ្វ្រាំងមិនទាន់ក៏ជ្រុលបុកពីក្រោយ បណ្តាលអោយបែកស្តុបម្ខាង និងមានស្នាមឆ្កូតផ្នែកខាងក្រោយអស់មួយចំនួនទៀតផងដែរ។
តាមប្រភពដដែលបានប្រាប់បន្តទៀតថា ក្រោយពេលកើតហេតុ កម្លាំងមានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទន្លេបាសាក់ក៏បានចុះមកដល់ធ្វើការវាស់វែង រួចយករថយន្តស៊េរីទំនើបម៉ាកមែរសឺដែស និងរ៉ឺម៉កម៉ូតូដឹកដូងទៅដាក់លើចិញ្ចើមផ្លូវ ដើម្បីធ្វើការដោះស្រាយគ្នា ដោយភាគីខាងបុរសជនជាតិចិនទាមទារសំណងថ្លៃខូចខាតចំនួន៥ពាន់ដុល្លារ តែភាគីខាងបុរសជាអ្នកលក់ដូងមិនមានលទ្ធភាពសងឡើយ។
នៅពេលភាគីទាំង២កំពុងធ្វើការដោះស្រាយគ្នានោះ ដោយភាគីខាងបុរសជនជាតិចិនទារសំណងរហូតដល់ទៅចំនួន៥ពាន់ដុល្លារ ហើយបុរសជាអ្នកបើករ៉ឺម៉កម៉ូតូដឹកដូងលក់មិនមានលទ្ធភាពសងនោះទេ មានតែសំពះអង្វរអស់រយៈពេលជិតមួយម៉ោង ទើបភាគីខាងរថយន្តស៊េរីទំនើបយល់ព្រម បន្ទាប់មកបុរសជាអ្នកបើករ៉ឺម៉កម៉ូតូដឹកដូងបានសងលុយចំនួន១ពាន់ដុល្លារទៅអោយភាគីខាងរថយន្តស៊េរីទំនើប ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ៕ (កែសម្រួលដោយ ៖ ធីតា)