ក្រុមអង្គការ-សមាគមចំនួន៦ អំពាវនាវទៅអាជ្ញាធរពាក់ព័ន្ធ ឱ្យទប់ស្កាត់ករណីក្រុមហ៊ុនវៀតណាមមួយរំលោភយកដីភ្នំដែលជាតំបន់វប្បធម៌ជនជាតិដើមភាគតិច ទំហំជាង៧០០ហិកតា នៅខេត្តរតនគិរី ដើម្បីរក្សាតំបន់នោះទុកឱ្យប្រជាពលរដ្ឋទូទៅបានប្រើប្រាស់ជាទីសក្ការបូជាតាមបែបជំនឿសាសនាបន្តទៀត។
អង្គការ-សមាគមចំនួន៦ បានចេញសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃម្សិលមិញ ដោយលើកឡើងថា ក្រុមហ៊ុន ហ៊ងអាន យ៉ាឡាយ (HAGL) ជាក្រុមហ៊ុនកសិពាណិជ្ជកម្មវៀតណាម បានបន្តកាយដីនៅភ្នំប៉ាទូ ដែលជាភ្នំអារក្សរបស់ជនជាតិដើមភាគតិច ស្ថិតក្នុងភូមិឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី បើទោះក្រុមហ៊ុននេះធ្លាប់បានធ្វើកិច្ចសន្យាជាមួយអាជ្ញាធរនិងប្រជាសហគមន៍ ឱ្យបញ្ឈប់សកម្មភាពកាយដី ដើម្បីរង់ចាំដំណោះស្រាយក៏ដោយ។
ក្រុមអង្គការទាំងនោះ បានគូសបញ្ជាក់ថា៖ «ភ្នំប៉ាទូ ជាកន្លែងទីសក្ការបូជាដ៏សំខាន់របស់សហគមន៍ជនជាតិដើមភាគតិច ១២ភូមិ នៅតំបន់នោះ។ ពួកគេថា តំបន់ទាំងនេះគឺជាផ្នែកមួយនៃផ្ទៃដីសរុបជាង ៧រយហិកតា [៧៤២,៦] ក្នុងចំណោមតំបន់ចំនួន៦៤កន្លែងផ្សេងគ្នា ដែលមានសារៈសំខាន់ខ្លាំងខាងវប្បធម៌ ដែលត្រូវបានកំណត់សម្រាប់ប្រគល់ជូនសហគមន៍ជនជាតិដើមភាគទាំង១២ភូមិវិញ តាមប្រកាសរបស់អភិបាលខេត្តរតនគិរី លោក ថង សាវុន។ ការប្រគល់ដីនេះ កំពុងរង់ចាំការសម្រេចពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ»។
នាយកប្រតិបត្តិស្តីទីអង្គការសមាគមខ្មែរលើ លោក ម៉ង វិចិត្រ និយាយថា ភ្នំប៉ាទូ ជាបណ្តុំសក្ការបូជារបស់ជនជាតិដើមភាគតិច ត្រូវបានក្រុមហ៊ុនវៀតណាមមួយនេះឈូសឆាយអស់ព្រៃនិងដីមួយចំនួនរួចទៅហើយ អំឡុងឆ្នាំ២០១០និង២០១១ ក្រោយពីក្រុមហ៊ុននេះទទួលបានដីសម្បទានសេដ្ឋកិច្ចទំហំ៤ម៉ឺន៧ពាន់ហិកតា ពីរដ្ឋាភិបាលសម្រាប់ដាំកៅស៊ូនៅតំបន់នោះ។
ប៉ុន្តែថា ដោយសារមានការតវ៉ាពីប្រជាសហគមន៍ នៅអំឡុងឆ្នាំ១០១៥ ក្រុមហ៊ុនបានចុះកិច្ចព្រមព្រៀងដោយរង់ចាំដំណោះស្រាយពីអាជ្ញាធរមូលដ្ឋានរបស់កម្ពុជា។
លោកថា៖ «មែនទែនទៅ ក្រុមហ៊ុនឈូសឡើងត្រងោលអស់ហើយហ្នឹង ប៉ុន្តែអ្វីដែលសហគមន៍យើងទាមទារជាតំបន់ភ្នំ បានន័យថា គាត់នឹងមានផែនការដាំដើមឈើឡើងវិញនៅតំបន់អារក្សរបស់គាត់»។
លោក តឹង ខាំ ជាជនជាតិដើមភាគតិចម្នាក់នៅតំបន់នេះ បាននិយាយថា ឆ្នាំ២០២០នេះ ក្រុមហ៊ុនវៀតណាម ហ៊ងអាន យ៉ាឡាយ ធ្វើសកម្មភាពឈូសឆាយដីតំបន់អារក្សនេះដល់ទៅពីរដង រំលោភលើកិច្ចសន្យា។ ប៉ុន្តែលោកថា បច្ចុប្បន្ននេះ ក្រុមហ៊ុនផ្អាកសកម្មភាពហើយ ក្រោយមានកិច្ចអន្តរាគមន៍ពីអាជ្ញាធរ។
លោកថា៖ «ទីតាំងតំបន់ហ្នឹង ភាគីក្រុមហ៊ុននិងអាជ្ញាធរខេត្តបានចុះទៅវាស់វែង ហើយគេឯកភាពគ្នាថា នឹងប្រគល់ដីហ្នឹងឱ្យទៅសហគមន៍វិញ។ តែឥលូវហ្នឹង ក្រុមហ៊ុនបែរជាទៅកាយភ្នំរំលោភបន្ថែមទៀត ធ្វើឱ្យប៉ះពាល់ព្រៃដីជំនឿរបស់គេ»។
នាយកប្រតិបត្តិអង្គការសមធម៌កម្ពុជា លោក អៀង វុទ្ធី ចាត់ទុកសកម្មភាពជីកយកដីព្រៃអារក្សរបស់ជនជាតិដើមភាគតិចជាថ្មីទៀតពីសំណាក់ក្រុមហ៊ុនវៀតណាមមួយនេះ ថាជាការរំលោភសិទ្ធិជនជាតិដើមភាគតិចផង និងរំលោភលើសមត្ថកិច្ចរបស់អាជ្ញាធរកម្ពុជាផង ដែលត្រូវមានវិធានការបន្ទាន់។
លោកថា៖ «ជាការងារបន្ទាន់ អាជ្ញាធរត្រូវបញ្ឈប់សកម្មភាពរបស់ក្រុមហ៊ុន កុំឱ្យមានការទប់អូរ ទាក់ទងនឹងបំផ្លាញព្រៃអារក្ស ត្រូវមានការជជែកគ្នាទៅមុខទៀត ហើយជាសមត្ថកិច្ចរបស់រដ្ឋ ត្រូវធ្វើយ៉ាងណាឱ្យក្រុមហ៊ុនប៉ះប៉ូវផលប៉ះពាល់របស់សហគមន៍»។
VOD មិនអាចទាក់ទងក្រុមហ៊ុន ហ៊ងអាន យ៉ាឡាយ បានទេ នៅល្ងាចថ្ងៃព្រហស្បតិ៍នេះ ខណៈអភិបាលខេត្តរតនគិរី លោក ថង សាវុន មិនលើកទូរសព្ទ។
ចំណែកអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា អះអាងថា មិនទាន់បានដឹងរឿងនេះនៅឡើយ។
ប៉ុន្តែបើតាមអង្គការសមាគមទាំង៦ និយាយក្នុងសេចក្តីថ្លែងការណ៍នេះថា តាមរយៈការសម្របសម្រួលពីអាជ្ញាធរកម្ពុជា កាលពីឆ្នាំ២០១៥ ក្រុមហ៊ុន ហ៊ងអាន យ៉ាឡាយ បានយល់ព្រមប្រគល់ដីនៅក្នុងតំបន់ដីសម្បទានរបស់ខ្លួនដែលជាកម្មសិទ្ធិរបស់សហគមន៍ជូនសហគមន៍វិញ ក្នុងនោះ មានភ្នំអារក្សចំនួន២០កន្លែង ទីបញ្ចុះសព២ន្លែង និងតំបន់ភ្នំប៉ាទូ ដែលជាបណ្តុំទីសក្ការបូជាពិធីបែបសាសនាទាំង៦៤កន្លែង៕
ប្រភព ៖ VOD