កាលពីថ្ងៃទី២៣ ធ្នូ ២០២០ ទីស្តីការគណៈរដ្ឋមន្ត្រី បានសរសេរលិខិតជម្រាបជូនរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ, រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម និងរដ្ឋបាលរាជធានីភ្នំពេញ តាមរយៈលិខិតលេខ១០៩៩ សជណ.មយ អំពីការរៀបចំសាងសង់ទីបញ្ជាការស្រាលទំហំ២១,៧គុណនឹង៤២ម៉ែត្រកម្ពស់ ៣ជាន់ និងបំពាក់គ្រឿងបរិក្ខារចាំបាច់នានា នៅលើផ្ទៃដីទំហំ ១.៥៧១,១៨៩ម៉ែត្រក្រឡា របស់លោក លន់ ហាក់ និងអ្នកស្រី ឈុន ចាន់ធី ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ សម្រាប់ឱ្យកងកម្លាំងប្រើប្រាស់ ដើម្បីបំពេញការងារថែរក្សាសន្តិសុខ ការពារសុវត្ថិភាព ជូនថ្នាក់ដឹកនាំ នៅចំណុចគោលដៅទីស្តីការគណៈរដ្ឋមន្ត្រី។
បើតាមរស្មីកម្ពុជា នៅក្នុងលិខិតដែលចុះហត្ថលេខា ដោយលោក កែន សត្ថា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានសរសេរដោយយោងលិខិត ០៦៨/២០ លស.គ ចុះថ្ងៃទី១៤ខែធ្នូឆ្នាំ២០២០ របស់រដ្ឋបាល រាជធានីភ្នំពេញ ,លិខិតលេខ៦៥៤ខន /០២០ សជណចុះថ្ងៃទី១៧ខែធ្នូឆ្នាំ២០២០ របស់ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា,ចំណារដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១៦ខែធ្នូឆ្នាំ២០២០។
ក្នុងលិខិតបញ្ជាក់ថា ករណីខាងលើទីស្តីការគណៈរដ្ឋមន្ត្រី សូមជម្រាបជូនថា រាជរដ្ឋាភិបាលបានសម្រេចដូចខាងក្រោម ធ្វើប្រទានកម្មជូនលោក លន់ ហាក់ និងអ្នកស្រី ឈុន ចាន់ធី នូវផ្ទៃដីបឹងតាមោក(កប់ស្រូវ) ទំហំ២០(ម្ភៃ)ហិកតា ស្ថិតនៅសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដូចមានគំនូសប្លង់បង្ហាញទីតាំងភ្ជាប់ជាមួយដោយលោក លន់ ហាក់ និងអ្នកស្រី ឈុន ចាន់ធី ត្រូវប្រគល់ផ្ទៃដីកម្មសិទ្ធិទំហំ ១.៥៧១,១៨៩ ( មួយពាន់ប្រាំរយចិតសិបមួយក្បៀសមួយរយប៉ែត សិប ប្រាំបួន)ម៉ែត្រក្រឡា ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងចំណាយថវិកាបន្ថែម ដើម្បីសាងសង់អគារទីបញ្ជាការស្រាលទំហំ ២១,៧ ម៉ែត្រ គុណនឹង៤២ម៉ែត្រ កម្ពស់៣ជាន់ និងបំពាក់សម្ភារៈបរិក្ខារចាំបាច់នានា នៅលើទីតាំងខាងលើ ជូនរដ្ឋបាលរាជធានីភ្នំពេញ។
នៅក្នុងលិខិតបានបញ្ជាក់ទៀតថា លោក លន់ ហាក់ និង អ្នកស្រី ឈុន ចាន់ធី ត្រូវផ្ទេរកម្មសិទ្ធិដីទំហំ ១.៥៧១,១៨៩ម៉ែត្រក្រឡានេះ មកជាទ្រព្យសម្បត្តិរបស់រដ្ឋបាលរាជធានីភ្នំពេញ និងត្រូវធ្វើការសាងសង់អគារទីបញ្ជាការស្រាល ទំហំ ២១,៧ ម៉ែត្រគុណនឹង៤២ម៉ែត្រកម្ពស់៣ជាន់និងបំពាក់សម្ភារៈបរិក្ខារចាំបាច់ នានា នៅលើទីតាំងខាងលើជូនរដ្ឋបាលរាជធានីភ្នំពេញឱ្យបានរួចរាល់ជាស្ថាពរ ក្នុងរយៈពេល១៨(ដប់ប្រាំបី)ខែ ក្រោយពីទទួលបានគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាល។ ការផ្ទេរកម្មសិទ្ធិអចលនទ្រព្យទាំងអស់ខាងលើ ពន្ធ អាករនិងសេវាអន្តរ ក្រសួងនានាជាបន្ទុករបស់រដ្ឋ៕