ខេត្តកំពង់ឆ្នាំង ៖ ពិតជាគួរឱ្យសង្វេគណាស់ បុរសពិការភ្នែកម្ខាង ដៃម្ខាង និងស្វីតជើងម្ខាង ដែលជាអតីតសេនាជនសម័យរដ្ឋកម្ពុជា ដែលសព្វថ្ងៃនេះបានប្រកបមុខរបរឡើងត្នោត ដើម្បីលក់ដូរចិញ្ចឹមជីវិត តែអកុសលកាលពីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ បានរងគ្រោះធ្លាក់ពី លើចុងត្នោតរងរបួសធ្ងន់ធ្ងរ ដោយសារតែកត្តាជីវភាពខ្វះខាត មិនហ៊ានទៅព្យាបាលនៅពេទ្យ សុខចិត្តដេកផ្ទះផឹកថ្នាំខ្មែរ ខណៈពេលនេះមិនទាន់ងើបពីកន្ទេលរួចនោះទេ។
លោក ឌុំ សាំង អាយុ៦០ឆ្នាំ បានរៀបរាប់ប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី២៥ ធ្នូ ២០២០ នេះថា បច្ចុប្បន្នរស់នៅក្នុងភូមិទ្រនាមទទឹង ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ហើយក្នុងពេលលោកធ្វើជាសេនាជនឃុំគោកបន្ទាយ ក្នុងអំឡុងឆ្នាំ១៩៨៥ លោកត្រូវបានចាត់តាំងឲ្យឡើង ទៅការពារផ្លូវដែកនៅស្រុកទឹកផុស ក្នុងពេលនោះបានប្រយុទ្ធជាមួយទាហានប៉ុលពត នៅចំណុចអូរល្ពៅ ក្នុងឃុំក្រាំងស្គារ និងបានរងរបួសចំនួន៣ដង ដោយដាច់ដៃខាងឆ្វេង ខ្វាក់ភ្នែកខាងស្ដាំ និងរបួសជើងខាងឆ្វេងធ្ងន់ធ្ងរទៀតផង ។
ក្រោយពេលបញ្ចប់សង្គ្រាម និងរបួសបានជាមក ដោយសារជីវភាព ក្រីក្រខ្វះខាត លោកក៏បានប្រកបមុខរបរឡើងត្នោតធ្វើស្ករលក់ ក្រោយមកដោយសារជីវភាពកាន់តែពិបាក និងពិបាកក្នុងការរងអុសមកធ្វើស្ករ គាត់បានដូរមកធ្វើទឹកត្នោតជូរលក់រយៈពេល១០ឆ្នាំមកហើយ ដោយមកដល់ពេលនេះ គឺលោកបានឡើងយកត្នោតជូរ ចំនួន៩ដើម និងទើបតែចេញទឹកបានប្រាំដើមតែប៉ុណ្ណោះ។ ក្នុងមួយថ្ងៃៗបានទឹកត្នោត១០បំពុង សម្រាប់លក់ដែលអាចរកចំណូលបានពី ១ម៉ឺនទៅ១ម៉ឺនប្រាំពាន់រៀល សម្រាប់ចិញ្ចឹមជីវិតប្រចាំថ្ងៃ ។
ប៉ុន្តែជាអកុសលអាក្រក់ នៅព្រឹកថ្ងៃទី២១ ធ្នូ ពេលគាត់ទៅឡើងត្នោតមួយដើម ដែលមានកំពស់ប្រមាណ១១ម៉ែត្រ បានវិលមុខធ្លាក់ពីលើចុងត្នោត នោះរងរបួសធ្ងន់ មកដល់ពេលនេះគាត់ក្រោកមិនរួចទេ គឺមានអាការឈឺក្នុងដើមទ្រូង ដកដង្ហើមមិនចង់រួច ឈឺខ្នង និងចង្កេះ ដោយសារគាត់ធ្លាក់ពីលើចុងត្នោតមក ប៉ះនឹងដើមជ្រៃ នៅពាក់កណ្ដាលដើម ហើយក៏ធ្លាក់បន្តមកដល់ដី ។
ភរិយារបស់លោក ឌុំសាំង ឈ្មោះ គឹម យឺន អាយុ៦០ឆ្នាំ បានរៀបរាប់ឲ្យដឹងថា ពួកគាត់មានកូនចំនួន៥នាក់ ប្រុស១នាក់ ហើយសព្វថ្ងៃកូនបែកចេញអស់ហើយ ទៅធ្វើកម្មករឆ្ងាយៗយូរៗ ទើបគេមកលេងកូនរបស់គេម្ដង សព្វថ្ងៃពួកគាត់កំពុងទទួលបន្ទុក ថែទាំចៅតូចៗចំនួន២នាក់ ។ ពេលប្ដីរបស់គាត់របួសធ្លាក់ពីលើចុងត្នោត គាត់មានលុយតិចតួចតែប៉ុណ្ណោះ ដោយបានចំណាយហៅគ្រូពេទ្យឯកជន មកព្យាបាលចាក់ថ្នាំនៅផ្ទះ តែមកដល់ពេលនេះអស់លទ្ធភាពហើយ គឺមានតែលើកដៃសំពះ សំណូមពរដល់សប្បុ រសជនជិតឆ្ងាយមេត្តាជួយសង្គ្រោះជីវិតប្ដីរបស់គាត់ផង ។ សប្បុរសជន ដែលមានបំណងចង់ជួយដល់លោកអ៊ំ ឌុំ សាំង អាចទាក់ទងលេខទូរស័ព្ទ 081 539 052 ៕