ខេត្តបន្ទាយមានជ័យ ៖ កម្លាំងសមត្ថកិច្ចចម្រុះបានចាប់ឃាត់រថយន្ត២គ្រឿងដឹកគ្រឿងក្នុងជ្រូកសរុប
ជិត១តោន ដែលឈ្មួញលួចនាំចូលពីប្រទេសថៃ កាលពីព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
អនុសេនីយ៍ឯក សរ សុភ័ក្ត្រា មេបញ្ជាការរងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា រថយន្តទាំង២គ្រឿងនេះ មួយគ្រឿងម៉ាកតូយ៉ូតាស៊ីណា ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ២AL-២៣៥៥ ម្ចាស់និងជាអ្នកបើកបរឈ្មោះ រិទ្ធី យ៉ា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅក្នុងសង្កាត់អូរឫស្សី ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ចំណែកមួយគ្រឿងទៀតម៉ាកតូយ៉ូតា ហាយឡែនឌ័រពណ៌មាស ពាក់ផ្លាកលេខ ភ្នំពេញ ២A-២៧២៨ ជារបស់ឈ្មោះ វង្ស សុខម៉ានីន ហៅដារ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិសំរោង ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ។
លោកមេបញ្ជាការរងថ្លែងថា កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត សហការជាមួយមន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាលក្រុងប៉ោយប៉ែត ធ្វើការស្រាវជ្រាវមុខសញ្ញានេះហើយក៏បានចាប់ឃាត់រថយន្តទាំង២គ្រឿង និងធ្វើការឆែកឆេររកឃើញគ្រឿងក្នុងជ្រូកមានថ្លើម ពោះវៀន ក្រពះ ខួរ និងស្លឹកត្រចៀកសរុបចំនួន១៦កេស ស្មើនឹង៨៤០គីឡូក្រាម ។ វត្ថុតាងទាំងអស់ ត្រូវបានបញ្ចូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ។
អនុសេនីយ៍ឯក សរ សុភ័ក្ត្រា បញ្ជាក់ថា នៅពេលសាកសួរម្ចាស់រថយន្តទាំង២នាក់ឆ្លើយថា គ្រឿងក្នុងជ្រូកនេះគាត់ស៊ីឈ្នួលដឹកឱ្យគេដែលឈ្មួញនាំចូលពីថៃក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ហើយជួលឱ្យដឹកទៅរាជធានីភ្នំពេញ ។ មន្ត្រីជំនាញអះអាងថា ការដឹកនេះគ្មានច្បាប់ទេហើយខុសបច្ចេកទេសទៀតបណ្តាលឱ្យខូចគុណភាព និងបានដាក់ថ្នាំការពារកុំឲ្យស្អុយដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ៕